ព័ត៌មានជាតិ June 12, 2025

លោក ត្រាំ ប្រកាសឱ្យស្គាល់គេហទំព័រលក់កាតមាសតម្លៃ ៥លានដុល្លារ សម្រាប់អ្នកដែលចង់រស់នៅអាមេរិក

Liny Chan

(វ៉ាស៉ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានណែនាំឱ្យស្គាល់គេហទំព័រថ្មីមួយឈ្មោះ TrumpCard.gov សម្រាប់ការចុះឈ្មោះទិញ Trump Card ឬកាតមាសតម្លៃ ៥លានដុល្លារ ដើម្បីទទួលបានការអនុញ្ញាតរស់នៅ ក្នុងសហរដ្ឋអាមេរិក។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១២ ខែមិថុនា ឆ្នាំ ២០២៥។

លោក ត្រាំ ធ្លាប់ប្រកាសថា អ្នកទិញកាតនេះនឹងមានឱកាសក្លាយជាពលរដ្ឋអាមេរិក។ តាមបណ្តាញសង្គម លោក ត្រាំ គូសបញ្ជាក់ថា «មនុស្សរាប់ពាន់នាក់ បានទូរស័ព្ទមកសួរពីរបៀប ដែលពួកគេអាចទិញកាតប្រភេទនេះបាន។ វាមិនទាន់មានទេ ប៉ុន្តែតាមរយៈគេហទំព័រខាងលើ អ្នកដែលចាប់អារម្មណ៍អាចដាក់ឈ្មោះ និងអាសយដ្ឋានអ៉ីមែល ភ្ជាប់ជាមួយពាក្យថា The Trump Card is Coming»

តាមលោក ត្រាំ កាតថ្មីនេះនឹងក្លាយជាផ្លូវឆ្ពោះទៅរកការទទួលបានសញ្ជាតិអាមេរិក ដែលមានការឱ្យតម្លៃខ្ពស់។ រដ្ឋបាលរបស់លោក រំពឹងសង្ឃឹមថានឹងអាចលក់បានប្រហែលមួយលានកាត ហើយមិនបដិសេធទេថា ក្រុមមហាសេដ្ឋីរុស្ស៉ីអាចមានសិទ្ធិទិញ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News