ព័ត៌មានជាតិ June 13, 2025

កុំឲ្យថៃប្រមាថ និងព្រហើន! មន្ដ្រីប្រៃសណីយ៍កម្ពុជា ចុះទៅកាត់ខ្សែ Internet របស់ថៃចោលមុននៅប៉ោយប៉ែត

Liny Chan

(បន្ទាយមានជ័យ)៖ អនុវត្តតាមបទបញ្ជារបស់ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដើម្បីកុំឲ្យមានការប្រមាថពីភាគីថៃ ដែលគំរាមម្ដងហើយម្ដងទៀត ដើម្បីកាត់ផ្ដាច់ប្រព័ន្ធ Internet មួយផ្នែកដែលគេផ្គត់ផ្គង់មកក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យនោះ, មន្ដ្រីប្រៃសណីយ៍កម្ពុជា បានចុះទៅកាត់ខ្សែ Internet របស់ថៃដោយខ្លួនឯងតែម្ដង មិនរង់ចាំឲ្យភាគីថៃផ្ដាច់នោះទេ។

ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥នេះ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានអះអាងថា មន្ដ្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សហការជាមួយអាជ្ញាធរខេត្ត បានចុះទៅកាន់ផ្ដាច់ខ្សែ Internet របស់ថៃ ដែលផ្គត់ផ្គង់មួយផ្នែកនៅតំបន់ក្រុងប៉ោយប៉ែត។ លោកបន្ថែមថា ការចុះទៅកាត់ផ្ដាច់ខ្សែ Internet នេះបានធ្វើឡើងតាំងពីយប់រំលងអធ្រាត្រមកម្ល៉េះ ក្រោយបទបញ្ជារបស់សម្ដេចនាយករដ្ឋមន្ដ្រី។

បើតាមលោកអភិបាលខេត្ត, បើទោះបីខ្សែ Internet របស់ថៃត្រូវបានកាត់ផ្ដាច់ក៏ដោយ ប៉ុន្ដែមិនបានជះឥទ្ធិពលធ្ងន់ធ្ងរ ឬប៉ះពាល់ដល់អ្នកប្រើប្រាស់របស់កម្ពុជាឡើយ ពោលនៅពេលនេះមន្ដ្រីជំនាញកំពុងបង្វែរការប្រើប្រាស់ Internet មួយផ្នែករបស់ថៃ មកប្រើប្រាស់ប្រព័ន្ធនៅក្នុងស្រុកវិញ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News