ព័ត៌មានជាតិ March 10, 2025

ឆ្លើយសំណួរសម្ដេចមហាបវរធិបតី, កម្មការិនី ថ្លែងថា ប្រើបណ្ណ ប.ស.ស មានភាពងាយស្រួល និងគ្រូពេទ្យរួសរាយរាក់ទាក់ មិនមានការរើសអើង

Liny Chan

(ភ្នំពេញ)៖ ឆ្លើយតបជាមួយសំណួររបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ពាក់ព័ន្ធជាមួយអ្នកកាន់បណ្ណបេឡាជាតិរបបសន្ដិសុខសង្គម (ប.ស.ស) ទៅទទួលសេវានៅតាមមណ្ឌលសុខភាពនោះ, កម្មការិនីរោងចក្រ បានអះអាងថា អ្នកប្រើប្រាស់បណ្ណ ប.ស.ស គឺមានភាពងាយស្រួល ហើយសេវានៅតាមមណ្ឌលសុខភាព ក៏មានភាពល្អប្រសើរ គ្រូពេទ្យក៏មានភាពរួសរ៉ាយរាក់ទាក់។

សារឆ្លើយឆ្លងគ្នារវាងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាមួយកម្មករ កម្មការិនី ត្រូវបានធ្វើឡើងនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥នេះ ក្នុងឱកាសសម្ដេចអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ ទារកដ្ឋានរោងចក្រកាត់ដេរម៉ាវ៉ល ស្ថិតនៅតំបន់សេដ្ឋ​កិច្ច​ពិសេសរ៉ូយ៉ាល់គ្រុបភ្នំពេញ ហើយសម្ដេចក៏បានអង្គុយធ្វើការជួបសំណេះសំណាលប្រកបដោយភាពស្និតស្នាលជាមួយកម្មករ កម្មការិនី និងអ្នកមើលថែទាំកុមារនៅទីនោះ។

ក្រៅពីសំណេះសំណាលអំពីស្ថានភាពគ្រួសារ ស្ថានភាពប្រាក់ចំណូល និងការយកចិត្តទុកដាក់របស់ថៅកែនិយោជកហើយនោះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានលើកឡើងអំពីអត្ថប្រយោជន៍ជាច្រើនរបស់បេឡាជាតិរបបសន្ដិសុខសង្គម ដែលជាការផ្ដល់ជូនពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ភ្ជាប់ជាមួយចង់ដឹងថា តើនៅពេលកម្មករ កម្មការិនី កាន់បណ្ណប.ស.ស ទៅទទួលសេវានៅតាមមណ្ឌលសុខភាពនាពេលបច្ចុប្បន្ននេះ មានស្ថានភាពយ៉ាងណាដែរ?

ឆ្លើយដោយមិនស្ទាក់ស្ទើរឡើង កម្មការិនីដែលជាសមាជិកបេឡាជាតិរបបសន្ដិសុខសង្គម បានអះអាងថា ខ្លួនគាត់ផ្ទាល់ និងកម្មករ កម្មការិនីដទៃទៀត ពិតជាមានភាពងាយស្រួលក្នុងការប្រើប្រាស់ បណ្ណ ប.ស.ស ដោយមិនចាំបាច់ចំណាយថវិកាផ្ទាល់ខ្លួននៅពេលទៅពិនិត្យសុខភាព ឬព្យាបាលជំងឺនៅតាមមណ្ឌលសុខភាព និងដៃគូរបស់ប.ស.ស។ បន្ថែមពីការមិនចំណាយប្រាក់ហើយនោះ ចំពោះអ្នកទៅពិនិត្យផ្ទៃពោះ ហើយសម្រាលកូន គឺទទួលបានការឧបត្ថម្ភពីរាជរដ្ឋាភិបាលថែមទៀតផង រហូតតាំងពីកូនចាប់កំណើតនៅក្នុងផ្ទៃ ដល់ក្រោមសម្រាល។

កម្មការិនីក្នុងឯកសណ្ឋានបម្រើការរោងចក្រ បានកាន់ក្បាលមេក្រូឆ្លើយតបជាមួយសម្ដេចយ៉ាងដូច្នេះថា «អត់ផងសម្ដេច! នៅពេលទៅពួកគាត់ (គ្រូពេទ្យ) រួសរ៉ាយរាក់ទាក់ និងទទួលស្វាគមន៍បានល្អ សម្ដីក៏ពួកគាត់និយាយល្អជាមួយដែរ។ ពួកគាត់អត់គិតថា អ្នកកាន់ប.ស.សនោះទេ គឺនៅពេលទៅដល់ពួកគាត់យកកាតទៅធ្វើឯកសារឲ្យ និងណែនាំយើងបានល្អ»

បើទោះបីកម្មការិនី ដែលឆ្លើយតបជាមួយសម្ដេចមិនមានបញ្ហាក្ដី ប៉ុន្ដែសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា កន្លងទៅសម្ដេចបានណែនាំដល់ក្រសួងសុខាភិបាល ត្រូវធ្វើយ៉ាងណាពង្រឹងគុណភាពក្នុងការផ្ដល់សេវាសុខាភិបាលនៅតាមមណ្ឌលសុខភាព ឬមន្ទីរពេទ្យដោយគ្មានការរើសអើង។ សម្ដេចទទួលស្គាល់ថា កន្លងទៅមានកន្លែងខ្លះឆកល្វែងដោយអន្លើរ ក្នុងការផ្ដល់សេវាប្រាកដមែន ដូច្នេះសម្ដេចបានណែនាំបន្ថែមទៀតឲ្យបន្ដយកចិត្តទុកដាក់លើការងារនេះ។

