សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានប្រគល់ផ្ទះមនុស្សធម៌ទី៩៥ ជូនគ្រួសារស្រី្តមេម៉ាយក្រីក្រ និងមានពិការភាពពីរនាក់បងប្អូន នៅក្រុងរុនតាឯក
(សៀមរាប)៖ សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ក្រោមគំនិតផ្ដួចផ្ដើមរបស់លោក ប្រាក់ សោភ័ណ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានប្រគល់ផ្ទះមនុស្សធម៌ទី៩៥ របស់សាខា ជូនគ្រួសារស្រី្តមេម៉ាយក្រីក្រ និងមានពិការភាពពីរនាក់បងប្អូន នាព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥ ក្រោមវត្តមានលោកស្រី ទុយ ជិ ប្រាក់សោភ័ណ អនុប្រធានគណៈកម្មាធិការសាខា។

ផ្ទះមនុស្សធម៌ទី៩៥នេះ ត្រូវបានប្រគល់ជូន លោកយាយ ប៊ុត សំបូរ អាយុ ៧៣ឆ្នាំ ជាស្ដ្រីមេម៉ាយមានពិការភាព (គមខ្នង) និងប្អូនស្រីរបស់គាត់ឈ្មោះ ប៊ុត សុផារី អាយុ ៥១ឆ្នាំ មានពិការភាព (ស្ត្រូកមួយចំហៀងខ្លួនខាងឆ្វេងដោយសារជំងឺតាំងពីឆ្នាំ២០០០មកម្លេះ) គ្រួសារនេះ រស់នៅភូមិតានី សង្កាត់រុនតាឯក ក្រុងរុនតាឯកតេជោសែន ខេត្តសៀមរាប។
នាឱកាសនោះ លោកស្រីអនុប្រធាន បានជួបសំណេះសំណាល និងពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខដ៏ខ្ពង់ខ្ពស់របស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និង លោក ប្រាក់ សោភ័ណ ប្រធានគណៈកម្មាធិការសាខា ដែលតែងតែគិតគូរចំពោះសុខទុក្ខបងប្អូនប្រជាពលរដ្ឋគ្រប់រូបដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ ស្របតាមទិសស្លោកថា «កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល» និង «ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា»។
លោកស្រីបន្តថា ដោយមើលឃើញពីទុក្ខលំបាកគ្រួសាររបស់លោកយាយ លោក ប្រាក់ សោភ័ណ ប្រធានគណៈកម្មាធិការសាខា បានចាត់ក្រុមការងារ និងមន្ត្រីប្រតិបត្តិសាខា ចុះពិនិត្យ និងសាងសង់ផ្ទះមនុស្សធម៌នេះឡើង សម្រាប់គ្រួសារលោកយាយបានស្នាក់នៅសមរម្យ។
សូមបញ្ជាក់ថា ដោយទឹកចិត្តមនុស្សធម៌ លោកស្រី ហោ សាយ័ន្ដ ធាស៊ីវត្ថា សមាជិកាគណៈកម្មាធិការសាខា និងក្រុមគ្រួសារ តាមរយៈសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានឧបត្ថម្ភទាំងស្រុង សម្រាប់ការសាងសង់ផ្ទះមនុស្សធម៌ទី៩៥នេះឡើង ដោយចំណោយទឹកប្រាក់ចំនួន ៣,៨០០ដុល្លារអាមេរិក។
ជាមួយគ្នានេះ លោកស្រី ក៏បាននាំយកនូវអំណោយរួមមាន អង្ករ៩០គីឡូក្រាម និងគ្រឿងឧបភោគបរិភោគ ព្រមទាំងសម្ភារៈមួយចំនួន និងថវិកា ៨០ម៉ឺនរៀល ហើយប្រតិភូរួមដំណើរក៏បានឧបត្ថម្ភថវិកាដល់គ្រួសារលោកយាយមួយចំនួនផងដែរ។
បន្ទាប់មកលោកស្រី អនុប្រធានគណៈកម្មាធិការសាខា និងប្រតិភូរួមដំណើរ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពការសាងសង់អនុសាខាកាកបាទក្រហមកម្ពុជា ក្រុងរុនតាឯកតេជោសែន ដែលទទួលបានការឧបត្ថម្ភពពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។
សូមបញ្ជក់ថា៖ អគារអនុសាខាកាកបាទក្រហមនេះ មានទំហំ បណ្ដោយ ១៧,៨០ម៉ែត្រ និងទទឹង ៥,៨០ម៉ែត្រ និងកម្ពស់២ជាន់ (ជាន់ផ្ទាល់ដី និងជាន់ទី១) សាងសង់លើផ្ទៃដី ៣,០០០ម៉ែត្រការ៉េ បច្ចុប្បន្នសាងសង់សម្រេចបានប្រហែល៧៥%ហើយ៕ ផ្ដល់សិទ្ធិដោយ៖ Freshnews





