រំភើបណាស់! ក្រុមហ៊ុនបរទេសមួយ បោះពុម្ពផ្សាយសៀវភៅបង្ហាញម៉ូដ ដែលបានជួយផ្សាយពីប្រាង្គប្រាសាទខ្មែរ និងបានចែកចាយតាមបណ្តាប្រទេសជាច្រើន
យោងតាមបណ្តាញសង្គមផ្ទាល់ខ្លួនរបស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាននៅយប់ថ្ងៃទី២៧កុម្ភៈនេះ បានអោយដឹងថាក្រុមហ៊ុន Stefano Ricci បានបោះពុម្ពផ្សាយសៀវភៅបង្ហាញម៉ូដ ដែលបានជួយផ្សាយពីប្រាង្គប្រាសាទខ្មែរដោយបានចែកចាយនៅតាមបណ្តាប្រទេសជាច្រើន។

ការបញ្ជាក់នេះបានធ្វើឡើង ខណៈលោក Niccolo Ricci បានយកសៀវភៅនោះមកបង្ហាញឯកឧត្តមនៅក្រសួងព័ត៌មាន។
ឯកឧត្តម នេត្រ ភក្ត្រា បានសរសេរ ដោយបានរំលឹកថា «ខ្ញុំបានជួបពិភាក្សាជាមួយលោក Niccolo Ricci នាយកប្រតិបត្តិក្រុមហ៊ុន Stefano Ricci និងអ្នកឧកញ៉ា សំអាង វឌ្ឍនៈ អំឡុងគាត់មកបំពេញការងារនៅកម្ពុជា ជាមួយក្រុមការងាររបស់គាត់លើការថតបង្ហាញម៉ូដ»។ ឥឡូវនេះ កិច្ចការរបស់គាត់បានចេញជារូបរាង និងបានបោះពុម្ពផ្សាយចែកចាយនៅតាមបណ្តាប្រទេសជាច្រើន។
យោងតាមតំណរនៃសៀវភៅបង្ហាញម៉ូដនេះ បានអោយដឹងថា សៀវភៅបង្ហាញម៉ូដ ដែលមានឈ្មោះថា
«STEFANO RICCI EXPORER»
«Mission Cambodia»
«Spring/Summer 2025»
នេះ មានចំនួន៧៤ទំព័រ ដោយបានរំលេចរូបភាពប្រាសាទអង្គរវត្ត ប្រាសាទបាយន្ត ប្រាសាទព្រះខ័ន ប្រាសាទតាព្រហ្ម រូបរបាំអប្សរា និងសត្វដំរី។
ឯកឧត្តម នេត្រ ភក្ត្រា បានសរសេរទៀតថា ក្នុងសម័យសង្គ្រាម គេស្គាល់កម្ពុជាពេលឮថា «វាលពិឃាត» ខ្មែរក្រហម ប៉ុន្តែក្នុងសម័យតេជោសន្តិភាព កម្ពុជាល្បឺរន្ទឺជាប្រទេសនៃស្នាមញញឹម និងពោរពេញដោយសក្តានុពលទេសចរណ៍ សម្បូណ៌ដោយបេតិកភណ្ឌពិភពលោក និងជាទិសដៅដែលគេចង់មកទស្សនា៕ ប្រភព៖ ក្រសួងព័ត៌មាន








