កម្ពុជានាំចេញអង្ករជាង ១៣ម៉ឺនតោន និងនាំចេញស្រូវ ១.៣៩លានតោន បានចំណូលជាង ៤០០លានដុល្លារ នៅ ២ខែដំបូងឆ្នាំនេះ
(ភ្នំពេញ)៖ ក្នុងរយៈពេល ២ខែដំបូង នៃឆ្នាំ២០២៥ កម្ពុជាបាននាំចេញអង្ករបានចំនួន ១៣៥ ០៧៤តោន បានចំណូល១០៦លានដុល្លារ ខណៈនាំចេញស្រូវ១.៣៩លានតោន បានចំណូល ៣១៣លានដុល្លារ។ នេះបើតាមតួលេខរបស់សហព័ន្ធស្រូវអង្ករកម្ពុជា។

ការនាំចេញអង្ករជាង១៣ម៉ឺនតោនេះ តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៤៤ ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន ៥១ ដែលក្នុងនោះទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន២៥ បានបរិមាណអង្ករចំនួន ៧៣ ០៤៨ តោន គិតជាទឹកប្រាក់ចំនួន ៥៨.៥៣ លានដុល្លារសហរដ្ឋអាមេរិក ទៅកាន់ប្រទេសចិន និងហុងកុងចំនួន ១៦ ៥០០តោន គិតជាទឹកប្រាក់ចំនួន ១០.៤៧ លានដុល្លារសហរដ្ឋអាមេរិក ទៅកាន់ប្រទេសក្នុងអាស៊ានចំនួន ៤ប្រទេសបានបរិមាណចំនួន ២៣ ២៩៧ តោន គិតជាទឹកប្រាក់ចំនួន ១៦.៦៦ លានដុល្លារសហរដ្ឋអាមេរិក និងទៅកាន់គោលដៅ ២០ ប្រទេសផ្សេងទៀតមានអាហ្វ្រិក មជ្ឈឹមបូព៌ា អាមេរិក កាណាដា អូស្ត្រាលី ញ៉ូហ្សេឡេន ។ល។ បានចំនួន ២២ ២២៩ តោន គិតជាទឹកប្រាក់ចំនួន ១៩.៨៧ លានដុល្លារសហរដ្ឋអាមេរិក។
ចំពោះប្រភេទអង្ករ បាននាំចេញអង្ករក្រអូបចំនួន ៨៦.០៣% ប្រភេទអង្ករស ធម្មតា ៨.៦៥% អង្ករចំហ៊ុយ ២.៩៩% អង្ករសរីរាង្គចំនួន ១.៨៧% និងអង្ករផ្សេងៗចំនួន ០.៤៦% ។
ប្រទេសកម្ពុជាក៏បាននាំចេញស្រូវចំនួន ១ ៣៩២ ១១៥ តោនស្រូវសើម ដែលគិតជាទឹកប្រាក់បានប្រមាណ ៣១៣.២២ លានដុល្លារសហរដ្ឋអាមេរិក ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News


