Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    សំណុំរឿងម្ចាស់បំណុល ចិន ស្រីដា និងឧត្តមសេនីយ៍ត្រី សម្បត្តិ កុសល! សាលាឧទ្ធរណ៍តម្កល់ការសម្រេចរបស់សាលាដំបូងខេត្តសៀមរាបទុកជាបានការ, ទោសដាក់ពន្ធនាគារឈ្មោះ ចិន ស្រីដា ២ឆ្នាំត្រូវបានព្យួរដដែល

    BY Liny Chan May 7, 2025
    សំណុំរឿងម្ចាស់បំណុល ចិន ស្រីដា និងឧត្តមសេនីយ៍ត្រី សម្បត្តិ កុសល! សាលាឧទ្ធរណ៍តម្កល់ការសម្រេចរបស់សាលាដំបូងខេត្តសៀមរាបទុកជាបានការ, ទោសដាក់ពន្ធនាគារឈ្មោះ ចិន ស្រីដា ២ឆ្នាំត្រូវបានព្យួរដដែល

    (ភ្នំពេញ)៖ សាលាឧទ្ធរណ៍បាត់ដំបង នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥នេះ បានសម្រេចតម្កល់ការសម្រេចរបស់សាលាដំបូងខេត្តសៀមរាប ទុកជាបានការដដែល ក្នុងសំណុំរឿងប្ដឹងផ្ដល់គ្នារវាងឈ្មោះ សម្បត្តិ កុសល និងឈ្មោះ ចិន ស្រីដា។ ការសម្រេចនេះ ធ្វើឡើងក្រោយឈ្មោះ សម្បត្តិ កុសល ប្ដឹងជំទាស់ចំពោះការសម្រេចរបស់សាលាដំបូងខេត្តសៀមរាប ដែលព្យួរទោសឈ្មោះ ចិន ស្រីដា។

    ក្នុងសាលដីកាដែលប្រកាសជាសាធារណៈ សាលាឧទ្ធរណ៍បាត់ដំបង បានវិនិច្ឆ័យថា តម្កល់សាលក្រមព្រហ្មទណ្ឌលេខ ១៥“ឃ”/១៦១ ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ របស់សាលាដំបូងខេត្តសៀមរាប ទុកជាបានការលើកលែងតែសេចក្ដីសម្រេចត្រង់ ចំណុចទី១ ត្រូវកែប្រែដូចតទៅ៖

    «ផ្តន្ទាទោសជនជាប់ចោទ ឈ្មោះ ចិន ស្រីដា ដាក់ពន្ធនាគារកំណត់រយៈពេល ២(ពីរ)ឆ្នាំ ប៉ុន្តែទោសនេះ ត្រូវអនុវត្តក្នុងពន្ធនាគារត្រឹមរយៈពេលឃុំខ្លួនបណ្តោះអាសន្ន ទោសសល់ពីនេះ ត្រូវអនុវត្តការព្យួរទោសធម្មតា ពីបទ «គំរាមកំហែងហែកកេរ្តិ៍» ប្រព្រឹត្តនៅលើបណ្តាញសង្គមហ្វេសប៊ុក កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ និង អំឡុងខែមីនា ឆ្នាំ២០២៤ បទល្មើសព្រហ្មទណ្ឌដែលមានចែងឲ្យផ្ដន្ទាទោស តាមបញ្ញត្តិមាត្រា ៣៧២ និងមាត្រា ៣៧៣ និងមាត្រា ១០៧ និង មាត្រា ១០៨ នៃក្រមព្រហ្មទណ្ឌ»

    សូមរំលឹកថា សំណុំរឿងប្ដឹងផ្ដល់គ្នារវាងឈ្មោះ សម្បត្តិ កុសល និងស្ដ្រីឈ្មោះ ចិន ស្រីដា ត្រូវបានគេចែកចាយផ្អើលនៅតាមបណ្ដាញសង្គម Facebook កាលពីពេលកន្លងទៅនេះ ដោយស្ដ្រីឈ្មោះ ចិន ស្រីដា ប្ដឹងឈ្មោះ សម្បត្តិ កុសល ពាក់ព័ន្ធករណីជំពាក់លុយ។ ខណៈឈ្មោះ សម្បត្តិ កុសល ដែលជានាយនគរបាលជាន់ខ្ពស់ថ្នាក់ឧត្តមសេនីយ៍នោះ បានប្ដឹងឈ្មោះ ចិន ស្រីដា ពីបទ គំរាមកំហែងហែកកេរ្ដិ៍ទៅវិញ។

    កាលពីពេលនោះ ស្ដ្រីឈ្មោះ ចិន ស្រីដា ត្រូវបានសាលាដំបូងខេត្តសៀមរាប សម្រេចឲ្យចាប់ខ្លួនដាក់ពន្ធនាគារបណ្ដោះអាសន្នមួយរយៈពេល ប៉ុន្ដែក្រោយមកតុលាការក៏សម្រេចឲ្យនៅក្រៅឃុំបណ្ដោះអាសន្នវិញ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    Share This Post: