ព័ត៌មានជាតិ May 1, 2025

រាជរដ្ឋាភិបាលកម្ពុជា ដាក់ចេញវិធានការសម្រាប់បង្ការ និងទប់ស្កាត់ការក្លែងបន្លំដើមកំណើតទំនិញ សម្រាប់ការនាំចេញទំនិញមួយចំនួនទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក​

Liny Chan

(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងពាណិជ្ជកម្ម បានចេញប្រកាសអន្តរក្រសួងលេខ៣៧៩ សហវ.ប្រក ចុះថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ ស្ដីពី វិធានការសម្រាប់បង្ការ និងទប់ស្កាត់ការក្លែងបន្លំដើមកំណើតទំនិញ សម្រាប់ការនាំចេញទំនិញមួយចំនួន ទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក។

ប្រកាសដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១ ខែឧសភានេះបានបញ្ជាក់ថា ប្រកាសអន្តរក្រសួងនេះ មានគោលបំណងរួមគ្នាបង្ការ និងទប់ស្កាត់ការក្លែងបន្លំដើមកំណើតទំនិញ ជំរុញការអនុវត្ត ច្បាប់ស្តីពីវិធានដើមកំណើតទំនិញ ប្រកបដោយតម្លាភាពសម្រាប់ការនាំចេញទំនិញមួយចំនួន ទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក។

ប្រកាសអន្តរក្រសួងនេះ មានវិសាលភាពអនុវត្តចំពោះផលិតករ និង/ឬអ្នកនាំចេញដែលមានបំណងធ្វើការនាំចេញ ទំនិញមួយចំនួនដែលមានដើមកំណើតនៅកម្ពុជាទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក។

ផលិតករ និង/ឬអ្នកនាំចេញ ដែលមានបំណងនាំចេញទំនិញមួយចំនួន ដែលមានដើមកំណើតនៅកម្ពុជា ទៅកាន់ ទីផ្សារសហរដ្ឋអាម៉េរិក ត្រូវស្នើសុំលិខិតអនុញ្ញាតបញ្ជាក់ដើមកំណើតទំនិញ ដែលចេញដោយក្រសួងពាណិជ្ជកម្ម តាមប្រកាសលេខ០៤៧ ព.ណ.នច.ប្រក ចុះថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ ស្តីពីនីតិវិធីក្នុងការស្នើសុំ និងការចេញលិខិតអនុញ្ញាតបញ្ជាក់ដើមកំណើតទំនិញ សម្រាប់ការនាំចេញទំនិញមួយចំនួន ទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក។

នៅពេលបំពេញបែបបទគយ ចំពោះទំនិញមួយចំនួននាំចេញទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិកដែលប្រកាសថា ទំនិញមានដើមកំណើតនៅកម្ពុជា ផលិតករ និង/ឬអ្នកនាំចេញ ត្រូវភ្ជាប់បន្ថែមនូវលិខិតអនុញ្ញាតបញ្ជាក់ដើមកំណើត ទំនិញ ដែលចេញដោយក្រសួងពាណិជ្ជកម្ម។

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជានៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងអគ្គនាយកដ្ឋានសេវាពាណិជ្ជកម្មនៃ ក្រសួងពាណិជ្ជកម្ម ត្រូវសហការផ្លាស់ប្តូរព័ត៌មាន និងឯកសារពាក់ព័ន្ធរបស់ផលិតករនិងអ្នកនាំចេញនាំចូល ដើម្បីជាមូលដ្ឋាន ក្នុងការវាយតម្លៃអនុលោមភាពវិធានដើមកំណើតទំនិញ ដូចមានចែងក្នុងនីតិវិធីប្រតិបត្តិស្តង់ដាសម្រាប់ការអនុវត្ត ប្រកាសស្តីពីនីតិវិធីក្នុងការស្នើសុំ និងការចេញលិខិតអនុញ្ញាតបញ្ជាក់ដើមកំណើតទំនិញសម្រាប់ការនាំចេញទំនិញមួយ ចំនួនទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក៕ ផ្ដល់សិទ្ធិដោយ៖ Fresh News