ព័ត៌មានជាតិ May 29, 2025

សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជាត្រៀមសំណាញ់មេឃរួចរាល់ ដើម្បីការពារប្រទេស ពីការឈ្លានពានតាមផ្លូវអាកាស

Liny Chan

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានមានប្រសាសន៍បញ្ចាក់ច្បាស់ៗ ពីការត្រៀមលក្ខណៈរួចជាស្រេច ដើម្បីការពារអធិបតេយ្យជាតិ បូរណភាពទឹកដី ពីការឈ្លៀនពានរបស់បរទេស ជាពិសេសតាមផ្លូវអាកាស ដោយសម្ដេចបានប្រកាសច្បាស់ៗថា «កម្ពុជា បានត្រៀមសំណាញ់មេឃរួចរាល់ ដើម្បីការពារប្រទេស»។ ប្រសាសន៍របស់សម្ដេច បានធ្វើឡើងនៅក្នុងសេចក្ដីថ្លែងសារពិសេស ពាក់ព័ន្ធរឿងព្រំដែនកម្ពុជា-ថៃ ក្នុងកិច្ចប្រជុំពេញអង្គព្រឹទ្ធសភា នាព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា៖ «មានអ្នក Comment សួរថា ថៃបានត្រៀមយន្តហោះចម្បាំងរួចហើយ តើកម្ពុជាបានត្រៀមអ្វីខ្លះ? ខ្ញុំសូមបញ្ជាក់ត្រឡប់ទៅវិញថា កម្ពុជា ជាពិសេសតេជោសែន ស្គាល់ច្បាស់ណាស់ អំពីយុទ្ធសាស្រ្តសង្រ្គាម ខ្ញុំធ្លាប់យន្តហោះអាមេរិក សង្រ្គាមវៀតណាមដេញបាញ់តែធ្វើស្អីខ្ញុំមិនបានទេ។ ខ្ញុំក៏ធ្លាប់បញ្ជាលើកម្លាំងប្រដាប់អាវុធកម្ពុជា ក្នុងឋានៈជានាយករដ្ឋមន្រ្តី ពេលនោះយើងមាន MIG-21bis រាប់សិនគ្រឿង ប៉ុន្តែយើងមិនដែលយក MIG ទៅវាយកន្លែងណាមួយទេ។ ផ្ទុយទៅវិញមួយឆ្នាំត្រូវឱ្យវា ៣៨០តោនក្នុងមួយឆ្នាំ យន្តហោះមួយគ្រឿងត្រូវឱ្យប្រេង ៣៨០តោន ដើម្បីការហ្វឹកហាត់ ក្រោយមកខ្ញុំកាត់ឱ្យនៅសល់ត្រឹមតែ២៨០តោន កាត់១០០តោនចេញ»

សម្ដេចតេជោ បានពន្យល់បន្ថែមថា៖ «អញ្ចឹងឥលូវកម្ពុជា អត់មានប្រើយន្តហោះសម្រាប់ការច្បាំងរបៀបនេះទេ ប៉ុន្តែកម្ពុជាមានសំណាញ់មេឃ ប៉ុន្តែពួកអាល្ងង់មួយចំនួននោះ វាអត់ស្គាល់សំណាញ់មេឃស្អីទេ។ វាថាស្អីគេសំណាញ់មេឃ? សំណាញ់មេឃគ្រាប់ទៅពីក្រោម យន្តហោះកាលណាហ្អែងហោះពីលើខ្ពស់ ហ្អែងធ្វើអីអញ់អត់បានទេ! ប៉ុន្តែបើហ្អែងចង់ធ្វើអីអញ់ ហ្អែងត្រូវតែដាប់ក្បាលចុះ ពេលដែលដាំក្បាលចុះ អាហ្នឹងទៅពីខាងក្រោមរាប់ពាន់ រាប់ម៉ឺន រាប់សែនគ្រាប់ ងាយអីហ្នឹងត្រូវខ្លះ? អញ្ចឹងបានជាសង្រ្គាមទល់ដែនអត់មានប្រើយន្តហោះមកវាយទេ គ្រាន់តែជម្រាបជូន។ ហើយឥលូវនេះកម្ពុជាមានប្រព័ន្ធការពាដែនអាកាសយ៉ាងល្អប្រសើរ ដែលយើងសាកល្បងបាញ់៤០គីឡូទៅម្ខាង យើងអាចបាញ់ទៅរួច។ ប៉ុន្តែខ្ញុំគិតថា ប្រភេទអស់ទាំងនេះមិនចាំបាច់ទេ អញ្ចឹងអ្នកចូលមក Comment ថាខាងថៃបានរៀបចំយន្តហោះចម្បាំងហើយ នេះគ្រាន់តែជាពាក្យអុជអាលទេ ប៉ុន្តែបើសិននេះជាពាក្យពិត កម្ពុជាក៏សូមប្រាប់ត្រឡប់ទៅវិញថា កម្ពុជាបានត្រៀមអាវុធបាញ់ហោះហើយ។ តែប៉ុណ្ណឹងទេ ប្រាប់ទៅអ្នកដែលចូល Comment »

សម្ដេចប្រធានព្រឹទ្ធសភា បានសង្កត់ធ្ងន់ថា កុំសង្ឃឹមទៅលើកាំភ្លើងធំខ្លាំងពេក កុំសង្ឃឹមទៅលើដ្រូន កុំសង្ឃឹមទៅលើមីស៊ីល កុំសង្ឃឹមទៅលើយន្តហោះ ដ៏រាបណាថ្មើជើងចូលអត់ដល់កសង្ឃឹមថាឈ្នះ។ យ៉ាងណាមិញសម្ដេចតេជោ ហ៊ុន សែន នៅតែសង្ឃឹមថា សភាពការណ៍ដែលបានកើតឡើងនៅមុំបី នឹងមិនរីករាលដាលទៅកាន់តំបន់ផ្សេងៗទៀតដូចជានៅតំបន់ប្រាសាទព្រះវិហារ ប្រាសាទតាមាន់ និងតាក្របី ជាពិសេសនៅតាមបន្ទាត់ព្រំដែនតែម្ដង។

សូមជម្រាបថា សេចក្ដីថ្លែងសារពិសេសរបស់សម្ដេចតេជោ ហ៊ុន សែន បានធ្វើឡើងក្រោយមានការប៉ះទង្គិចប្រដាប់អាវុធ រវាងកងទ័ពកម្ពុជា និងកងទ័ពថៃនៅព្រំដែន ក្នុងតំបន់មុំបី ខេត្តព្រះវិហារ នាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥៕ ផ្ដល់សិទ្ធិដោយ៖ Fresh News