សិលាចារឹក និងតោថ្ម ព្រមទាំងវត្ថុបុរាណ នៅវត្ត «សម្បូររង្សី» មានអាយុកាលជាង១៦០០ឆ្នាំហើយ
(វៀតណាម)៖ សិលាចារឹក និងតោថ្ម នេះគឺជាវត្ថុដែលមានអាយុកាលចាស់ជាងគេ នៅក្នុងចំណោមវត្ថុបុរាណដែលនៅសេសសល់ក្នុងវត្ត «សម្បូរណ៍រង្សី» ដែលមានយុកាលជាង ១៦០០ឆ្នាំ និងកសាងឡើងនៅឆ្នាំ៣៧៣ នៃគ.ស ពោលគឺមានអាយុច្រើនជាងប្រាសាទអង្គរវត្តទៅទៀត។ បច្ចុប្បន្នអារាមមួយនេះស្ថិតនៅក្នុងភូមិ តាខាវ (សម្បូរណ៍) ឃុំហ្វាអឹង (ក្រសាំង) ស្រុកកូវកែ (កំពង់ស្ពាន) ខេត្តត្រាវិញ (ព្រះត្រពាំង) បច្ចុប្បន្នមានព្រះតេជគុណ ថាច់ យ៉ឿង ជាព្រះគ្រូចៅអធិការវត្ត។ ក្រុមការងារបណ្ដាញព័ត៌មាន Fresh News បានចុះទៅយកព័ត៌មានដោយផ្ទាល់ អំពីប្រវត្តិនៃវត្តបុរាណនេះ។

សិលាចារឹកដែលបម្សល់ទុកនៅវត្តបុរាណនេះបានសរសេរភាសាសំស្រឹ្កត ថា៖ «ភោគីន្រ្ទាស្យសហស្រនិ្សតចលជ្ជិហ្មាតទិច្ចុម្វិត» ត្រូវបានលោក ហ្សក ស៊ីដែស បកប្រែជាភាសាបារាំង ហើយលោកសាស្រ្តាចារ្យ អាំង ជូនលាន ប្រែសម្រួលជាភាសាខ្មែរថា៖ «ដោយមានពន្លឺបត់បែនចេញពីមាត់ទាំង១ពាន់ នៃស្ដេចនាគ មកបបោសអង្អែល»។
យោងតាមខ្លឹមសារនៃសិលាចារឹកខាងលើនេះ គឺមានស្ដេចនាគទាំងមួយពាន់ ដែលខ្មែរយើងធ្លាប់បានគោរពបូជាតាំងពីបុរាណមកនោះ បានបញ្ចេញនូវបន្លឺយ៉ាងចញ្ចាចមកបបោសអង្អែលថែរក្សាពុទ្ធបរិស័ទទាំងអស់ដែលនៅក្នុងភូមិស្រុកនេះ ទើបអារាមនេះមានឈ្មោះថា «សម្បូររង្សី» គឺសម្បូរណ៍ពន្លឺ។ ដូច្នេះសិលាចារឹក គឺជាដួងព្រលឹងរបស់វត្ត ដែលមិនអាចបាត់បង់បានឡើយ។ អ្នកដែលចូលរួមថែរក្សា នឹងទទួលបានការប្រទានពរពីស្ដេចនាគ ជាក់ជាមិនខាន៕ ផ្ដល់សិទ្ធិដោយ៖ Fresh News



























