Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ថៃ៖ ការស្ទង់មតិក្នុងចំណោមនាយកប្រតិបត្តិ ១០០នាក់ ភាគច្រើនចង់ឱ្យលោកស្រី Paetongtarn លាលែងពីតំណែង

    BY Liny Chan June 20, 2025
    ថៃ៖ ការស្ទង់មតិក្នុងចំណោមនាយកប្រតិបត្តិ ១០០នាក់ ភាគច្រើនចង់ឱ្យលោកស្រី Paetongtarn លាលែងពីតំណែង

    (បាងកក)៖ អស្ថិរភាពនយោបាយនៅក្នុងប្រទេសថៃ កំពុងបង្កឱ្យមានការព្រួយបារម្ភកាន់តែខ្លាំងឡើង នៅក្នុងចំណោមក្រុមអ្នកដឹកនាំធុរកិច្ច ថាអាចនឹងធ្វើឱ្យប៉ះពាល់ថែមទៀត ដល់វិស័យសេដ្ឋកិច្ចរបស់ប្រទេស។ នេះបើយោងតាមការចេញផ្សាយដោយកាសែតថៃ The Nation។

    ការស្ទង់មតិនាពេលថ្មីៗ ធ្វើឡើងដោយកាសែត Krungthep Turakij ជាបណ្តាញរបស់ The Nation ផ្សាយជាភាសាថៃ បានសាកសួរនាយកប្រតិបត្តិចំនួន ១០០នាក់ មកពីវិស័យឈានមុខគេដូចជា ផលិតកម្ម កសិកម្ម ថាមពល អចលនទ្រព្យ ទេសចរណ៍ សេវាកម្ម និងវិស័យមួយចំនួនទៀត ជុំវិញទស្សនៈរបស់ពួកគេទាក់ទងនឹងវិបត្តិនយោបាយ ដែលកំពុងបន្ត។

    ភាគច្រើននៃនាយកប្រតិបត្តិដែលត្រូវបានសាកសួរ ចង់ឱ្យនាយករដ្ឋមន្ត្រី លោកស្រី Paetongtarn Shinawatra លាលែងពីតំណែង ពីព្រោះពួកគេយល់ឃើញថា ការដឹកនាំរបស់លោកស្រីកំពុងរួមចំណែក ធ្វើឱ្យស្ថានភាពនយោបាយ និងសេដ្ឋកិច្ចកាន់តែអាក្រក់ទៅៗ។ ពួកគេបានយល់ស្របគ្នាថា អស្ថិរភាពនយោបាយនៅក្នុងប្រទេសថៃ គឺជាកត្តាចំបងក្នុងការធ្វើឱ្យសេដ្ឋកិច្ចធ្លាក់ចុះ។ ពួកគេកំពុងអំពាវនាវឱ្យរដ្ឋាភិបាល ចាត់វិធានការបន្ទាន់ ដើម្បីស្តារទំនុកចិត្តផ្នែកសេដ្ឋកិច្ច ដោយស្នើឡើងថា រដ្ឋាភិបាលគួរតែផ្តោតលើការដោះស្រាយបញ្ហាបំណុល ដែលប្រជាពលរដ្ឋជួបប្រទះ គាំទ្រវិស័យទេសចរណ៍ និងបង្កើតបរិយាកាសសេដ្ឋកិច្ចប្រកបដោយស្ថិរភាព។

    គួរបញ្ជាក់ថា ស្ថានការណ៍នយោបាយថៃ កាន់តែស្មុគស្មាញខ្លាំង បន្ទាប់ពីការបែកធ្លាយកិច្ចសន្ទនា រវាងលោកស្រី Paetongtarn ជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ដែលធ្វើឱ្យប៉ះពាល់ដល់ទំនុកចិត្តរបស់ប្រជាជន ចំពោះរដ្ឋាភិបាល។ វិបត្តិ​ត្រូវ​បាន​កើនឡើង​បន្ថែម​ទៀត​ បន្ទាប់ពី​គណបក្ស Bhumjaithai បានដក​ខ្លួន​ចេញ​ពីក្រុមចម្រុះនៃរដ្ឋាភិបាល។

    ស្របពេលដែលគណបក្សភឿថៃ ប្រឈមមុខនឹងវិបត្តិ សហគមន៍ធុរកិច្ចថៃ ក៏បានជំរុញឱ្យ លោកស្រី Paetongtarn ធ្វើសកម្មភាពឱ្យបានឆាប់ និងយ៉ាងម៉ឺងម៉ាត់ ដើម្បីទទួលបានការជឿទុកចិត្តពីប្រជាជន និងទីផ្សារឡើងវិញ មុនពេលស្ថានភាពសេដ្ឋកិច្ចរបស់ប្រទេស រឹតតែយ៉ាប់យ៉ឺនជាងនេះ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    Share This Post: