មេស៉ីម៉ាក់កម្ពុជា៖ កម្ពុជាជារដ្ឋសមាជិកសកម្ម នៃអនុសញ្ញាមីនអន្តរជាតិអូតាវ៉ា, គិតមកដល់ពេលនេះបានបោសសម្អាត និងកម្ទេចចោលគ្រាប់មីនប្រឆាំងមនុស្សជាង ១.២លានគ្រាប់
(ភ្នំពេញ)៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (CMAC) នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥នេះ បានលើកឡើងថា កម្ពុជាជារដ្ឋភាគីនៃអនុសញ្ញាមីនអន្តជាតិអូតាវ៉ា និងបានសកម្មចូលរួមអនុវត្តន៍អនុសញ្ញានេះ ប្រកបដោយជោគជ័យទាំងឆាកជាតិ និងអន្តរជាតិ ទាំងមុន និងក្រោយក្លាយខ្លួនសមាជិកពេញសិទ្ធនៅឆ្នាំ២០០០។

បើតាមលោក ហេង រតនា, កម្ពុជាបានបញ្ជាក់ថា គ្រប់ភាគីជម្លោះបានប្រើប្រាស់គ្រាប់មីនប្រឆាំងមនុស្ស មានចំនួនប្រមាណ៤-៦លានគ្រាប់ ហើយគិតមកដល់ពេលនេះ កម្ពុជាបានបោសសម្អាត និងកម្ទេចចោលចំនួនជាង១លាន២សែនគ្រាប់ ដែលភាគច្រើនស្ថិតនៅតំបន់ខាងក្នុងផ្ទៃប្រទេសសម្រាប់បម្រើសុខសុវត្ថិភាពប្រជាពលរដ្ឋ និងអភិឌ្ឍន៍ប្រទេសឡើងវិញ។
ការចេញមកបញ្ជាក់អំពីការចូលរួមយ៉ាងសកម្មរបស់កម្ពុជា ក្នុងការអនុវត្តន៍អនុសញ្ញាមីនអន្តរជាតិអូតាវ៉ារបស់មេស៉ីម៉ាក់កម្ពុជា ត្រូវបានគេដឹងថា ដើម្បីឆ្លើយតបទៅនឹងការលើកឡើងរបស់ក្រុមមន្ត្រីថៃ ដែលគំរាមប្តឹងកម្ពុជា ទៅអង្គកាសហប្រជាជាតិ (UN) ដែលចោទកម្ពុជាថា បំពានអនុសញ្ញាមីនអន្តជាតិអូតាវ៉ា ក្រោយពេលទាហានថៃ ៣រូបជាន់មីនផ្ទុះនៅតំបន់ព្រំដែន។
មេស៉ីម៉ាក់រូបនេះបញ្ជាក់ទៀតថា គិតមកដល់ពេលនេះ កម្ពុជាបានបោសសម្អាត និងកម្ទចចោលទាំងគ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ បានចំនួនជាង៤លាន៤៦ម៉ឺនគ្រាប់។ លោកលើកឡើងថា ក្នុងអនុសញ្ញាមីនអន្តរជាតិអូតាវ៉ា បូរណភាពទឹកដីអ្នកណា អ្នកនោះទទួលខុសត្រូវ ខាងក្រោមនេះជាខ្លឹមសារសង្ខេបនៃមាត្រាទី៥ នៃអនុសញ្ញាមីនអន្តរជាតិអូតាវ៉ា៖
១. រដ្ឋភាគីនីមួយៗមានកាតព្វកិច្ចកម្ទេច ឬធានានូវការកម្ទេចគ្រាប់មីនគ្រប់ប្រភេទប្រឆាំងមនុស្ស នៅក្នុងទីតាំងមានមីន ស្ថិតនៅក្រោមយុត្ថាធិការ ឬការគ្រប់គ្រង់របស់ខ្លួន ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ប៉ុន្តែមិនឲ្យលើសរយៈពេល១០ឆ្នាំ បន្ទាប់ពីបានក្លាយជារដ្ឋភាគីនៃអនុសញ្ញានេះ។
២. រដ្ឋភាគីនីមួយៗត្រូវខិតខំប្រឹងប្រែងគ្រប់លទ្ធភាព ដើម្បីកំណត់ទីតាំងទាំងអស់ក្រោមយុត្ថាធិការ ឬការគ្រប់គ្រងរបស់ខ្លួន ដែលបានដឹង ឬសង្ស័យថា មានដាក់គ្រាប់មីនគ្រប់ប្រភេទប្រឆាំងមនុស្ស ដោយត្រូវដាក់ផ្លាកសញ្ញាសម្គាល់ព្រំប្រទល់ ពិនិត្យតាមដាន និងការពារដោយព័ទ្ធរបង ឬដោយមធ្យោបាយផ្សេងទៀត នៅគ្រប់ទីតាំងដែលមានគ្រាប់មីនគ្រប់ប្រភេទប្រឆាំងមនុស្ស ដែលស្ថិតនៅក្រោមយុត្ថាធិការ ឬការគ្រប់គ្រងរបស់ខ្លួននោះ ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីធានាការពារជនស៊ីវិល ពីការគ្រោះថ្នាកុំដោយសារគ្រាប់មីនគ្រប់ ប្រភេទប្រឆាំងមនុស្ស រហូតដល់គ្រាប់មីនគ្រប់ប្រភេទប្រឆាំងមនុស្សទាំងអស់នោះ ត្រូវបានកម្ទេចចោល៕ ផ្ដល់សិទ្ធិដោយ៖ Fresh News













