Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ដំណឹងរីករាយ! សត្វស្លាបជាច្រើនក្បាល កំពុងពង និងញាស់ នៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅ ក្នុងខេត្តតាកែវ

    BY Nisaiy KP March 30, 2025
    ដំណឹងរីករាយ! សត្វស្លាបជាច្រើនក្បាល កំពុងពង និងញាស់ នៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅ ក្នុងខេត្តតាកែវ

    (តាកែវ)៖ សត្វស្លាបជាច្រើនក្បាល និងច្រើនប្រភេទ កំពុងពង ញាស់ និងធំធាត់ នៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅ ក្នុងខេត្តតាកែវ។

    តំបន់ការពារទេសភាពបឹងព្រែកល្ពៅ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា សម្រេចបង្កើតឡើងនៅឆ្នាំ២០១៦ មានភូមិសាស្ត្រក្នុងខេត្តតាកែវ មានផ្ទៃដីជាង៨ពាន់ហិកតា។ តំបន់ការពារទេសភាពបឹងព្រែកល្ពៅ មានសត្វស្លាបជាច្រើនប្រភេទកំពុងរស់នៅ មានដូចជា សត្វចង្កៀលខ្យង សត្វរនាលពណ៌ សត្វក្រសារប្រផេះ សត្វក្រសារធ្នង់ សត្វខ្វែក និងសត្វកុក។

    បច្ចុប្បន្នតំបន់ការពារទេសភាពបឹងព្រែកល្ពៅ មានសត្វស្លាបជាច្រើនកំពុងពង ញាស់ ហើយកូនសត្វខ្លះទៀតកំពុងធំធាត់យ៉ាងល្អផងដែរ។

    នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥ មន្ត្រីឧទ្យានុរក្ស បានចុះល្បាតនិងបង្ហោះដ្រូនដើម្បីពិនិត្យស្ថានភាពទីតាំងសត្វស្លាបពងកូនក្នុងតំបន់ការពារទេសភាពបឹងព្រែកល្ពៅនេះ។

    តាមរយៈការបង្ហោះដ្រូន និងការពិនិត្យរបស់មន្ត្រីឧទ្យានុរក្ស បានឱ្យដឹងថា តំបន់ការពារទេសភាព កំពុងកូនសត្វចង្កៀលខ្យងរាប់ពាន់ក្បាលបានញាស់ធំធាត់អាចហើរបាន និងមួយចំនួនពុំទាន់អាចហើរបានទេ។

    បន្ថែមពីនោះ មានកូនសត្វរនាលពណ៌ប្រមាណជា១៥០ក្បាលបានលូតលាស់ធំធាត់ដោយមួយចំនួនអាចហើរបាន ទុំដើមឈើជិតៗនោះ នឹងមួយចំនួនទៀតពុំទាន់អាចហើរបានទេ, សត្វក្រសារប្រផេះប្រមាណជា១៣០សប្បុក បានញាស់ធំធាត់ដុះរោមអាចឈរលើសំបុកបាន តែពុំទាន់អាចហើរបានទេ។

    ក្រៅពីនោះ សត្វក្រសារធ្នង់ សត្វខ្វែក សត្វកុក កំពុងក្រាបពងនឹងមួយចំនួនកំពុងកាច់សប្បុក។

    តាមរយៈទិន្នន័យនេះ បញ្ជាក់ថា បឹងព្រែកល្ពៅ ពិតជាសារៈសំខាន់ទ្រទ្រង់ជីវិតសត្វស្លាបគ្រប់រដូវកាល និងជាបន្ទាយសត្វស្លាបពងកូនដ៏ធំមួយក្នុងខេត្តតាកែវ៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

    Share This Post: