ព័ត៌មានជាតិ June 30, 2025

រដ្ឋាករទឹកក្រុងភ្នំពេញរកចំណូលបានជាង ៨៦លានដុល្លារ នៅឆ្នាំ២០២៤ ខណៈប្រាក់ចំណេញជាង ២១លានដុល្លារ

Liny Chan

(ភ្នំពេញ)៖ ក្នុងឆ្នាំ២០២៤ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ទទួលបានចំណូលសរុបចំនួន ៣៤៧ប៊ីលានរៀល ឬប្រមាណជាង៨៦លានដុល្លារ ដែលទទួលបានពីការលក់ស្អាតប្រមាណជាង ២០០លានម៉ែត្រគូប និងទទួលបានប្រាក់ចំណេញជាង ៨៥ប៊ីលានរៀល ឬប្រមាណជាង២១លានដុល្លារ។

ថ្លែងក្នុងមហាសន្និបាតភាគហ៊ុនិកលើកទី១៣ របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥នេះ លោក ឯក សុនចាន់ ប្រធានក្រុមប្រឹក្សាភិបាលរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានឱ្យដឹងថា ទឹកប្រាក់ប្រមាណជាង ៣០ប៊ីលានរៀលនឹងត្រូវបានបែងចែកដល់ម្ចាស់ភាគហ៊ុន ក្នុងនោះ ៤ប៊ីលានរៀល ត្រូវបានបែងចែកដល់ភាគហ៊ុនិក និងជាង២៥ប៊ីលានរៀល ជាភាគលាភរបស់រដ្ឋ ដែលតំណាងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ភាគលាភនេះនឹងត្រូវបានបែងចែកជាសាច់ប្រាក់ជូនភាគហ៊ុនិក ចាប់ពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ និងបញ្ចប់នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ ក្នុងចំនួន ៣៥០រៀល ក្នុងមួយភាគហ៊ុន ដូចគ្នាទៅនឹងភាគលាភដែលបានបែងចែកក្នុងឆ្នាំ២០២៣កន្លងមក។ តែបើបើធៀបទៅនឹងឆ្នាំ២០២០ មានការកើនឡើងចំនួន ១.៣ដង ដែលមានចំនួនតែ ២៦២រៀល ក្នុងមួយភាគហ៊ុន។

លោកបានឱ្យដឹងដែរថា កាលពីឆ្នាំ២០២៤កន្លងទៅ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ផលិតទឹកស្អាតបានជាង៣១២ លានម៉ែត្រគូប និងលក់ទឹកស្អាតបានជាង២២៧ លានម៉ែត្រគូប។ ទន្ទឹមគ្នា រដ្ឋាករទឹកបានពង្រីកបណ្តាញចែកចាយបន្ថែមថ្មីបានប្រវែង ៥៦២គីឡូម៉ែត្រ និងបានបង្កើនចំនួនអតិថិជនថ្មីចំនួន ២៨ ៨៩៩ បណ្តាញ ក្នុងនោះអតិថិជនដែលមានចំណូលទាបមានចំនួន ២ ៥៩២ បណ្តាញ។

លោក ឯក សុនចាន់ មានប្រសាសន៍បន្ថែមថា «ក្នុងឆ្នាំកន្លងមក យើងបានប្រមូលផ្តុំកម្លាំងកាយ កម្លាំងប្រាជ្ញា ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការងារកាត់បន្ថយអត្រាទឹកគ្មានចំណូល (NRW) ដែលជាសូចនាករដ៏សំខាន់ក្នុងការផ្គត់ផ្គង់ទឹកស្អាតដោយប្រសិទ្ធភាព, ការងារប្រើប្រាស់ថវិកាដោយយកទិន្នផលជាមូលដ្ឋាន, ការងារធនធានមនុស្ស និងបញ្ហាអសកម្ម សកម្មភាពមួយចំនួនដែលប៉ះពាល់ដល់កិត្តិយស កេរ្តិ៍ឈ្មោះ និងជំនឿទុកចិត្តរបស់មហាជនចំពោះសហគ្រាសយើង។ យើងមានបញ្ហាប្រឈម ប៉ុន្តែយើងក៏មានការដឹកនាំរបស់ក្រុមប្រឹក្សាភិបាល មន្ត្រី-និយោជិតដែលមាន ជំនាញពិតប្រាកដ សកម្មការងារ និងមានទឹកចិត្តស្មោះត្រង់ចំពោះភារកិច្ច ព្រមទាំងមានសាមគ្គីគ្នា ធ្វើការងារជាក្រុម ក្រោមការដឹកនាំដោយព្រហ្មវិហារធម៌របស់លោក ឡុង ណារ៉ូ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ»

លោកបន្ថែមថា ព្រមជាមួយនឹងការគាំទ្រពីសំណាក់ភាគហ៊ុនិក រដ្ឋាករទឹកនឹងធ្វើការផ្លាស់ប្តូរច្រើនទៀត ដើម្បីធ្វើឱ្យប្រជាពលរដ្ឋទទួលបានសេវាដ៏ត្រឹមត្រូវ តម្លៃសមរម្យ និងមានគុណភាព សមស្របតាមគោលនយោបាយជាតិ ក៏ដូចជាយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋា ភិបាលអាណត្តិទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ មោះមុត វាងវៃ ស្វាហាប់ ប្រាកដប្រជាប្រកប ដោយថាមពល បុរេសកម្ម មានចក្ខុវិស័យវែងឆ្ងាយ និងមានភាពបត់បែនរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕ ផ្ដល់សិទ្ធិដោយ៖ Fresh News