គិតត្រឹមដំណាច់ឆ្នាំ២០២៤ ស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ដែលមកពីគ្រួសារក្រីក្រមានបណ្ណសមធម៌ និង សមាជិក ប.ស.ស. មានចំនួនសរុបប្រមាណ១,១លាននាក់ កំពុងទទួលបានប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាល តាមរយៈកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ ឆ្នាំ ដែលគោលការណ៍នេះបង្ហាញថា វិសាលភាពនៃការគ្របដណ្តប់របស់ប្រព័ន្ធគាំពារសង្គមនៅកម្ពុជា មានការកើនឡើងមួយកម្រិតទៀត។

សូមជម្រាបថា ប្រមុខរាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ខ្ពស់ ដល់ប្រជាពលរដ្ឋទាំងអស់នៅក្នុងប្រទេសកម្ពុជា ក្នុងការផ្តល់សេវាធានារ៉ាប់រងសុខុមាលភាព និងជីវភាព លើផ្នែកហានិភ័យការងារ ផ្នែកថែទាំសុខភាព ផ្នែកប្រាក់សោធន និងផ្នែកនិកម្មភាពការងារ តាមរយៈការចូលជាសមាជិក ប.ស.ស. ដែលបានទទួលនូវអត្ថប្រយោជន៍ ជាច្រើនពី ប.ស.ស. ។ ក្នុងនោះបុគ្គលិកវិស័យឯកជន ក៏អាចទទួលអត្ថប្រយោជន៍ទៅលើផ្នែកហានិភ័យការងារ ដូចបុគ្គលិកវិស័យសាធារណៈដែរ។

អត្ថប្រយោជន៍នៃបេឡាជាតិរបបសន្ដិសុខសង្គម រួមមាន៖

* ធានាកម្រិតជីវភាពគ្រួសាររបស់បុគ្គលត្រូវគាំពារ (បុគ្គលនៃវិស័យសាធារណៈ បុគ្គលទាំងឡា​យ​ដែលស្ថិតក្រោមបទប្បញ្ញតិ្ត នៃច្បាប់ស្តីពីការងារ ដោយរួមបញ្ចូលទាំងបុគ្គលិកធ្វើការតាមផ្លូវអាកាស និងនាវាសមុទ្រ ព្រមទាំងអ្នកបម្រើក្នុងផ្ទះ និងបុគ្គលស្វ័យនិយោជន៍) នៅពេលដែលរងហានិភ័យនានា
* លើកកម្ពស់គុណភាពបរិមាណផលិតផលសហគ្រាស តាមរយៈការជឿជាក់លើការងារ
* រួមចំណែកលើកកម្ពស់សុខុមាលភាពដល់បុគ្គលត្រូវគាំពារតាមរយៈការចូលរួមភាគទានសង្គ​ម
* លើកស្ទួយសមធម៌ សាមគ្គីធម៌ និងយុត្តិធម៌ ក្នុងសង្គមតាមរយៈការរំលែកហានិភ័យ
* ធានាសិទ្ធិជាមូលដ្ឋានរបស់មនុស្សជាតិ ពិសេសបុគ្គលដែលមានមានចែងក្នុងច្បាប់ស្តីពីរបបសន្តិសុខសង្គម
* បុគ្គលដែលជាសមាជិក ប.ស.ស. មានក្ដីសង្ឃឹមលើការងារទាំងក្នុងវិស័យសាធារណៈ និងវិស័យ ឯកជ​​ន ព្រមទាំងបុគ្គលស្វ័យនិយោជន៍ ដោយពួកគេយល់ថា នឹងទទួលបាននូវការធានារ៉ាប់រង នៅពេល​ជួបហានិភ័យសង្គមនានា
* ធ្វើឲ្យមានសុខដុមរមនាក្នុងសង្គម ពិសេសរវាងកម្មករនិយោជិត និ​ងនិយោជក
* ចូលរួមការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ តាមរយៈការវិនិយោគថវិកាដែលនៅសល់ពីការប្រើប្រាស់សម្រាប់តាវកាលិក
* ចូលរួមចំណែកកសាងនីតិរដ្ឋ ព្រមទាំងលើកស្ទួយកម្មវិធីកំណែទម្រង់នយោបាយរបស់រាជរដ្ឋាភិបាល ​ក្នុងការកាត់បន្ថយភាពក្រីក្រ
* រួមចំណែកក្នុងការអនុវត្តគោលនយោបាយ​ យុទ្ធសាស្រ្ដចតុកោណដំណាក់កាលទី៤ ដែលមានចែងក្នុងចតុកោណទី១ មុំទី៤ ទទួលបានជោគជ័យតាមការកំណត់
* និយោជកបានបំពេញកាតព្វកិច្ច ដោយចែករំលែក តាមរយៈការបង់ភាគទានសម្រា​ប់​របបសន្ដិសុខសង្គម
* បញ្ជាក់ឲ្យឃើញនូវការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាល ក្នុងការធានានិរន្ដរភាពដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋទាំងបច្ចុប្បន្នក៏ដូចជានាពេលអនាគត៕ ផ្ដល់សិទ្ធិដោយ៖ Fresh News