Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    គយកម្ពុជា៖ បន្លែ ផ្លែឈើ និងប្រេងឥន្ធនៈពីថៃត្រូវបានហាមឃាត់ការនាំចូល តែទំនិញផ្សេងទៀតអាចនាំចូលបានធម្មតា តាមច្រកផ្លូវការ ដែលមិនមែនបិទជាឯកតោភាគី ដោយយោធាថៃ

    BY Liny Chan July 16, 2025
    គយកម្ពុជា៖ បន្លែ ផ្លែឈើ និងប្រេងឥន្ធនៈពីថៃត្រូវបានហាមឃាត់ការនាំចូល តែទំនិញផ្សេងទៀតអាចនាំចូលបានធម្មតា តាមច្រកផ្លូវការ ដែលមិនមែនបិទជាឯកតោភាគី ដោយយោធាថៃ

    (ភ្នំពេញ)៖ ជាថ្មីម្តងទៀត អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា នាថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥នេះបានធ្វើបច្ចុប្បន្នភាពនូវមុខទំនិញមានប្រភពដើមពីប្រទេសថៃ ដែលជាប់បម្រាមនាំចូលមកកម្ពុជាដល់បណ្តាអាជីវករ និងពាណិជ្ជករ ធុរជន និងសាធារណជន។ នេះបើយោងតាមលិខិតជូនដំណឹងរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥នេះ។

    តាមអគ្គនាយដ្ឋានគយនិងរដ្ឋាករកម្ពុជា ​ ទំនិញដែលជាប់បម្រាមនាំចេញពីថៃមានដូចជា
    បន្លែ និងផ្លែឈើ ប្រេងឥន្ធនៈ និងឧស្ម័នឥន្ធនៈ ដែលមានដូចជា៖
    ១. ប្រេងសាំង (Gasoline)
    ២. ប្រេងម៉ាស៊ូត (Diesel)
    ៣. ឧស្ម័នរាវសម្រាប់ដុត (LPG និង LNG)
    ៤. ប្រេងខ្មៅ (Fuel oil) និង
    ៥. ប្រេងសាំងយន្តហោះ (Jet-A1)។

    ដោយឡែក មុខទំនិញផ្សេងទៀត ក្រៅពីមុខទំនិញ ខាងលើ មិនមែនជាកម្មវត្ថុនៃការហាមឃាត់ការនាំចូលទេ។ អាជីវករ/ពាណិជ្ជករ នៅបន្តនាំចូលបានជាធម្មតាដោយបំពេញបែបបទ និងនីតិវិធីកំណត់ ដោយលិខិតបទដ្ឋានជាធរមាន។

    ចំពោះតម្រាយផ្លូវ និងមធ្យោបាយដឹកជញ្ជូនទំនិញនាំចូលមកកម្ពុជា អាជីវករ/ពាណិជ្ជករអាចប្រើប្រាស់មធ្យោបាយ ដឹកជញ្ជូនផ្សេងៗ និងតាមមាត់ច្រកផ្លូវការនានា លើកលែងតែមាត់ច្រកព្រំដែនផ្លូវគោកកម្ពុជា-ថៃ ដែលត្រូវបានបិទជា ឯកតោភាគីដោយយោធាថៃ។

    អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា នឹងបន្តតាមដាន និងធ្វើបច្ចុប្បន្នភាពជូនអាជីវករ/ពាណិជ្ជករ ធុរជននិង សាធារណជនអំពីស្ថានការ និងការវិវត្តនានាពាក់ព័ន្ធនឹងវិធានការខាងលើ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    Share This Post: