Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    សម្តេចតេជោ ហ៊ុន សែន៖ បើចោទកម្ពុជាជាអ្នករំលោភដីថៃ ហេតុអ្វីថៃមិនព្រមប្តឹងកម្ពុជាទៅតុលាការអន្តរជាតិ? មានតែអ្នកខ្វះសុច្ចរិតភាពទេ ដែលខ្លាចដំណើរការតាមផ្លូវច្បាប់

    BY Liny Chan June 27, 2025
    សម្តេចតេជោ ហ៊ុន សែន៖ បើចោទកម្ពុជាជាអ្នករំលោភដីថៃ ហេតុអ្វីថៃមិនព្រមប្តឹងកម្ពុជាទៅតុលាការអន្តរជាតិ? មានតែអ្នកខ្វះសុច្ចរិតភាពទេ ដែលខ្លាចដំណើរការតាមផ្លូវច្បាប់

    (ព្រះវិហារ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានចោទសួរទៅកាន់ភាគីថៃ ដែលចោទកម្ពុជាថារំលោភពនោះថា ហេតុអ្វីបានជាមិនព្រមប្តឹងទៅតុលាការ? ហើយសម្តេចបានលើកឡើងថា «មានតែអ្នកខ្វះសុច្ចរិតភាពទេ ដែលខ្លាចដំណើរការតាមផ្លូវច្បាប់»

    ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន បែបនេះ បានធ្វើឡើងនៅក្នុងពិធីសំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ក្នុងខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥នេះ។

    សម្តេចបានបញ្ជាក់ដូច្នេះថា៖ «ខ្ញុំចេះតែឆ្ងល់ថា ថៃបានចោទកម្ពុជាថារំលោភដីថៃ ហេតុអ្វីក៏ថៃខ្វះសេចក្តីក្លាហានប្តឹងកម្ពុជាទៅតុលាការ ខ្ញុំសូមចោទសួរទៅទីក្រុងបាងកក អ្នកបានចោទកម្ពុជាថារំលោភលើអធិបតេយ្យថៃ ប៉ុន្តែហេតុអ្វីអ្នកមិនប្តឹងកម្ពុជាទៅតុលាការអន្តរជាតិ ហើយហេតុអ្វីបានជាអ្នកមិនព្រមឡើងតុលាការជាមួយកម្ពុជា សូមប្រជាជនថៃ សូមប្រជាជនកម្ពុជា ក៏ដូចជាមិត្តភក្តិអន្តរជាតិ ពិចារណាអំពីបញ្ហានេះ ពិចារណាចំណុចនេះឱ្យបានដិតដល់»

    សម្តេចបានបន្តចោទសួរថា ហេតុអ្វីបានត្រូវខ្លាចតុលាការ? ហើយមកថាកម្ពុជាជាអ្នករំលោភ ហេតុអ្វីមិនប្តឹងទៅតុលាការ? នៅក្នុងប្រទេសមួយ បើភាគីណាមួយមិនសុខចិត្ត គឺត្រូវប្តឹងទៅតុលាការ ហើយនៅលើភពលោកមានតុលាការយុត្តិធម៌អន្តរជាតិដូចគ្នា។

    សម្តេចបានថ្លែងថា មេដឹកនាំថៃមិនគួរណាខ្លាចនូវអ្វីដែលជាផ្លូវច្បាប់នោះទេ ហើយបើតុលាការកាត់ក្តី នឹងងាយស្រួលដល់រដ្ឋាភិបាលប្រទេសនីមួយៗ ធ្វើការពន្យល់ប្រជាពលរដ្ឋរបស់ខ្លួន។

    សម្តេចបានចោទជាសំណួរថា «តើហេតុអ្វីបានជាថៃទាត់ចោលនូវដំណើរការផ្លូវច្បាប់? បើនិយាយមួយបែបទៅមានតែអ្នកខ្វះសុចរិតភាពទេ ដែលខ្លាចដំណើរការតាមផ្លូវច្បាប់នោះ»៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    Share This Post: