Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ឧបនាយករដ្ឋមន្រ្តី ស សុខា ណែនាំអគ្គស្នងការដ្ឋាននគរបាលជាតិ អនុវត្តវិធានការឱ្យបានតឹងរឹង លើក្រុមរថយន្តដឹកអ្នកដំណើរតាមផ្លូវជាតិលេខ១ ដែលអាចបង្កជាគ្រោះថ្នាក់

    BY Liny Chan February 28, 2025
    ឧបនាយករដ្ឋមន្រ្តី ស សុខា ណែនាំអគ្គស្នងការដ្ឋាននគរបាលជាតិ អនុវត្តវិធានការឱ្យបានតឹងរឹង លើក្រុមរថយន្តដឹកអ្នកដំណើរតាមផ្លូវជាតិលេខ១ ដែលអាចបង្កជាគ្រោះថ្នាក់

    (ភ្នំពេញ)៖ លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានចំណារណែនាំឱ្យអគ្គស្នងការដ្ឋាននគរបាលជាតិ ត្រៀមអនុវត្តវិធានការមួយចំនួន ដើម្បីបង្ការ ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍​តាមបណ្ដោយផ្លូវជាតិលេខ១ ពីរាជធានីភ្នំពេញ ទៅព្រំដែនកម្ពុជា-វៀតណាម ដោយផ្តោតលើរថយន្តដឹកអ្នកដំណើរទៅមក ភ្នំពេញ-វៀតណាម។

    ថ្លែងប្រាប់បណ្តាញសារព័ត៌មាន Fresh News នារសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥នេះ លោក រ៉េន រតនៈ ជំនួយការនិងជាអ្នកនាំពាក្យលោកអភិសន្ដិបណ្ឌិត ស សុខា បានបញ្ជាក់ថា ចំណារណែនាំពី​ប្រមុខ​ក្រសួងមហាផ្ទៃ បានធ្វើឡើងបន្ទាប់ពីការសង្កេតឃើញថា រថយន្តដឹកអ្នកដំណើរទៅមក ភ្នំពេញ-វៀតណាម មួយចំនួន ទទួលរងការរិះគន់ និងមានការបង្ហាញក្ដីបារម្ភពីសំណាក់ប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវ និងពលរដ្ឋរស់នៅតាមបណ្ដាផ្លូវជាតិលេខ១ អំពីបើកបរលើសល្បឿនកំណត់ វ៉ាជែងគ្នា ដែលបង្កជាហានិភ័យ និងបណ្ដាលឱ្យមានគ្រោះថ្នាក់ជាញឹកញាប់។

    លោក រ៉េន រតនៈ បានបញ្ជាក់ដូចនេះទៀតថា «កត្ដាដែលនាំឱ្យកើតមានបញ្ហានេះ ជាអាទិ៍មានអ្នកបើកបរគ្មានវិជ្ជាជីវៈ មិនគោរពច្បាប់ និងអ្នកបើកបរប្រញាប់ដឹកអ្នកដំណើរឱ្យទាន់ពេលកំណត់»

    សូមបញ្ជាក់ដែរ កន្លងមកមិនថាតែប្រជាពលរដ្ឋទូទៅនោះទេ សូម្បីតែព្រះសង្ឃ ក៏បានផ្សព្វផ្សាយ និងមានសង្ឃដីកា ស្នើឱ្យក្រសួងមហាផ្ទៃចាត់វិធានការលើបញ្ហានេះ ដើម្បីធានាសុវត្ថិភាពចរាចរណ៍តាមដងផ្លូវ ជាពិសេសគឺផ្លូវជាតិលេខ១ ដែលមានសភាពតូច និងមានការធ្វើចរាចរណ៍ច្រើន និងដើម្បីផ្ដល់ភាពកក់ក្ដៅដល់ភ្ញៀវទេសចរវៀតណាម និងភ្ញៀវអន្តរជាតិផ្សេងទៀត ដែលធ្វើដំណើរមកលេងកម្សាន្តនៅកម្ពុជាតាមផ្លូវគោក៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    Share This Post: