ព័ត៌មានជាតិ June 2, 2025

សម្ដេចតេជោ ហ៊ុន សែន ព្រមានថៃ កុំប្រើផែនទីចោរឆ្នាំ២០០៨ មកបំពានដែនអធិបតេយ្យកម្ពុជា

Liny Chan

(ភ្នំពេញ)៖ ថ្លែងសារមុនផ្ដើមសមាជរដ្ឋសភា និងព្រឹទ្ធសភា នៅរសៀលថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥នេះ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានព្រមានដល់ភាគីថៃ ដែលជាគូជម្លោះជាមួយកម្ពុជាលើបញ្ហាព្រំដែន កុំប្រើប្រាស់ផែនដែលគ្មានប្រភពច្បាស់លាស់ ដែលសម្ដេចហៅថា ជាផែនទីចោរឆ្នាំ២០០៨ មកបន្ដរំលោភដែនអធិបតេយ្យរបស់កម្ពុជា។

សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍ចំពោះការផ្លាស់ប្ដូរខ្នាតនៃការប្រើប្រាស់ផែនទី 1/100000 ឬ 1/50000 ឬ 1/25000 ប៉ុន្ដែត្រូវតែច្បាស់លាស់អំពីប្រភពដើម នៃការគូសផែនទី ពោលមិនអាចយកផែនទីដែលគូសដោយឯកតោភាគីមកប្រើប្រាស់បានដាច់ខាត។ សម្ដេចសង្កត់ធ្ងន់ថា ភាគីថៃ និងកម្ពុជា ត្រូវប្រើប្រាស់ដោយអនុវត្តតាមកិច្ចព្រមព្រៀងបារាំង-សៀម ឆ្នាំ១៩០៤-១៩០៧ ដែលជាមូលដ្ឋាននៃឯកសារ ក្នុងពង្រីកផែនទី។

«អ្នកមិនអាចប្រើប្រាស់ខ្នាតផែនទី 1/50000 របស់អ្នក ហើយបំពានលើអធិបតេយ្យជាតិរបស់កម្ពុជា។ កម្ពុជាមិនមែនជាក្មេងបៀមដៃសម្រាប់អ្នកប្រមាថ និងបោកបញ្ឆោតឈ្លានពានតាមអំពើចិត្តទេ […] ផែនទីចោរដែលឈ្លានពានយើងឆ្នាំ២០០៨ គឺមិនគប្បីត្រូវបានប្រើប្រាស់ទៀតទេ យើងសូមប្រាប់អ្នកឲ្យបានដឹង»។ នេះជាប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រីដ៏មានឥទ្ធិពលរបស់កម្ពុជា។

បើតាមប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន, កម្ពុជា មានតម្លាភាពក្នុងការប្រើប្រាស់ផែនទី ដោយត្រូវប្រកាសនៅចំពោះមុខប្រជាជាតិទាំងមូល ហើយក្នុងករណីកម្ពុជា ចង់ផ្លាស់ប្ដូរខ្នាតនៃការប្រើប្រាស់ផែនទី ត្រូវជូនដំណឹងទៅប្រធានាធិបតីបារាំង ដើម្បីស្នើសុំអ្នកបច្ចេកទេសជួយពិនិត្យ។ ជាក់ស្ដែងដូចអ្វីដែលធ្លាប់អនុវត្តជាមួយប្រទេសវៀតណាម និងប្រទេសឡាវ ក្នុងការផ្លាស់ប្ដូរខ្នាតផែនទី ពីផែនទីបោន 1/100000 មកផែនទី UTM 1/50000។

ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវដល់ប្រជាពលរដ្ឋកម្ពុជាគ្រប់មជ្ឈដ្ឋាន បន្ដយកចិត្តទុកដាក់តាមដានសភាពការណ៍វិវត្តន៍ថ្មីៗ ជុំវិញការឡើងកម្ដៅលើបញ្ហាព្រំដែនកម្ពុជា-ថៃ ដោយស្មារតីនឹងនកុំមានការស្លន់ស្លោ ហើយត្រូវផ្ដល់ការគាំទ្រលើកទឹកចិត្តចំពោះកងទ័ពនៅសមរភូមិមុខ។ សម្ដេចតេជោ បានបន្ដថា នៅពេលនេះភាគីថៃ បានរៀបចំលេនដ្ឋានរបស់គេ ប៉ុន្ដែការរៀបចំសូមកុំបំពាន ឬរៀបចំលើទឹកដីកម្ពុជាជាដាច់ខាត។

សូមរំលឹកថា ទាក់ទិនបញ្ហាព្រំដែនកម្ពុជា-ថៃ ដែលកំពុងមានការឡើងកម្ដៅនៅប៉ុន្មានថ្ងៃចុងក្រោយនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥នេះ បានអះអាងជាថ្មីម្ដងទៀតថា រាជរដ្ឋាភិបាលកម្ពុជា នឹងប្ដឹងទៅតុលាការយុត្តិធម៌អន្ដរជាតិ ICJ ដើម្បីរំលត់ និងបញ្ចប់បញ្ហាព្រំដែនជាមួយប្រទេសថៃ បើទោះបីថៃមិនព្រមឡើងទៅតុលាការ ICJ យ៉ាងណាក៏ដោយ។

ការបញ្ជាក់ជាថ្មីរបស់ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ធ្វើឡើងក្នុងសមាជជាលើកដំបូងជជែកអំពីប្រព័ន្ធ​គាំពារសង្គម, សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងកសិកម្ម របស់រដ្ឋសភា និងព្រឹទ្ធសភា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការដោះស្រាយតាមផ្លូវតុលាការអន្ដរជាតិ ដើម្បីកុំឲ្យប្រទេសទាំងពីរឈានដល់ការផ្ទុះអាវុធដាក់គ្នា និងធ្លាក់ចូលអន្ទាក់របស់ក្រុមជ្រុលនិយម។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «ដោយសារភាពមិនច្បាស់លាស់អំពីបញ្ហាព្រំដែន ក៏ដូចជា MoU ឆ្នាំ២០០០។ បើទោះបីជាភាគីថៃ មិនឯកភាពជាមួយយើង នៅក្នុងយកបញ្ហានេះទៅ ICJ ក៏កម្ពុជានឹងប្ដឹង ICJ ដើម្បីបញ្ចប់បញ្ហា និងពន្លត់បញ្ហានេះតែម្ដងកុំឲ្យមានបញ្ហាស្រពិចស្រពិលគ្នា ពិសេសការធ្លាក់ចូលក្នុងការបំផុសរុញច្រាន ដោយក្រុមជ្រុលនិយមមួយក្ដាប់តូច នៅក្នុងប្រទេសថៃ និងកម្ពុជា ដែលអាចឈានទៅដល់ការផ្ទុះអាវុធ និងការប្រឈមមុខដាក់គ្នា»

បើតាមប្រសាសន៍របស់សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ដ្រីនៃកម្ពុជា, បើទោះបីជាកម្ពុជា ព្យាយាមដោះស្រាយដោយសន្ដិវិធីតាមយន្ដការបច្ចេកទេស និងផ្អែកលើមូលដ្ឋានច្បាប់អន្ដរជាតិ ប៉ុន្ដែកម្ពុជារក្សាសិទ្ធិក្នុងការការពារបូរណភាពទឹកដីរបស់ខ្លួនតាមគ្រប់មធ្យោបាយ រួមទាំងការប្រើប្រាស់កម្លាំងប្រដាប់អាវុធ បើសិនជាមានការប៉ុនប៉ង់រំលោភដែនអធិបតេយ្យភាពរបស់កម្ពុជា ដោយប្រើប្រាស់កម្លាំងប្រដាប់អាវុធ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News