ព័ត៌មានជាតិ May 1, 2025

កម្ពុជា បន្តជាគោលដៅទេសចរណ៍ដ៏ពេញនិយមមួយនៅអាស៊ី និងជាផ្ទះទី២ របស់អ្នកទេសចរមកពីអង់គ្លេស

Liny Chan

(ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ បានអនុញ្ញាតឲ្យលោក DOMINIC WILLIAMS ឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា និងសហការី អញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ស្តីពីការផ្លាស់ប្តូរទស្សន និងយុទ្ធសាស្រ្ត។

ការផ្លាស់ប្តូរទស្សន និងយុទ្ធសាស្រ្តនៃប្រទេសទាំងពី គឺដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិលើវិស័យទេសចរណ៍ ជាការផ្តល់នូវលក្ខណៈអំណោយផល និងទាក់ទាញកំណើនភ្ញៀវទេសចរ ពីចក្រភពអង់គ្លេសបន្ថែមទៀត ដោយផ្តោតលើការអភិវឌ្ឍហេដ្ឋារចនាសម័ន្ធតភា្ជប់គោលដៅទេសចរណ៍ ការសម្រួលបែបបទធ្វើដំណើរ យុទ្ធសាស្រ្តផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា ទៅកាន់ពិភពលោក និងចក្រភពអង់គ្លេស ទេសចរណ៍ប្រកបដោយនិរន្តភាព ការចូលរួមជួយបណ្តុះបណ្តាលអភិវឌ្ឍសមត្ថភាពក្នុងវិស័យទេសចរណ៍ កិច្ចសហការរួមគ្នាជួយជំរុញការហោះហើរត្រង់ រវាងកម្ពុជា និងចក្រភពអង់គ្លេស និងការអភិវឌ្ឍបន្ថែមលើអេកូទេសចរណ៍ ព្រមទាំងការជួយជំរុញឲ្យមានការថត ឬ ផលិតភាពយន្តនៅប្រទេសកម្ពុជាពីសំណាក់ផលិតករល្បីពីចក្រភពអង់គ្លេស ឬកម្រិតពិភពលោក។

ក្នុងជំនួបដ៏មានសារៈសំខាន់ និងប្រកបដោយផ្លែផ្កានេះ រដ្ឋមន្ត្រី ហួត ហាក់ និងលោកឯកអគ្គរាជទូត បានបង្ហាញនូវទស្សនរួមគ្នាថា ទេសចរណ៍ ជាកត្តាជួយឲ្យទំនាក់ទំនងរវាងប្រទេស និងប្រជាជននៃប្រទេសទាំងពីរកម្ពុជា និងចក្រភពអង់គ្លេសកាន់តែខិតជិត និងស្និទ្ធស្នាលនឹងគ្នាឡើង។

លោកបន្ដថា កំណើនចំនួនទេសចរពីចក្រភពអង់គ្លេសមកកម្ពុជា ពីមួយឆ្នាំ ទៅមួយឆ្នាំនេះ បានមកពីកត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សាធារណៈល្អរបស់កម្ពុជា ដែលកម្ពុជាត្រូវបានចាត់ទុកថា ជាគោលដៅទេសចរណ៍ មានសុខសុវត្ថិភាពខ្ពស់ និងមានការអភិវឌ្ឍឆាប់រហ័សលើគ្រប់វិស័យពីសំណាក់អ្នកទេសចរ និងធុរជនពីចក្រភពអង់គ្លេស និងអន្តរជាតិ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News