អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច៖ កម្ពុជាកំពុងពិនិត្យយ៉ាងហ្មត់ចត់ចំពោះវិធានការដំឡើងពន្ធរបស់អាមេរិក ក្នុងការរកដំណោះស្រាយធានាឱ្យសេដ្ឋកិច្ចកម្ពុជាបន្តមានភាពប្រកួតប្រជែង
(ភ្នំពេញ)៖ បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ ប្រកាសដំឡើងពន្ធលើការនាំចូលទំនិញរបស់កម្ពុជារហូតដល់៤៩% លោក មាស សុខសេនសាន អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឱ្យដឹងថា បច្ចុប្បន្ននេះ ក្រុមការងាររបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាននិងកំពុងធ្វើការវាយតម្លៃយ៉ាងហ្មត់ចត់ចំពោះការកំណត់អត្រាពន្ធថ្មីនេះ ដើម្បីរកដំណោះស្រាយ ក្នុងការធានាថាសេដ្ឋកិច្ចកម្ពុជាបន្តមានភាពប្រកួតប្រជែង។

នៅព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥ ដែលត្រូវនឹងថ្ងៃទី២ ខែមេសានៅសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានសម្រេចកំណត់ពន្ធគយលើទំនិញនាំចូលពីកម្ពុជាប្រមាណ៤៩% ដែលកម្រិតខ្ពស់មួយ ដើម្បីជាការសងសឹក ខណៈកម្ពុជាយកពន្ធនាំចូលទំនិញពីសហរដ្ឋអាមេរិកវិញ ក្នុងកម្រិត៩៧%។ បើតាមលោកត្រាំ ការដំឡើងពន្ធនេះ នឹងចូលជាធរមាននៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥ខាងមុខនេះ។
ជុំវិញករណីនេះ លោក មាស សុខសេនសាន បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥នេះ យ៉ាងដូច្នេះថា «ក្រុមការងារបានពិនិត្យហើយពីកម្មវិបាកនៃការដំឡើងនេះ បន្ទាប់មកយើងនឹងមានវិធានការជាក់លាក់ និងហ្មត់ចត់បំផុត ដើម្បីជាដំណោះស្រាយ ធ្វើយ៉ាងម៉េចឱ្យធានាឱ្យសេដ្ឋកិច្ចរបស់យើងបន្តមានភាពប្រកួតប្រជែង និងប្រសើរ សម្រាប់កំណើន និងការងាររបស់ប្រជាពលរដ្ឋ»។
លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា បានប្រាប់បណ្តាញព័ត៌មាន Fresh News ដែរថា ករណីនេះ នឹងអាចមានដំណោះស្រាយក្នុងការចរចា ព្រោះការដំឡើងពន្ធនេះ អាមេរិកខ្លួនឯងក៏ប្រឈមមុខផងដែរ។
លោកបានពន្យល់ផងដែរថា ការដំឡើងពន្ធនេះ គឺដោយសារឱនភាពជញ្ជីងពាណិជ្ជកម្មរវាងកម្ពុជា និងសហរដ្ឋអាមេរិក ដោយកម្ពុជា បាននាំចេញទៅសហរដ្ឋអាមេរិកក្នុងតម្លៃជាង៩ពាន់លានដុល្លារ នៅពេលដែលយកមកចែកនឹង១០.៥ ពាន់លានដុល្លារ ស្មើនឹង៩៧% ហើយយក៩៧%ចែកនឹង២ គឺស្មើនឹង៤៩%។
យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបង្ហាញថា នៅឆ្នាំ២០២៤ កម្ពុជា-សហរដ្ឋអាមេរិក សម្រេចបានទំហំពាណិជ្ជកម្ម ១០.១៨ពាន់លានដុល្លារ កើនឡើង១១.២% ក្នុងនោះកម្ពុជានាំចេញទៅសហរដ្ឋអេមេរិក ក្នុងតម្លៃ ៩.៩ពាន់លានដុល្លារ កើនឡើង ១១.៤% ខណៈអាមេរិកនាំចូលកម្ពុជាវិញក្នុងតម្លៃ ២៦៤.១៤លានដុល្លារ។ តាមរយៈទិន្នន័យនេះ បានបង្ហាញថា សហរដ្ឋអាមេរិក គឺជាប្រទេសដែលនាំចូលទំនិញពីកម្ពុជាច្រើនជាងគេ បន្ទាប់ពីសហរដ្ឋអាមេរិក គឺវៀតណាម ចិន ជប៉ុន និងកាណាដា។
លោក Casey Barnett ប្រធានសភាពាណិជ្ជកម្មអាមេរិកប្រចាំនៅកម្ពុជា (AmCham Cambodia) បានសរសេរនៅលើបណ្តាញសង្គមហ្វេសប៊ុកនាព្រឹកនេះថា ចំពោះការប្រកាសដំឡើងពន្ធ ៤៩% សម្រាប់ទំនិញកម្ពុជានេះ ប្រសិនបើកម្ពុជាមិនបានដោះស្រាយយ៉ាងហ្មត់ចត់ក្នុងសប្តាហ៍នេះទេ នោះនឹងបំផ្លាញសេដ្ឋកិច្ចកម្ពុជា និងបង្កើតឱ្យមានវិបត្តិសេដ្ឋកិច្ចយ៉ាងជ្រៅ បណ្តាលឱ្យបាត់បង់ការងាររាប់សែននាក់ បង្ករអស្ថិរភាពសង្គម និងលំហូរចេញមូលធនយ៉ាងឆាប់រហ័ស។
លោកបានលើកឡើងបន្ថែមទៀតថា «កម្ពុជានាំចូលទំនិញពីសហរដ្ឋអាមេរិកត្រឹមតែ៣៥០លានដុល្លារប៉ុណ្ណោះ វានឹងត្រូវចំណាយតិចតួចដល់រដ្ឋាភិបាលកម្ពុជាក្នុងការអនុញ្ញាតឱ្យទំនិញទាំងអស់របស់សហរដ្ឋអាមេរិកត្រូវបាននាំចូលដោយគ្មានពន្ធ និងផ្តល់អាជ្ញាប័ណ្ណយ៉ាងឆាប់រហ័សដល់អាជីវកម្មរបស់សហរដ្ឋអាមេរិកដូចជា Starlink ជាដើម។ រដ្ឋាភិបាលកម្ពុជាត្រូវធ្វើកាយវិការដ៏ក្លាហាន រហ័ស»។
សម្រាប់អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានលើកឡើងថា ដរាបណា វិធានការនេះ មិនទាន់ចូលជាធរមាន យើងមិនទាន់អាចវាយតម្លៃពីផលប៉ះពាល់បានបាននោះទេ។
តែយ៉ាងនេះក្តី លោកបានលើកឡើងថា បើទោះបីជា អាមេរិកដំឡើងពន្ធក៏ដោយ ប៉ុន្តែកម្ពុជានៅមានទីផ្សារផ្សេងទៀតដូចជា ចិន កាណាដា ខណៈកម្ពុជាក៏មានប្រព័ន្ធអនុគ្រោះពន្ធ EBA GSP កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយចិន កូរ៉េ អេមីរ៉ាតអារ៉ាប់រួម និងកិច្ចព្រមព្រៀង RCEPជាដើម៕ ផ្ដល់សិទ្ធិដោយ៖ Fresh News



