ព័ត៌មានជាតិ April 28, 2025

BYD បើកការដ្ឋានសង់រោងចក្រដំឡើងយានយន្តនៅកម្ពុជា ក្រោមទុនវិនិយោគជាង ៣០លានដុល្លារ, ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល មានសុទិដ្ឋិនិយមខ្ពស់ចំពោះវត្តមាន BYD នឹងទាក់ទាញក្រុមហ៊ុនធំៗរបស់ចិន និងប្រទេសផ្សេងទៀត

Liny Chan

(ព្រះសីហនុ)៖ លោកឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានបង្ហាញនូវសុទិដ្ឋិនិយមខ្ពស់ចំពោះ វត្តមានរបស់ក្រុមហ៊ុន BYD Cambodia នឹងបន្តដើរតួនាទីយ៉ាងសំខាន់ក្នុងការដឹកនាំ ផ្សព្វផ្សាយ និងទាក់ទាញក្រុមហ៊ុនធំៗ របស់ប្រទេសចិន និងបណ្ដាប្រទេសដទៃទៀត មកបណ្តាក់ទុនវិនិយោគនៅកម្ពុជា ឱ្យកាន់តែច្រើនបន្ថែមទៀត។

ការលើកឡើងរបស់ លោកឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល ធ្វើឡើងក្នុងពិធីបើកការដ្ឋានសាងសង់រោងចក្រដំឡើងយានយន្តរបស់ ក្រុមហ៊ុន ប៊ី វ៉ាយ ឌី ខេមបូឌា ឯ.ក ( BYD CAMBODIA CO., LTD. )នាថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥នេះ។

ក្នុងឱកាសនោះដែរ លោកឧបនាយករដ្ឋមន្រ្តី ក៏បានអំពាវនាវឱ្យ ក្រុមហ៊ុន BYD ពិចារណាទាក់ទាញរោងចក្រ ដែលជាខ្សែច្រវាក់ផលិតកម្មរបស់ខ្លួន មកវិនិយោគនៅកម្ពុជាបន្ថែមទៀត។ ព្រមទាំងលើកទឹកចិត្តដល់វិនិយោគិនទាំងអស់ បន្តចូលរួមផ្សព្វផ្សាយព័ត៌មានល្អៗ អំពីបរិយាកាសវិនិយោគនៅកម្ពុជា ទៅកាន់វិនិយោគិនផ្សេងៗទៀត ដើម្បីធ្វើការទាក់ទាញវិនិយោគិន មកបណ្តាក់ទុនវិនិយោគបន្ថែមទៀតនៅកម្ពុជា ដើម្បីបង្កើតការងារបន្ថែម ជូនបងប្អូនប្រជាពលរដ្ឋកម្ពុជា ក៏ដូចជាជំរុញកំណើនសេដ្ឋកិច្ចជាតិ ដើម្បីឆ្ពោះទៅសម្រេចបានចក្ខុវិស័យជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

បន្ថែមពីនេះ លោកក៏បានស្នើសុំឱ្យក្រុមហ៊ុន BYD Cambodia ជួយផ្តល់ការបណ្តុះបណ្តាលជំនាញបច្ចេកទេសថ្មីៗ ក្នុងវិស័យយានយន្តអគ្គិសនី ដល់កម្មករនិយោជិតរបស់ក្រុមហ៊ុន ដើម្បីរួមចំណែកអភិវឌ្ឍធនធានមនុស្ស និងបំពាក់បំប៉នជំនាញបច្ចេកទេសរថយន្ត ដល់ប្រជាពលរដ្ឋកម្ពុជាផងដែរ។

លោកឧបនាយករដ្ឋមន្រ្តី មានប្រសាសន៍បន្ថែមថា «ខ្ញុំជឿជាក់យ៉ាងមុតមាំថា ការវិនិយោគសាងសង់រោងចក្រប្រភេទ CKD របស់ក្រុមហ៊ុន BYD នៅដំណាក់កាលទី១ នៅកម្ពុជានឹងទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ ហើយក៏សង្ឃឹមថាក្រុមហ៊ុននឹងពិចារណាពង្រីកការវិនិយោគរបស់ខ្លួន លើដំណាក់កាលបន្ទាប់ទៀត សម្រាប់រោងចក្រដំឡើងរថយន្តជាប្រភេទ IKD ដើម្បីផលិតគ្រឿងបង្គុំមួយចំនួននៅកម្ពុជា សម្រាប់នាំចេញផ្គត់ផ្គង់ខ្សែច្រវាក់ផលិតកម្មជាមួយរោងចក្រ BYD នៅប្រទេសថៃ (Thailand Plus One) នាពេលឆាប់ៗខាងមុខនេះ»

សូមជម្រាបថា ក្រុមហ៊ុន BYD នឹងបណ្ដាក់ទុនប្រមាណ ៣២លានដុល្លារអាម៉េរិក សម្រាប់ដំណាក់កាលទី១ លើការបង្កើតរោងចក្រផ្គុំដំឡើងយានយន្តប្រភេទ CKD សម្រាប់ដំឡើងរថយន្តអគ្គិសនីសុទ្ធ (EV) និងអគ្គិសនីលាយសាំង (PHEV) ដែលរោងចក្រនេះមានសមត្ថភាពដំឡើងរថយន្តប្រមាណ ១០ ០០០គ្រឿង ក្នុងមួយឆ្នាំ ទៅតាមដំណាក់កាល ហើយសាងសង់លើផ្ទៃដីប្រមាណ ១២ហិកតា មានទីតាំងស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។ រោងចក្រដំឡើងរថយន្ត BYD Cambodia គ្រោងនឹងបញ្ចប់ការសាងសង់នៅខែតុលា និងចាប់ផ្តើមដំណើរការផលិតកម្មដំឡើងរថយន្តអគ្គិសនីជាលើកដំបូងនៅ កម្ពុជា នាដើមខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខនេះ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News