ព័ត៌មានជាតិ July 17, 2025

អបអរសាទរ! ទុរេនទូដំបូងរបស់កម្ពុជា ត្រូវបានវេចខ្ចប់ និងនាំចេញទៅប្រទេសចិន ជាផ្លូវការ នៅថ្ងៃទី១៧ ខែកក្កដា

Liny Chan

(ភ្នំពេញ)៖ សូមចូលរួមអបអរសាទរ ផ្លែទុរេន ទូដំបូង របស់ប្រទេសកម្ពុជា ដែលមានទម្ងន់ប្រមាណ១៧តោន ត្រូវបានវេចខ្ចប់តាមស្ទង់ដារ និងត្រូវបាននាំចេញទៅកាន់ទីផ្សារប្រទេសចិន ជាផ្លូវការ នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥នេះ។

ការនាំចេញផ្លែទុរេនរបស់កម្ពុជា ទៅលក់នៅលើទីផ្សាររបស់ប្រទេសចិន បានធ្វើឡើងដោយក្រុមហ៊ុន អេច អេហ្វ ហ្រ្វូត ឯ.ក (HF FRUIT LTD.) បានសហការជាមួយក្រុមហ៊ុននៅប្រទេសចិន បន្ទាប់ពីក្រុមបានសម្ពោធជាផ្លូវការ កាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥ ស្ថិតនៅក្នុងភូមិចាន់ទូង ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដើម្បីវេចខ្ចប់ផ្លែទុរេន នាំចេញទៅទីផ្សាប្រទេសចិន។

ជាមួយនឹងមោទនភាពនេះ តំណាងក្រុមហ៊ុន បានគោរពថ្លែងអំណរគុណរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបន្តវេនពីសម្តេចតេជោ ហ៊ុន សែន និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលផ្តល់បរិយាកាសល្អ និងបានស្វះស្វែង ដើម្បីផ្តល់លទ្ធភាពដល់អ្នកវិនិយោគអាចនាំផ្លែទុរេនកម្ពុជា ចេញទៅលក់លើទីផ្សារចិន បាន។

គួរឱ្យដឹងថា ក្រុមហ៊ុនដោយគ្រោងវិនិយោគលើដំណាំទុរេននេះ រាប់សិបតោនទៅកាន់ទីផ្សាប្រទេសចិន តាមរយៈការប្រមូលទិញពីកសិករ ដែលដាំទុរេនក្នុងខេត្តត្បូងឃ្មុំទាំងអស់ ដោយកំណត់ទិញទៅតាមទំហំផ្លែ ប្រភេទផ្លែ និងគុណភាពនៃផ្លែទុរេន តាមតម្លៃទីផ្សាជាក់ស្តែង។

លោក ហេង ពិសិទ្ធ ប្រធានមន្ទីរកសិកម្មខេត្តត្បូងឃ្មុំ បានឱ្យដឹងថា «នេះគឺជាលើកទី១ហើយ ដែលយើងទទួលបានការវិនិយោគពីក្រុមហ៊ុន អេចអេហ្វ ហ្រ្វូត ឯ.ក (HF FRUIT LTD.) ដែលបានធ្វើការវិនិយោគលើដំណាំ ទុរេននេះ។ ជាក់ស្តែងកាលពីមុន កសិករដែលដាំដុះដំណាំទុរេននេះ ពុំទាន់មានទីផ្សារទូលំទូលាយនៅឡើយ ដោយគ្រាន់តែផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញទៅកាន់ប្រទេសថៃ។ ប៉ុន្តែ ពេលនេះយើងមានទីតាំងរោងចក្រ ដែលប្រមូលទិញផ្លែទុរេន និងវេចខ្ចប់ក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ ដែលបង្កលក្ខណៈងាយស្រួលដល់បងប្អូនប្រជាកសិករក្នុងខេត្ត សម្រាប់ដាំណាំប្រភេទនេះ ពោលងាយស្រួលក្នុងការលក់ ព្រមទាំងទទួលបានតម្លៃសមរម្យ ប្រកបដោយទំនុកចិត្តខ្ពស់ និងមានគុណភាព»

លោកបានបន្តថា ការបង្កើតឱ្យមានរោងចក្រប្រមូលទិញផ្លែទុរេន និងវេចខ្ចប់នេះ គឺកាត់បន្ថយការចំណាយរបស់ប្រជាកសិករអ្នកដាំទុរេន ក៏ដូចជាបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍន៍វិស័យកសិកម្ម ឱ្យឈានឆ្ពោះមួយកម្រិតទៀត។ លោកថា «យើងមិនមែនមានទីផ្សារនាំចេញតែប្រទេសថៃ និងវៀតណាម ប៉ុណ្ណោះទេ តែឥឡូវនេះយើងមានការនាំចេញទៅកាន់ប្រទេសចិនបន្ថែមទៀត ងាយស្រួលដល់កសិករ ក្នុងការជ្រើសរើសលក់ទៅឱ្យរោងចក្រនាំចេញនីមួយៗ»

គួរបញ្ជាក់ថា ប្រទេសកម្ពុជាមានផ្ទៃដីដាំដុះដំណាំទុរេនចំនួន ៥,២៨៩ហិកតា ក្នុងនោះផ្ទៃដីប្រមូលផលមានចំនួន ៣,៤០៣ហិកតា ដែលទទួលបានបរិមាណផលប្រមាណ ៣៦ ៦៥៦តោនក្នុង១ឆ្នាំ។

បច្ចុប្បន្នក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននិងកំពុងត្រៀមរៀបចំដាក់ចេញគោលនយោបាយ ជំរុញខ្សែច្រវាក់ផលិតកម្ម និងការផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ជាពិសេសជំរុញការនាំចេញទៅក្រៅប្រទេស ក្នុងនោះខេត្តត្បូងឃ្មុំបច្ចុប្បន្នមានផ្ទៃដីដាំដុះ ដំណាំទុរេនទូទាំងខេត្ត សរុបប្រមាណ៩៥០ហិកតា ដែលអាចនាំចេញទៅកាន់ទីផ្សារអន្តជាតិ ហើយការបង្កើតឱ្យមានទីតាំងទទួលទិញ និងវេចខ្ចប់ផ្លែទុរេនក្នុងខេត្តត្បូងឃ្មុំនេះ នឹងកាន់តែជម្រុញទីផ្សារទុរេនកម្ពុជាកាន់តែទូលំទូលាយ បន្ថែមទៀត៕ ផ្ដល់សិទ្ធិដោយ៖ Fresh News