ព័ត៌មានជាតិ June 13, 2025

ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី ជឿជាក់ថា ពលរដ្ឋខ្មែរគាំទ្រចំណាត់ការរបស់រាជរដ្ឋាភិបាល ឆ្លើយតបចំពោះភាពគគ្លើនរបស់ភាគីថៃ ដើម្បីការពារអធិបតេយ្យភាពកម្ពុជា

Liny Chan

(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី រដ្ឋមន្ដ្រីក្រសួងមុខងារសាធារណៈ នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥នេះ បានបញ្ចេញសារមួយនៅលើបណ្ដាញសង្គម ក្រោយពេលរាជរដ្ឋាភិបាលកម្ពុជា ប្រើប្រាស់វិធានការឆ្លើយតបចំពោះភាពគគ្លើនរបស់ភាគីថៃ ដើម្បីការពារអធិបតេយ្យភាពរបស់កម្ពុជា។

តាមរយៈបណ្ដាញសង្គម ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី បានជឿជាក់ថា ចំពោះវិធានការឆ្លើយតបរបស់រាជរដ្ឋាភិបាល ប្រជាពលរដ្ឋកម្ពុជានឹងគាំទ្រនូវចំណាត់ការនេះផងដែរ។ លោកអះអាងថា រាជរដ្ឋាភិបាលកម្ពុជា មិនអាចនៅស្ងៀមចំពោះការប្រមាថដែលមិនសមរម្យមកលើជាតិសាសន៍ខ្លួន ក្នុងនាមជាអារ្យប្រទេសមួយដ៏ចំណាស់ក្នុងពិភពលោកបានឡើយ ហើយកម្ពុជាមិនមែនជាប្រទេស ដែលធ្លាប់សុំការសណ្តោសប្រោសប្រណីពីប្រទេសណាមួយនោះទេ។

ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី បានរៀបរាប់យ៉ាងដូច្នេះថា៖

«ជូនបងប្អូនជនរួមជាតិ

ក្នុងរយៈពេលចុងក្រោយនេះ ស្ថានភាពតានតឹងរវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ បានវិវឌ្ឍឈានទៅដល់ការរុញឲ្យមានការប្រើប្រាស់មធ្យោបាយសេដ្ឋកិច្ច ដើម្បីបញ្ចេញកំហឹងជាតិសាសន៍ ជាលក្ខណៈឯកតោភាគីថៃ។ ជាការឆ្លើយតបទៅនឹងទង្វើដ៏គគ្លើន និងមិនគប្បីជាច្រើនលើកច្រើនសានេះ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចចេញនូវវិធានការមួយចំនួនតបទៅវិញ ក្នុងភាពចាស់ទុំ និងដោយយកឧត្តមប្រយោជន៍ជាតិប្រជាជន ជាធំ។ ក្នុងន័យនេះ ខ្ញុំជឿជាក់ថា បងប្អូនជនរួមជាតិ ពិតជាយល់ស្រប ហើយគាំទ្រចំពោះចំណាត់ការដែលដាក់ចេញដោយរាជរដ្ឋាភិបាលនៅពេលនេះ។

យើងមិនអាចនៅស្ងៀមចំពោះការប្រមាថដែលមិនសមរម្យមកលើជាតិសាសន៍យើង ក្នុងនាមជាអារ្យប្រទេសមួយដ៏ចំណាស់ក្នុងពិភពលោកបានឡើយ។ កម្ពុជាមិនមែនជាប្រទេស ដែលធ្លាប់សុំការសណ្តោសប្រោសប្រណីពីប្រទេសណាមួយឡើយ។ ពិតណាស់ យើងធ្លាប់ធ្លាក់ក្នុងអន្លង់នៃវិនាសកម្ម ប៉ុន្តែយើងបានខិតខំប្រឹងប្រែងងើបឡើងវិញ ដោយមានការជួយជ្រោមជ្រែងពីមិត្តគ្រប់ទិសទី។ តែគ្រប់កាលៈទេសៈ បើយើងមិនប្រកាន់ជំហរ និងទស្សនៈរឹងមាំនោះទេ ក៏គ្មានសមិទ្ធផលណាអាចកើតមានឡើងបានដូចបច្ចុប្បន្ននេះឡើយ។

យើងមានគុណតម្លៃផ្ទាល់របស់យើង ហើយយើងក៏មានបន្ទាត់ក្រហម ដែលមិនត្រូវបំពានជាដាច់ខាត។

កូនខ្មែរគ្រប់រូបជាផ្នែកនៃខឿនការពារជាតិ យើងត្រូវរួមការពារ បូរណភាពទឹកដី ការពារផលប្រយោជន៍ជាតិ និងការពារកិត្តិយស និងភាពថ្លៃថ្នូររបស់ខ្មែរយើង។ ស្មារតីយើង សកម្មភាព កាយវិការ និងសំលេងនៃការគាំទ្ររបស់យើងម្នាក់ៗ គឺជាកម្លាំងចិត្ត និងថាមពលសម្រាប់រាជរដ្ឋាភិបាល និងកម្លាំងរបស់យើងនាពេលនេះ»៕ ផ្ដល់សិទ្ធិដោយ៖ Fresh News