ក្រសួងការងារ និងស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំទីក្រុងបាងកក កំពុងតាមដានស្វែងរកព័ត៌មានលម្អិតពីផលប៉ះពាល់ និងជនរងគ្រោះនៅទីតាំងដែលបាក់រលំ ដោយសារគ្រោះរញ្ជួយដី
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នារសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ នេះ បានជូនព័ត៌មានបឋម ពាក់ព័ន្ធនឹងករណីគ្រោះរញ្ជួយដីខ្លាំងមួយកើតឡើងនៅក្នុងទីក្រុងបាងកក និងខេត្តជុំវិញបណ្តាលឱ្យមានការបាក់រលំអាគារ និងការដ្ឋានសាងសង់មួយចំនួននៅរសៀលម៉ោងប្រមាណជា ១៖៣០នាទីរសៀលនេះ ។

បើតាមការបញ្ជាក់ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំទីក្រុងបាងកក បានកំពុងតាមដានករណីនេះ និងបានធ្វើការទាក់ទងជាមួយស្ថាប័នពាក់ព័ន្ធថៃ ដើម្បីស្វែងរកព័ត៌មានលម្អិតអំពីផលប៉ះពាល់ និងជនរងគ្រោះនៅទីតាំងដែលមានការបាក់រលំ។ ព័ត៌មានបឋម គិតត្រឹមម៉ោង ៣៖១៥នាទីរសៀល ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥នេះ គឺនៅការដ្ឋានដែលបាក់រលំអាគារមួយកន្លែងមានពលករបរទេសចំនួនប្រមាណជា ៣០នាក់ អាចនៅជាប់គាំងក្នុងអាគារ ប៉ុន្តែមិនទាន់អាចបញ្ជាក់បានថាមានជនជាតិណាខ្លះ។ អាជ្ញាធរថៃកំពុងធ្វើការសង្រ្គោះ និងជម្លៀស។
ក្រសួង និងស្ថានទូត នឹងបន្តតាមដាន និងត្រៀមខ្លួនផ្តល់ការគាំពារក្នុងករណីចាំបាច់។ ក្រសួងសូមអំពាវនាវដល់បងប្អូនដែលកំពុងស្នាក់នៅទីក្រុងបាងកក សូមបង្កើនការប្រុងប្រយ័ត្ន និងសូមអនុវត្តតាមការណែនាំរបស់អាជ្ញាធរ និងមន្ត្រីបច្ចេកទេសរបស់ថៃ។
បងប្អូនប្រជាពលរដ្ឋខ្មែរដែលកំពុងស្ថិតនៅទីក្រុងបាងកក អាចទាក់ទងស្ថានឯកអគ្គរាជទូតកម្ពុជាដើម្បីសុំជំនួយតាមរយៈ ទូរសព្ទ៖
– លេខ 094 092 5905, 094 416 558
– លេខ 083 545 7788 (លោក ឈឹម វិបុល)
– លេខ 062 089 8918 (លោក សម្ផស្ស)
– លេខ 092 299 0133 (កញ្ញា ចន្ថា)
ប្រភព៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ


