Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រៅពីកងទ័ពឆ្មាំជាតិ អាមេរិកនឹងដាក់ពង្រាយទាហានម៉ារីន ទៅកាន់តំបន់មានបាតុកម្ម ខណៈលោក ត្រាំ គាំទ្រការចាប់ខ្លួនអភិបាលរដ្ឋ California 

    BY Liny Chan June 10, 2025
    ក្រៅពីកងទ័ពឆ្មាំជាតិ អាមេរិកនឹងដាក់ពង្រាយទាហានម៉ារីន ទៅកាន់តំបន់មានបាតុកម្ម ខណៈលោក ត្រាំ គាំទ្រការចាប់ខ្លួនអភិបាលរដ្ឋ California 

    (វ៉ាស៉ីនតោន)៖ យោធាអាមេរិក នឹងដាក់ពង្រាយទាហានម៉ារីនប្រហែល ៧០០នាក់ជាបណ្ដោះអាសន្ន ទៅកាន់ទីក្រុង Los Angeles រហូតទាល់តែកងទ័ពឆ្មាំជាតិបន្ថែមទៀតអាចទៅដល់គោលដៅ ខណៈវាជាចំណាត់ការមួយទៀតរបស់ប្រធានាធិបតី លោក ដូណាល់​ ត្រាំ ចំពោះការតវ៉ាតាមដងផ្លូវជុំវិញគោលនយោបាយអន្តោប្រវេសន៍ដ៏ចម្រូងចម្រាស់របស់លោក។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១០ ខែមិថុនា ឆ្នាំ ២០២៥។

    មកទល់នឹងថ្ងៃចន្ទ បាតុកម្មប្រឆាំងអាជ្ញាធរអន្តោប្រវេសន៍សហព័ន្ធ នៅក្នុងទីក្រុង Los Angeles បានឈានចូលដល់ថ្ងៃទីបួនហេីយ ដោយមានបាតុកររាប់រយនាក់ប្រមូលផ្តុំគ្នានៅខាងក្រៅមណ្ឌលសម្រាប់ឃុំឃាំងជនអន្តោប្រវេសន៍។ តាមយោធាអាមេរិក កងវរសេនាតូចមួយនឹងត្រូវបញ្ជូនជួយការពារទ្រព្យសម្បត្តិរដ្ឋ និងបុគ្គលិករហូតដល់កងទ័ពឆ្មាំជាតិបន្ថែមទៀតមកដល់។

    អភិបាលរដ្ឋ California លោក Gavin Newsom បាននិយាយថា ដាក់ពង្រាយកងទ័ពឆ្មាំជាតិ គឺជារឿងខុសច្បាប់ ដោយបំពានលើអំណាចគ្រប់គ្រងរបស់រដ្ឋ។​

    លោក Tom Homan ដែលជាមេភ្នាក់ងារព្រំដែនរបស់លោក ត្រាំ បាននិយាយថា លោក Newsom គួរតែត្រូវបានចាប់ខ្លួន ប្រសិនបេីហ៊ានរារាំងវិធានការអនុវត្តច្បាប់អន្តោប្រវេសន៍។ លោក ត្រាំ បានគាំទ្រការលេីកឡេីងនេះដោយនិយាយថា «ខ្ញុំនឹងធ្វើ ប្រសិនបើខ្ញុំជា Tom។ ខ្ញុំគិតថាវាល្អ»

    គួរបញ្ជាក់ថា ប៉ូលិសនៅទីក្រុង Los Angeles បានចោទប្រកាន់ថា ក្រុមបាតុករមួយចំនួន បានគប់ដុំថ្មបេតុង ដប និងវត្ថុផ្សេងៗទៀតមកលើប៉ូលិស ខណៈដែលបាតុកររាប់សិបនាក់ត្រូវបានចាប់ខ្លួន៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    Share This Post: