ព័ត៌មានជាតិ May 8, 2025

អាំងងាវ ពេលបង្ហូរសាំង បង្កជាអគ្គិភ័យ​ឆាប​ឆេះ​រថយន្ត​ដឹក​ប្រេង​មួយ​គ្រឿង បណ្ដាលឱ្យមនុស្ស​ប្រុស​ស្រី​ចំនួន​ ០៣នាក់​បាន​បាត់បង់ជីវិត​

Liny Chan

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នៅថ្ងៃទី០៧ ខែឧសភា​ ឆ្នាំ២០២៥ វេលាម៉ោង ១១:៤០​ នាទីយប់​ មានករណីអគ្គិភ័យឆេះរថយន្តដឹកប្រេងចំនួ​ ០១គ្រឿង រួចបន្តឆេះរាលដាលដល់ផ្ទះប្រជាពលរដ្ឋស្ថិតនៅចំណុច​ ភូមិ​ ព្រែកប្រស់ ឃុំ​ ទឹកថ្លា ស្រុក​ ព្រៃនប់​ ខេត្ត​ ព្រះសីហនុ និងបានបណ្ដាលឱ្យមនុស្សប្រុសស្រីចំនួន ​០៣នាក់​បាន​បាត់បង់ជីវិត។

+​ រងការ​ខូចខាតរួមមាន៖

ឆេះរថយន្តដឹកប្រេងចំនួន០១គ្រឿងរបស់ក្រុមហ៊ុន CLEAN ENERGlES (CE) ពាក់ស្លាកលេខភ្នំពេញ​ 4A-2820​ ឆេះក្បាលរថយន្ត​ (អស់ទាំងស្រុង)​ នឹងបន្តឆេះរាលដាលដល់ផ្ទះប្រជាពលរដ្ឋចំនួន០២ខ្នង​ អស់ទាំងស្រុង និងម៉ូតូចំនួន០៥គ្រឿង និងទ្រព្យសម្បត្តិមួយចំនួនធំ សរុបជាទឹកប្រាក់ចំនួន​ ៥០.០០០​ មុឺនដុល្លារ​ ព្រមទាំងបណ្ដាលអោយស្លាប់មនុស្សចំនួន ០៣នាក់។

+​ ម្ចាស់ផ្ទះរងគ្រោះ៖

-​ ម្ចាស់ផ្ទះទី១ ឈ្មោះ អ៊ុត ភាព ភេទ​ ស្រី អាយុ​ ៤៩​ ឆ្នាំ មុខរបរ កម្មកររោងចក្រ ផ្ទះសង់អំពីឈើដំបូលប្រក់សង្ក័សីមានទំហំទទឹង០៤ម៉ែត្រ×បណ្ដោយ០៦ម៉ែត្រ​ (អស់ទាំងស្រុង)។

-​ ម្ចាស់ផ្ទះទី២ ឈ្មោះ មន ភក្ដី ភេទ​ ប្រុស អាយុ​ ៤០​ ឆ្នាំ​ ត្រូវជាប្ដី និងប្រពន្ធឈ្មោះ​ បាត ស្រីមុំ ភេទ​ ស្រី អាយុ​ ៣៥​ ឆ្នាំ មុខរបរ លក់ដូរ​ ផ្ទះសង់អំពីថ្ម ដំបូលប្រក់សង្ក័សី មានទំហំទទឹង០៧ម៉ែត្រ×បណ្ដោយ១៥ម៉ែត្រ​ (ឆេះផ្ទះអស់ទាំងស្រុង)​ និងបណ្ដាលអោយឆេះគ្រោះថ្នាក់ដល់កូនស្លាប់ចំនួន០៣នាក់រួមមានៈ

១.​ ឈ្មោះ​ យ៉ារី សុខសិលា ភេទ​ ប្រុស​ អាយុ​ ១៨​ ឆ្នាំ (ស្លាប់នៅនឹងកន្លែងកើតហេតុ)​ ។

២.​ ឈ្មោះ​ ភក្ដី រីតា ភេទ​ ស្រី អាយុ​ ១៥​ ឆ្នាំ (ស្លាប់នៅនឹងកន្លែងកើតហេតុ)​ ។

៣.​ ឈ្មោះ​ ភក្ដី សំមេន ភេទ​ ប្រុស​ អាយុ​ ១៣​ ឆ្នាំ​ (ស្លាប់នៅនឹងកន្លែងកើតហេតុ) និងម្ដាយឈ្មោះ​ បាត ស្រីមុំ អាយុ​ ៣៥​ ឆ្នាំ​ (រងរបួសស្រាល)​ ។

ចំពោះមូលហេតុ តាមការបំភ្លឺរបស់ឈ្មោះ ភក្ដី គារ៉ា ភេទ ប្រុស អាយុ ១៧ ឆ្នាំ ត្រូវជាកូនបង្កើតម្ចាស់ផ្ទះបានបញ្ជាក់ថា មុនពេលកើតហេតុរូបគាត់កំពុងបង្ហូរសាំងដាក់ប៊ីដុងពីរថយន្តដឹកប្រេង ដែលអ្នកបើកបររថយន្តរបស់ក្រុមហ៊ុន CLEAN ENERGlESបានបង្ហូរសាំងលក់អោយទៅម្ចាស់ផ្ទះខាងលើរួចគាត់បានបង្ហូរសាំងបានចំនួន ០២ប៊ីដុង ក៏លើកយកមកទុកក្នុងផ្ទះ រួចហើយក៏បានបង្ហូរសាំងបន្ថែមទៀតទើបតែបានកន្លះប៊ីដុង ពេលនោះដែរម្ដាយរបស់គាត់ក៏កំពុងអាំងងាវហូបនៅពីមុខផ្ទះ ភ្លាមៗនោះស្រាប់តែឆាបឆេះជាអគ្គិភ័យកើតឡើងតែម្ដង។

ករណីអគ្គិភ័យខាងលើ​កម្លាំង​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ​ និង​សង្គ្រោះ​ បានចេញរថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកព្រៃនប់ចំនួន ០២គ្រឿង​ បានប្រើប្រាស់ទឹកអស់ចំនួន ០៣រថយន្ត​ ស្មើនិង ០១២ម៉ែត្រគូប។ រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តកំពតចំនួន ០២គ្រឿង​ បានប្រើប្រាស់ទឹកអស់ ០២រថយន្ត​ ស្មើនិង០៨ម៉ែត្រគូប៕