រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា៖ ថៃមានសព្វាវុធ តាំងពីលើគោក ទឹក និងអាកាស ប៉ុន្តែខ្មែរមានសព្វាវុធ ដើម្បីការពារប្រទេសរបស់ខ្លួន
(ត្បូងឃ្មុំ)៖ នាយឧត្តមសេនីយ៍ ទៀ សីហា រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥នេះ បានលើកឡើងថា ប្រទេសថៃ មានសព្វាវុធតាំងពីលើគោក ទឹក និងអាកាស តែខ្មែរមានសព្វាវុធ ដើម្បីការពារប្រទេសជាតិ ដោយមិនបានតម្លើងសព្វាវុធ ឈ្លានពាននរណាឡើយ។

ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល នាយឧត្តមសេនីយ៍ ទៀ សីហា អញ្ជើញជាអធិបតី ក្នុងកម្មវិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៨ ទិវានៃការចងចាំដំណើរឆ្ពោះ ទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួបលើកទី៤៧ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្រ្គោះជាតិកម្ពុជា នាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥។
នាយឧត្តមសេនីយ៍ ទៀ សីហា បានបញ្ជាក់យ៉ាងដូច្នេះថា «ថៃបង្ហោះកាំជ្រួច បង្ហោះសព្វាវុធ មិនថា ដែនអាកាស មានយន្ដហោះចម្បាំង មានកាំភ្លើងធំ មាននាវាចម្បាំង ទាំងគោក ទឹក អាកាស មានគ្រប់ […] ខ្មែរមានអ្វី ខ្ញុំសូមជម្រាបថា ខ្មែរមិនមានយន្ដហោះចម្បាំង មិនមាននាវាចម្បាំងនោះទេ ព្រោះដោយសារខ្មែរបំពេញសមត្ថភាព ដើម្បីការពារប្រទេស»។
ទន្ទឹមគ្នានេះ នាយឧត្តមសេនីយ៍ ទៀ សីហា បានបញ្ជាក់ថា ខ្មែរមានកាំភ្លើងបាញ់ការពារអាកាស ខ្មែរមានកាំភ្លើងបាញ់ការពាររថក្រោះ ហើយខ្មែរក៏មានកាំភ្លើង បាញ់នៅជួរមុខ នៅឆ្នេរសមុទ្រផងដែរ។
រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បានឲ្យដឹងផងដែរថា ខ្មែរបានសហការ ជាមួយភាគីមិត្ដមួយចំនួន ក្នុងការលើកតម្កើងសមត្ថភាពយោធា ត្រឹមការពារប្រទេស ដាច់ខាត គឺការពារប្រទេស មិនមានតម្កើងសព្វាវុធ ក្នុងការឈ្លានពានគេនោះទេ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News




















































