Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    នៅសល់តែ ១៨ថ្ងៃទៀតប៉ុណ្ណោះ ការប្រកាស និងបង់ប្រាក់ពន្ធលើប្រាក់ចំណូល ពន្ធប៉ាតង់ និងពន្ធលើផ្ទាំងផ្សព្វផ្សាយ នឹងត្រូវផុតកំណត់

    BY Liny Chan March 13, 2025
    នៅសល់តែ ១៨ថ្ងៃទៀតប៉ុណ្ណោះ ការប្រកាស និងបង់ប្រាក់ពន្ធលើប្រាក់ចំណូល ពន្ធប៉ាតង់ និងពន្ធលើផ្ទាំងផ្សព្វផ្សាយ នឹងត្រូវផុតកំណត់

    (ភ្នំពេញ)៖ ពន្ធលើប្រាក់ចំណូល ពន្ធប៉ាតង់ និងពន្ធលើផ្ទាំងផ្សព្វផ្សាយ ជាប្រភេទពន្ធប្រចាំឆ្នាំ ដែលអ្នកជាប់ពន្ធមានកាតព្វកិច្ចប្រកាស និងបង់ប្រាក់ពន្ធ ចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣១ ខែមីនា នៃឆ្នាំជាប់ពន្ធនីមួយៗ ដូច្នេះសម្រាប់ឆ្នាំ២០២៥ អ្នកជាប់ពន្ធនៅមានពេល ១៨ថ្ងៃ ទៀតប៉ុណ្ណោះក្នុងការប្រកាសនិងបង់ប្រាក់ពន្ធប្រចាំឆ្នាំទាំង ៣ ប្រភេទនេះ។

    អ្នកជាប់ពន្ធដែលខកខាន មិនបានបំពេញកាតព្វកិច្ចទាន់ពេលវេលា ប្រឈមនឹងការទទួលរងនូវទណ្ឌកម្មរដ្ឋបាលស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ស្តីពីពន្ធដារជាធរមាន។

    អ្នកជាប់ពន្ធ អាចប្រកាសនិងបង់ប្រាក់ពន្ធលើប្រាក់ចំណូល ពន្ធប៉ាតង់ និងពន្ធលើផ្ទាំងផ្សព្វផ្សាយ តាមប្រព័ន្ធអនឡាញ ដោយមិនតម្រូវឱ្យអ្នកជាប់ពន្ធ ចំណាយពេលវេលាមកផ្ទាល់ នៅរដ្ឋបាលសារពើពន្ធនោះទេ ក្នុងនោះ ពន្ធលើប្រាក់ចំណូល អ្នកជាប់ពន្ធអាចប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងការដាក់ លិខិតប្រកាសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ (Tol e-Filing) សម្រាប់អ្នកជាប់ពន្ធមធ្យមនិងធំ និងកម្មវិធីប្រកាសពន្ធអាជីវកម្មសម្រាប់ អ្នកជាប់ពន្ធតូច (GDT Tax Prefiling App)។

    ពន្ធប៉ាតង់ អ្នកជាប់ពន្ធអាចប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងបង់ប្រាក់ពន្ធតាមអនឡាញ (e-Payment) ព្រមទាំងអាចបោះពុម្ពបណ្ណពន្ធប៉ាតង់បានដោយខ្លួនឯង ដោយឡែក ពន្ធលើផ្ទាំងផ្សព្វផ្សាយ អ្នកជាប់ពន្ធអាចប្រកាសនិងបង់ប្រាក់ពន្ធបាន តាមកម្មវិធីទូរស័ព្ទដៃអ្នកជាប់ពន្ធ (GDT Taxpayer App)៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    Share This Post: