ក្រសួងការងារ ប្រាប់សហគ្រាស គ្រឹះស្ថានទាំងអស់ ឱ្យអនុញ្ញាតឱ្យកម្មករនិយោជិត ឈប់សម្រាកដោយមានប្រាក់ឈ្នួល រយៈពេល៣ថ្ងៃ នាឱកាសពិធីបុណ្យចូលឆ្នាំថ្មី
(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រាប់ដល់ម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថានទាំងអស់ ឱ្យអនុញ្ញាតឱ្យកម្មករនិយោជិតទាំងអស់របស់ខ្លួន ឈប់សម្រាកដោយមានប្រាក់ឈ្នួល រយៈពេល៤ថ្ងៃ នាឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ គ.ស.២០២៥ ខាងមុខនេះ ពោលគឺចាប់ពីថ្ងៃទី១៤ ដល់១៦ ខែមេសា ឆ្នាំ២០២៥ និងត្រូវសម្របសម្រួលរៀបចំបើកប្រាក់ឈ្នួលខែមេសា ដែលកម្មករនិយោជិតត្រូវទទួលបានលើកទី១ ឱ្យបានមុនថ្ងៃឈប់សម្រាកនេះ។

ក្រសួងបានបញ្ជាក់ថា ក្នុងករណីមានការព្រមព្រៀងគ្នារវាងកម្មករនិយោជិតសាមីនិងនិយោជក ឬមានចែងក្នុងបទបញ្ជាផ្ទៃក្នុងរបស់ សហគ្រាស គ្រឹះស្ថានដែលត្រូវបានចុះទិដ្ឋាការដោយអធិការការងារ ឬអនុសញ្ញារួមដែលត្រូវបានចុះបញ្ជីនៅក្រសួង ការឈប់សម្រាករបស់កម្មករនិយោជិតអាចអនុវត្តនៅពេលណាមួយផ្សេងទៀត ដែលខុសពីថ្ងៃឈប់សម្រាកបុណ្យ ដូចមានកំណត់ក្នុងប្រកាសលេខ២១៨/២៤ ក.ប/ប្រ.ក.អ.ធ.ក ខាងលើ។
ចំពោះសហគ្រាស គ្រឹះស្ថានទាំងឡាយណា ដែលកម្មវត្ថុអាជីវកម្មមានចរិតលក្ខណៈសកល ត្រូវប្រព្រឹត្តទៅ ជាប្រចាំ និងមិនអាចបញ្ឈប់សកម្មភាពបាន ហើយការឈប់សម្រាកបុណ្យនៃកម្មករនិយោជិតទាំងអស់ព្រមគ្នាក្នុង ពេលតែមួយនាំឱ្យខូចប្រយោជន៍ដល់សាធារណជន ឬក៏ធ្វើឱ្យខូចដំណើរការរបស់សហគ្រាស គ្រឹះស្ថាន ម្ចាស់ ឬ នាយកសហគ្រាស គ្រឹះស្ថានត្រូវរៀបចំបែងចែកឱ្យកម្មករនិយោជិតបានឈប់សម្រាកទៅតាមថ្ងៃឈប់សម្រាកបុណ្យ ដោយផ្លាស់ប្តូរវេនគ្នា។ ប្រសិនបើការផ្លាស់ប្តូរវេនគ្នានេះ មិនអាចគាំទ្រដល់ដំណើរការអាជីវកម្មរបស់សហគ្រាស គ្រឹះស្ថាន ម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថាននិងតំណាងកម្មករនិយោជិតអាចពិភាក្សា និងព្រមព្រៀងគ្នាឱ្យ កម្មករនិយោជិតទាំងអស់នៅធ្វើការនៅថ្ងៃឈប់សម្រាកបុណ្យនេះ ដោយត្រូវរៀបចំឱ្យមានការឈប់សម្រាកជំនួស នៅពេលណាមួយផ្សេងទៀតបាន។ ម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថាន ត្រូវរៀបចំបញ្ជីឈ្មោះកម្មករនិយោជិត ដែលត្រូវផ្លាស់ប្តូរគ្នាឈប់សម្រាកតាមកាលបរិច្ឆេទនីមួយៗខាងលើ និងរក្សាទុកជាប្រចាំសម្រាប់ការត្រួតពិនិត្យ របស់អធិការការងារ។
បន្ថែមពីនេះ ក្នុងករណីដែលកម្មករនិយោជិតមិនទទួលបានការឈប់សម្រាកដោយមានប្រាក់ឈ្នួលត្រឹមត្រូវ សូមផ្តល់ ព័ត៌មានមកក្រសួងតាមរយៈប្រព័ន្ធទាន់ហេតុការណ៍លេខ ១២៩៧/១២៨៦ ឬតាមរយៈប្រអប់បណ្តឹងអនាមិក (https://feedback.mlvt.gov.kh/feedback) ដើម្បីក្រសួងចាត់វិធានការតាមច្បាប់ជាធរមាន៕ ផ្ដល់សិទ្ធិដោយ៖ Fresh News


