ព័ត៌មានជាតិ March 13, 2025

អគ្គនាយកដ្ឋានគយ ជូនដំណឹងពីការបញ្ចប់វិធានការ ហាមឃាត់ការនាំចូលជាបណ្តោះអាសន្ន នូវគ្រឿងក្នុង និងបំណែកសាច់សត្វបង្កក

Liny Chan

(ភ្នំពេញ)៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានចេញសេចក្តីជូនដំណឹង ស្តីពី ការបញ្ចប់វិធានការ ហាមឃាត់ការនាំចូលជាបណ្តោះអាសន្ន គ្រឿងក្នុង និងបំណែកសាច់សត្វបង្កក។ នេះបើតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៣ ខែមីនា​ ឆ្នាំ២០២៥។

រូបតំណាង

សេចក្ដីជូនដំណឹងបានឲ្យដឹងថា អនុលោមតាមខ្លឹមសារលិខិតលេខ ០៧៤៤ ព.ណ ផផច ចុះថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ របស់ក្រសួង ពាណិជ្ជកម្ម អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា(អគរ) មានកិត្តិយសសូមជម្រាបជូនសាធារណជន ក៏ដូចជាធុរជន ពាក់ព័ន្ធ ជ្រាបថា ការហាមឃាត់ការនាំចូលជាបណ្តោះអាសន្ននូវមុខទំនិញគ្រឿងក្នុងសត្វជ្រូក ចំនួន២បន្ទាត់ពន្ធ (០២០៦.៤១.០០ និង ០២០៦.៤៩.០០) ដូចមានចែងក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ ត្រូវផុតសុពលភាពនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥នេះ។

ក្នុងន័យនេះ ចាប់ពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ តទៅ ប្រព្រឹត្តកម្មលើការនាំចូលមុខទំនិញគ្រឿងក្នុង សត្វជ្រូកបង្កកខាងលើ ត្រូវអនុលោមតាមបញ្ញត្តិអនុក្រឹត្យលេខ ៣៧០ អនក្រ.បក ចុះថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ ស្តីពីការដាក់ឱ្យប្រើប្រាស់បញ្ជីទំនិញហាមឃាត់ និងទំនិញជាប់កម្រិតកំណត់ ជាធរមានវិញ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News