Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋមន្ត្រី ហួត ហាក់ ស្នើរដ្ឋបាលខេត្ត និងមន្ទីរទេសចរណ៍ លើកផ្លាករមណីយដ្ឋានតាមដងផ្លូវ ដើម្បីទាក់ទាញភ្ញៀវទេសចរ ក្នុងរដូវកាលបៃតង

    BY Nisaiy KP May 18, 2025
    រដ្ឋមន្ត្រី ហួត ហាក់ ស្នើរដ្ឋបាលខេត្ត និងមន្ទីរទេសចរណ៍ លើកផ្លាករមណីយដ្ឋានតាមដងផ្លូវ ដើម្បីទាក់ទាញភ្ញៀវទេសចរ ក្នុងរដូវកាលបៃតង

    (មណ្ឌលគិរី)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ស្នើដល់រដ្ឋបាលខេត្ត និងមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី ចូលរួមអនុវត្តយុទ្ធនាការ «រដូវកាលបៃតង (Green Season)» និងជួយជំរុញការលើកផ្លាករមណីយដ្ឋានទេសចរណ៍ នៅតាមផ្លូវជាតិ ព្រំប្រទល់ចូលខេត្ត និងនៅតាមតំបន់រមណីយដ្ឋាននានា ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

    ការលើកឡើងរបស់ លោក ហួត ហាក់ ធ្វើឡើង ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសចូលកាន់មុខតំណែង លោក ស៊ាង សឿន ជាប្រធានមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី ដែលប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្តមណ្ឌលគិរី កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥។

    ថ្លែងក្នុងពិធីនេះ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានផ្តល់អនុសាសន៍ណែនាំ ដល់ប្រធានមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី ត្រូវខិតខំប្រឹងប្រែងរួមគ្នាជាធ្លុងមួយជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីកិច្ចសន្យានៃមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរីទាំងអស់ ដោយឈរលើស្មារតីទទួលខុសត្រូវខ្ពស់ សាមគ្គីភាព និងឯកភាពផ្ទៃក្នុងជាមួយមន្ទីរ-អង្គភាពជុំវិញខេត្ត ក្រោមការដឹកនាំរបស់រដ្ឋបាលខេត្ត និងមានកិច្ចសហប្រតិបត្តិការល្អជាមួយ វិស័យឯកជន បណ្តាញសារព័ត៌មាន និងអ្នកផលិតមាតិកាផ្សព្វផ្សាយទេសចរណ៍ ដើម្បីចូលរួមអភិវឌ្ឍន៍ និងលើកកម្ពស់វិស័យទេសចរណ៍នៅខេត្តមណ្ឌលគិរី។

    ជាពិសេស ពង្រឹងការផ្ដល់សេវាសាធារណៈគាំទ្រដល់វិស័យទេសចរណ៍ និងការវិនិយោគក្នុងឧស្សាហកម្មទេសចរណ៍ ពង្រឹងការផ្សព្វផ្សាយឲ្យបានកាន់តែទូលំទូលាយ នូវសក្តានុពលទេសចរណ៍ខេត្តមណ្ឌលគិរី ព្រមទាំងការបង្កើតផលិតផលទេសចរណ៍ និងព្រឹត្តិការណ៍ថ្មីៗប្រកបដោយភាពច្នៃប្រឌិតខ្ពស់ និងដោយរក្សាអត្តសញ្ញាណខេត្ត និងតំបន់៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

    Share This Post: