រដ្ឋមន្ត្រី កែវ រតនៈ៖ ខេត្តកោះកុង និងកន្លែងដទៃទៀត ដែលជាប់ព្រំប្រទល់នឹងប្រទេសថៃទាំងអស់ គឺប្រើប្រាស់អគ្គិសនីដែលចេញពីបណ្តាញជាតិរបស់កម្ពុជា
(កោះកុង)៖ ថ្លែងចេញពីខេត្តកោះកុង ដែលជាខេត្តជាប់នឹងប្រទល់ប្រទេសថៃ លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥នេះ អះអាងជាថ្មីថា មកដល់ពេលនេះ ទាំងខេត្តកោះកុង និងកន្លែងដទៃទៀត ដែលជាប់ព្រំប្រទល់នឹងប្រទេសថៃទាំងអស់ គឺប្រើប្រាស់អគ្គិសនីដែលចេញពីបណ្តាញជាតិរបស់កម្ពុជា។

លោករដ្ឋមន្ត្រីបញ្ជាក់ថា ចាប់តាំងពីការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន កាលនៅជានាយករដ្ឋមន្ត្រី ការពង្រឹងឯករាជ្យភាពនៃថាមពលជាកត្តាសំខាន់ ហើយកត្តាគន្លឹះនេះក៏ស្ថិតនៅជាសរសេរស្តម្ភសំខាន់ ក្នុងការអភិវឌ្ឍន៍វិស័យអគ្គសិនីក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា គឺកម្ពុជាយើងអាចឈរជើងដោយខ្លួនឯង ដោយអាចទ្រទ្រង់ក្នុងផ្គត់ផ្គង់អគ្គិសនី ដល់បណ្តាខេត្តជាប់ព្រំប្រទល់កម្ពុជា-ថៃ ១០០ភាគរយ ហើយថាមពលស្អាត ៦២ភាគរយកំពុងចែកចាយទូទាំងប្រទេស។
សូមជម្រាបថា ឆ្លើយតបនឹងការគំរាមរបស់ក្រុមជ្រុលនិយមថៃ ដែលចង់ផ្តាច់អគ្គីសនីកម្ពុជានោះ នៅយប់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានសម្រេចឈប់ទិញអគ្គិសនីពីប្រទេសថៃ ដោយកម្ពុជាធានាការផ្គត់ផ្គង់អគ្គិសនីដោយខ្លួនឯង៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

