ព័ត៌មានជាតិ March 2, 2025

២ខែដើមឆ្នាំនេះ ភ្ញៀវទេសចរបរទេសជិត ២៨ម៉ឺននាក់ទិញសំបុត្រចូលទស្សនាអង្គរ, ប្រាសាទកោះកេរ និងកំពង់ផែចុងឃ្នៀស ទទួលបានចំណូលជាង ១៣លានដុល្លារ កើនជាង១៧%

Nisaiy KP

(ភ្នំពេញ)៖ រយៈពេល ២ខែដើមឆ្នាំ២០២៥ គ្រឹះស្ថានអង្គរទទួលបានប្រាក់ចំណូលចំនួន ១៣ ១៦៧ ៧៧៨ដុល្លារ ពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ប្រាសាទកោះកេរ និងកំពង់ផែចុងឃ្នៀស ជូនភ្ញៀវទេសចរបរទេសចំនួន ២៧៩ ៦០៤នាក់។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរ ដែលបណ្ដាញព័ត៌មាន ទទួលបាននាថ្ងៃទី២ ខែមីនា ឆ្នាំ២០២៥នេះ។

បើតាមសេចក្ដីប្រកាសព័ត៌មានដដែល ប្រាក់ចំណូលដែលទទួលបានចំនួន ១៣,១៦៧,៧៧៨ដុល្លារ ក្នុងរយៈពេល២ខែដើមឆ្នាំនេះ គឺកើនឡើង១៧.២១ភាគរយ បើប្រៀបធៀបរយៈដូចគ្នានឹងឆ្នាំ២០២៤។

បើតាមគ្រឹះស្ថានអង្គរ ប្រាក់ចំណូលចំនួន ៥៥៩,២០៨ដុល្លារ ត្រូវបានឧបត្ថម្ភដល់មូលនិធិគន្ធបុប្ផាកម្ពុជា គិតត្រឹមរយៈពេល២ខែដូចគ្នា។​

ជាមួយគ្នានេះ រយៈពេល២ខែដើមឆ្នាំ២០២៥ដូចគ្នា គ្រឹះស្ថានអង្គរទទួលបបានចំណូលពីការលក់សំបុត្រ នៅប្រាសាទបេងមាលាចំនួន ៣៧,១១០ដុល្លារ ភ្នំក្បាលស្ពាន ១,៦៩០ដុល្លារ និងចំណូលពីលក់សំបុត្រទូក ២៤០,១៤៣ដុល្លារផងដែរ៕ ផ្ដល់សិទ្ធិដោយ៖ Freshnews