Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    សមាគមឧកញ៉ាកម្ពុជា អំពាវនាវអ្នកដែលទទួលបានគោរមងារឧកញ៉ា ប្រកាន់ខ្ជាប់នូវកិត្តិយស សីលធម៌ សុជីវធម៌ និងសេចក្ដីថ្លៃថ្នូរនៅក្នុងសង្គម

    BY Liny Chan April 2, 2025
    សមាគមឧកញ៉ាកម្ពុជា អំពាវនាវអ្នកដែលទទួលបានគោរមងារឧកញ៉ា ប្រកាន់ខ្ជាប់នូវកិត្តិយស សីលធម៌ សុជីវធម៌ និងសេចក្ដីថ្លៃថ្នូរនៅក្នុងសង្គម

    (ភ្នំពេញ)៖ សមាគមឧកញ៉ាកម្ពុជា អំពាវនាវអ្នកដែលទទួលបានគោរមងារឧកញ៉ាទាំងអស់ ប្រកាន់ខ្ជាប់នូវកិត្តិយស សីលធម៌ សុជីវធម៌ និងសេចក្ដីថ្លៃថ្នូរនៅក្នុងសង្គម ក្នុងការប្រកបមុខរបរនិងវិជ្ជាជីវៈឱ្យបានខ្ជាប់ខ្ជួន និងសូមមេត្តាយកចិត្តទុកដាក់ឱ្យបានខ្ពស់ជាទីបំផុត ចំពោះការប្រើប្រាស់បណ្តាញសង្គម ឬមធ្យោបាយផ្សព្វផ្សាយនានា ជៀសវាងចែកចាយ ឬផ្សព្វផ្សាយនូវសកម្មភាព និង/ឬការប្រើពាក្យសម្ដីទាំងឡាយណា ដែលធ្វើឱ្យប៉ះពាល់ដល់ងារជាកិត្តិយស ដែល អង្គព្រះមហាក្សត្រ បានព្រះរាជទាន។ នេះបើយោងតាម សេចក្តីប្រកាសព័ត៌មានរបស់ សមាគមឧកញ៉ាកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥នេះ។

    ទន្ទឹមគ្នានេះ សមាគមឧកញ៉ាកម្ពុជា បានបញ្ជាក់ថា ខ្លួននឹងចាត់វិធានការតាមនីតិវិធីច្បាប់ជាក់ស្តែង ចំពោះគោរមវន្តណា ដែលបានរកឃើញថាបានប្រព្រឹត្តសកម្មភាព និង/ឬប្រើពាក្យសម្តីទាំងឡាយណា ដែលធ្វើឱ្យប៉ះពាល់ដល់គុណតម្លៃ និងឧត្ដមភាពដ៏ឧត្ដុង្គឧត្ដម នៃគោរមងារឧកញ៉ា ស្របតាមព្រះរាជក្រឹត្យ និងអនុក្រឹត្យខាងលើ។

    សេចក្តីប្រកាសព័ត៌មាននេះបានបញ្ជាក់ផងដែរថា សមាគមឧកញ៉ាកម្ពុជា គឺជាស្ថាប័នតែមួយគត់ ដែលតំណាងឱ្យគោរមវន្តទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា និងបានចែងអំពីតួនាទី ភារកិច្ច ព្រមទាំងសិទ្ធិនិងកាតព្វកិច្ចរបស់សមាគមដើម្បីរក្សានិងលើកកម្ពស់គុណតម្លៃ និងឧត្ដមភាពដ៏ឧត្ដុង្គឧត្ដម នៃគោរមងារឧកញ៉ា ដែលជាព្រះរាជទានដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា តាំងពីបុរាណកាលរៀងមក ជាពិសេសការពង្រឹងសាមគ្គីភាព និងការគោរពច្បាប់ជាធរមានរបស់គោរមវន្ត ដើម្បីរួមចំណែកថែរក្សា និងការពារវប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់ដ៏ល្អផូរផង់របស់ជាតិ ក៏ដូចជាសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ជាដើម​៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    Share This Post: