Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    លោក ជុំ សុន្ទរី៖ កម្ពុជាប្រកាសបដិសេធទាំងស្រុង នូវការចោទប្រកាន់របស់ថៃដែលថា កម្ពុជាបានបើកការវាយប្រហារទៅលើជនស៊ីវិល និងមន្ទីរពេទ្យរបស់ខ្លួន, ថៃមានចរិតលាក់ពុត

    BY Nisaiy KP July 27, 2025
    លោក ជុំ សុន្ទរី៖ កម្ពុជាប្រកាសបដិសេធទាំងស្រុង នូវការចោទប្រកាន់របស់ថៃដែលថា កម្ពុជាបានបើកការវាយប្រហារទៅលើជនស៊ីវិល និងមន្ទីរពេទ្យរបស់ខ្លួន, ថៃមានចរិតលាក់ពុត

    (ភ្នំពេញ)៖ លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានបញ្ជាក់ថា កម្ពុជាប្រកាសបដិសេធយ៉ាងដាច់អហង្ការ ចំពោះការចោទប្រកាន់ដោយគ្មានមូលដ្ឋានរបស់ក្រសួងការបរទេសថៃ ដែលថា កម្ពុជាបានវាយប្រហារទៅលើជនស៊ីវិល និងមន្ទីរពេទ្យរបស់ខ្លួន និងបានរំលោភលើច្បាប់មនុស្សធម៌អន្តរជាតិ ដោយអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានអះអាងថា ការចោទប្រកាន់នេះជាការបំភ្លៃការពិតដោយចេតនារបស់ភាគីថៃតែប៉ុណ្ណោះ។

    លោក ជុំ សុន្ទរី បានថ្លែងដូចនេះ នាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ ក្នុងសន្និសីទសារព័ត៌មានបង្ហាញបច្ចុប្បន្នភាព ថ្ងៃទី៤ នៃការបង្កសង្គ្រាមរបស់យោធាថៃឈ្លានពានដែនអធិបតេយ្យកម្ពុជា។

    លោក ជុំ សុន្ទរី បានថ្លែងដូចនេះថា «ពាក់ព័ន្ធនឹងការផ្សាយរបស់ប្រព័ន្ធឃោសនារបស់ថៃ ដែលបានផ្សាយកាលពីថ្ងៃទី២៦ ខែកក្កដា ម្សិលមិញនេះ ដែលបានលើកឡើងថា ក្រសួងការបរទេសថៃ បានប្រកាសថា ថៃកំពុងតែត្រៀមរៀបចំដើម្បីធ្វើការប្ដឹងតវ៉ាទៅ គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម ហើយប្ដឹងទៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិ អាយ.ស៊ី.ស៊ី ចោទប្រកាន់កម្ពុជាថា បានរំលោភច្បាប់មនុស្សធម៌អន្តរជាតិ ជាពិសេសគឺចោទដោយគ្មានមូលដ្ឋានសំអាងថា កម្ពុជាបានវាយប្រហារទៅលើជនស៊ីវិល និងមន្ទីរពេទ្យ ពាក់ព័ន្ធនឹងការចោទប្រកាន់នេះ ខ្ញុំសូមប្រកាសបដិសេធយ៉ាងដាច់អហង្ការ ចំពោះការចោទប្រកាន់គ្មានមូលដ្ឋានរបស់ក្រសួងការបរទេសថៃ»

    លោក ជុំ សុន្ទរី បានបន្ថែមថា ការអះអាងរបស់ប្រទេសថៃ ដែលថា កងកម្លាំងកម្ពុជាបើកការវាយប្រហារដោយមិនរើសមុខលើជនស៊ីវិល និងទីតាំងសាធារណៈ គឺជាការបំភ្លៃការពិតដោយចេតនារបស់ភាគីថៃ ហើយចំពោះការចោទប្រកាន់ថាកម្ពុជា តម្រង់គោលដៅលើជនស៊ីវិល លោកបានគូសបញ្ជាក់ថា កម្ពុជាបានប្រកាន់យ៉ាងម៉ឺងម៉ាត់នូវគោលការណ៍ក្នុងការបញ្ចៀសគោលដៅជនស៊ីវិល ស្របតាមកាតព្វកិច្ចរបស់ខ្លួន ក្រោមអនុសញ្ញាទីក្រុងហ្សឺណែវ ឬច្បាប់មនុស្សធម៌អន្តរជាតិ។

    អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានឱ្យដឹងដែរថា​ ចំពោះការចោទប្រកាន់ដែលមានចរិតលាក់ពុតរបស់ថៃ ពាក់ព័ន្ធនឹងបញ្ហាមីន លោកក៏បានគូសបញ្ជាក់ថា កម្ពុជានៅតែជារដ្ឋភាគីប្រកបដោយការប្ដេជ្ញាចិត្តខ្ពស់ចំពោះអនុសញ្ញា អូតាវ៉ា ហើយតែងតែបានសហការយ៉ាងសកម្មជាមួយស្ថាប័នបោសសម្អាតមីនអន្តរជាតិ និងទទួលបានការសរសើរ និងការទទួលស្គាល់ពីសហគមន៍អន្តរជាតិផងដែរ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    Share This Post: