ព័ត៌មានជាតិ July 21, 2025

ខេត្តព្រះសីហនុ ទទួលរងខ្លាំងនូវឥទ្ធិពលចំហាយព្យុះវិផា បណ្តាលឲ្យដើមឈើតូចធំ និងផ្ទះមួយចំនួនត្រូវរលំ ខណៈអជ្ញាធរអំពាវនាវឲ្យប្រជាពលរដ្ឋទាំអស់ប្រុងប្រយ័ត្នខ្ពស់

Liny Chan

(ព្រះសីហនុ)៖ ដើមឈើតូចធំមួយចំនួននៅក្នុងមូលដ្ឋានក្រុងព្រះសីហនុ និងជាពិសេសនៅតាមបណ្តោយផ្លូវជាតិលេខ៤ បានបាក់រលំត្រៀបត្រា ដោយសារទទួលរងឥទ្ធិពលចំហាយ ព្យុះវិផា មកពីបណ្តាប្រទេសជាប់ព្រំប្រទល់ប្រទេសកម្ពុជា។

ចំហាយព្យុះវិផាដ៏មានឥទ្ធិពលមួយនេះ បានបោកបក់មកលើខេត្តព្រះសីហនុ នៅរសៀលថ្ងៃទី២១ ខែកក្ដដា ឆ្នាំ២០២៥ បណ្តាលឲ្យផ្ទះ និងដើមឈើមួយចំនួននៅស្រុកព្រៃនប់ និងក្នុងក្រុងព្រះសីហនុបានរលំខូចខាត ករណីនេះទៀតសោត ក្រៅពីខូចខាតទ្យព្យសម្បត្តិផ្ទះសំបែងពលរដ្ឋ តែមិនប៉ះពាល់ដល់អាយុជីវិតមនុស្ស សត្វនោះឡើយ។

បើយោងតាមការព្យាករណ៍ធាតុអាកាសពីក្រសួងធនធានទឹក និងឧតុនិយម ពេលថ្មីៗនេះថា ព្យុះនេះនឹងបន្តរហូតដល់ថ្ងៃ២៣ ខែកក្កដា ឆ្នាំ២០២៥។ ជាមួយគ្នានេះ អាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ បានអំពាវនាវឲ្យ បងប្អូនប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិ ប្រជានេសាទដែលកំពុងធ្វើដំណើរទាំងផ្លូវគោក និងទឹកទាំងអស់ អនុវត្តវិធានការប្រុងប្រយ័ត្នខ្ពស់ជាពិសេសក្នុងរដូវមានភ្លៀងធ្លាក់ច្រើន លាយឡំនិងព្យុះ ដែលអាចបណ្តាលឲ្យមានគ្រោះថ្នាក់ កើតឡើងបានគ្រប់ពេល៕ ផ្ដល់សិទ្ធិដោយ៖ Fresh News