ព័ត៌មានជាតិ June 4, 2025

៥ខែដំបូងឆ្នាំនេះ កម្ពុជានាំចេញអង្ករជាង ៣៤ម៉ឺនតោន បានចំណូលជាង ២៥២លានដុល្លារ ខណៈនាំចេញស្រូវជាង ៣លានតោនបានចំណូល ៧៤០លានដុល្លារ

Liny Chan

(ភ្នំពេញ)៖ ក្នុងរយៈពេល៥ខែ នៃឆ្នាំ ២០២៥នេះ កម្ពុជាបាននាំចេញអង្ករចំនួន ៣៤៤ ១៩៩ តោន គិតជាទឹកប្រាក់បានចំនួន ២៥២.៣០លានដុល្លារសហរដ្ឋអាមេរិក។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់សហព័ន្ធស្រូវអង្ករកម្ពុជា ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៥។

សេចក្ដីប្រកាសព័ត៌មានបានឲ្យដឹងថា ការនាំចេញអង្ករជាង ៣៤ម៉ឺនតោននេះ ធ្វើឡើងតាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៤៨ ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន៦៣ ដែលក្នុងនោះទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន ២៦ បានបរិមាណអង្ករចំនួន ១៦០ ៧៣២ តោន គិតជាទឹកប្រាក់ចំនួន ១២៦.៧៥លានដុល្លារសហរដ្ឋអាមេរិក, ទៅកាន់ប្រទេសចិន និងហុងកុង ចំនួន ៩០ ៦៦៥ តោន គិតជាទឹកប្រាក់ចំនួន ៥៣.២៥ លានដុល្លារសហរដ្ឋអាមេរិក, ទៅកាន់ប្រទេសក្នុងអាស៊ាន ចំនួន ៥ ប្រទេសបានបរិមាណចំនួន ៤៩ ៧០០ តោន គិតជាទឹកប្រាក់ចំនួន ៣៤.៥៦ លានដុល្លារសហរដ្ឋអាមេរិក និងទៅកាន់គោលដៅ៣០ ប្រទេសផ្សេងទៀតមានអាហ្វ្រិក មជ្ឈឹម បូព៌ា អាមេរិក កាណាដា អូស្ត្រាលី ញ៉ូហ្សេឡេន… បានចំនួន ៤៣ ០៩៩ តោន គិតជាទឹកប្រាក់ចំនួន ៣៧.៨០ លានដុល្លារសហរដ្ឋអាមេរិក។

ចំពោះប្រភេទអង្ករ បាននាំចេញអង្ករក្រអូបចំនួន ៧៥.៥៦% ប្រភេទអង្ករសគ្រាប់វែង ១៩.៣៣% អង្ករចំហ៊ុយ ២.៤៣% អង្ករសរីរាង្គចំនួន ២.០៣% និងអង្ករផ្សេងៗចំនួន ០.៦៥% ។

ជាមួយគ្នានេះ ៥ខែមកនេះ ប្រទេសកម្ពុជាក៏បាននាំចេញស្រូវចំនួន ៣ ១០២ ៩៧៣ តោនស្រូវសើម ដែលគិតជាទឹកប្រាក់បានប្រមាណ ៧៤០.៩៤ លានដុល្លារសហរដ្ឋអាមេរិក៕ ផ្ដល់សិទ្ធិដោយ៖ Fresh News