ធនាគារ វីង និងសមាជិកក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ប្រគល់អំណោយដល់យោធិន និងគ្រួសារជនភៀសសឹកនៅខេត្តសៀមរាប
ធនាគារ វីង បានលុប បំណុលជិត ៥០.០០០ ដុល្លារ អាមេរិក ដល់ ទាហាន ដែល រង របួស
ធនាគារ វីង រួមជាមួយសមាជិកនៃក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប និងសមាគមសិល្បករខ្មែរ បានផ្តល់នូវ អំណោយ ដល់ទាហាន និងគ្រួសារជនភៀសសឹក កំពុង ស្នាក់នៅក្នុងខេត្តសៀមរាបដែលរងផលប៉ះពាល់ដោយជម្លោះព្រំដែនខ្មែរថៃ។

ក្រោមការដឹកនាំនៃលោកជំទាវ អ្នកឧកញ៉ា ម៉ៅ ចំណាន អនុប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប និងជាប្រធានសមាគមសិល្បករខ្មែរ ក្រុមការងារស្ម័គ្រចិត្តបាននាំយកគ្រឿងឧបភោគ បរិភោគចាំបាច់ មួយចំនួនជូនដល់យោធិនចំនួន ៨០នាក់ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប និងមន្ទីរពេទ្យភូមិភាគ៤។ ក្រុមការងារស្ម័គ្រចិត្តនេះ ក៏បានទៅកាន់ វត្តជ្រោយនាងងួន ក្នុងស្រុកស្រីស្នំ ដែលប្រជាពលរដ្ឋចំនួន ៧១៨ គ្រួសារបានកំពុង តាំង ទីជម្រក បន្ទាប់ពីបានភៀសខ្លួនចេញពីផ្ទះដោយសារជម្លោះព្រំដែន ។

គ្រួសារជនភៀសសឹក ទាំងនេះ ដែលភាគច្រើនបានរត់គេចខ្លួនដោយយកមកនូវរបស់របរបន្តិចបន្តួច ជាប់ខ្លួន ធ្វើ ដំណើរតាមគោយន្ត ឥឡូវនេះបានរស់ នៅក្នុងតង់កៅស៊ូ ក្នុងវត្ត ដោយពឹងលើការឧបត្ថម្ភ គាំទ្រពីវត្តអារ៉ាម អាជ្ញាធរមូលដ្ឋាន និងសប្បុរសជននានាសម្រាប់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ។

លោកជំទាវ អ្នកឧកញ៉ា ម៉ៅ ចំណាន មានប្រសាសន៍ថា៖ “ដំណើរទស្សនៈកិច្ចថ្ងៃនេះ មិនត្រឹមតែជាការប្រគល់អំណោយប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការបង្ហាញអំពីការគាំទ្រឥតងាករេរបស់យើងខ្ញុំ ចំពោះបងប្អូនខ្មែរយើងផងដែរ។ យើងនៅ ជាមួយបងប្អូន ហើយនឹងបន្តគាំទ្របងប្អូន។”

ក្រុមគ្រួសារនីមួយៗ ទទួលបាន កញ្ចប់ជំនួយ ដែលរួមមាន ៖ ទឹកសុទ្ធ១ កេស មី១ កេស អង្ករ១០ គីឡូក្រាម សម្លៀក បំពាក់ និងគ្រឿងសម្ភារចាំបាច់មួយចំនួនទៀត ។
ក្នុងពិធីចែកអំណោយនេះ ក៏មានវត្តមានថ្នាក់ដឹកនាំសំខាន់ៗជាច្រើនរូបនៃក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ដូចជា៖ លោក ហោ ប៊ុនថែ អគ្គនាយករងធនាគារ វីង លោក ឈុន វឌ្ឍនភក្តី នាយក គ្រប់គ្រង ផ្នែក ទំនាក់ទំនងនៃ ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប និងលោក ឡៅ សៀងហៃ នាយកគ្រប់គ្រងធនធានមនុស្សនៃ ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ។
គណៈគ្រប់គ្រង និងបុគ្គលិកមកពីក្រុមហ៊ុនសែលកាត ខេមបូឌាន ប្រតឃែសស្ទីសឺវីស ក្រុមហ៊ុនធានារ៉ាប់រងទូទៅ អ៊ីន ហ្វីនីធី សណ្ឋាគារកាំបូឌីយ៉ាណា ក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ និងសមាគមសិល្បករខ្មែរ ក៏បានចូលរួមយ៉ាងសកម្មគាំទ្រកិច្ចការ សប្បុរសធម៌ផងដែរនេះ។

នេះជាការចែកចាយជំនួយសប្បុរសធម៌លើកទី ៤ ដោយក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ។ ការចែកជូនជំនួយលើកទី១ ត្រូវបានប្រគល់នៅថ្ងៃទី២-៣ ខែសីហា នា វត្តគិរីទួលអណ្តែត ដែលជាជំរំជនភៀសសឹក ក្នុងខេត្តព្រះវិហារ ដោយបានជួយដល់កុមារ និងគ្រួសារជាង៧០០នាក់។ ចំណែកការចែកលើកទី២ ត្រូវបានធ្វើឡើងនៅថ្ងៃទី៦ ខែសីហា នៅជំរំ ក្នុងភូមិអូរតាមែង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ និងការចែកលើកទី៣ ត្រូវបានធ្វើឡើងនៅថ្ងៃទី១១ ខែសីហា នៅភូមិតាមន្តសែនជ័យ ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។
ជំនួយសប្បុរសធម៌ទាំងនេះបានមកពី “មូលនិធិទ្រទ្រង់ជនភៀសសឹក” ដែលផ្តួចផ្តើមដោយអ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវ អ្នកឧកញ៉ា ម៉ៅ ចំណាន ព្រមទាំង មានការគាំទ្រយ៉ាងពេញទំហឹងពីសមាជិកក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប និងការចូលរួម វិភាគទានពីសប្បុរសជននានា។

ធនាគារ វីង បានចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ដើម្បីគោរពដល់កងទ័ព កម្ពុជា ដែលបានលះបង់សាច់ស្រស់ ឈាមស្រស់ក្នុងអំឡុងពេលជម្លោះព្រំដែនកម្ពុជា–ថៃ។ ដោយអនុវត្តតាមការអំពាវនាវរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងតបតាមសេចក្ដីណែនាំរបស់ធនាគារជាតិនៃកម្ពុជា ធនាគារ វីង បានលុបចោលបំណុលទាំងស្រុងជូនដល់អតិថិជន ឬអ្នករួមខ្ចី ដែលជាយោធិនបានពលី ឬពិការក្នុងពេលបំពេញបេសកកម្ម និងលុបចោល បំណុលចំនួន ៧៥% សម្រាប់យោធិនដែលរងរបួស ដែលតម្លៃសរុប ជិត ៥០.០០០ ដុល្លារអាមេរិក។ ធនាគារ វីង កំពុងធ្វើការដោយផ្ទាល់ជាមួយគ្រួសារយោធិនដើម្បីធានាបាននូវដំណោះស្រាយឆាប់រហ័ស និងប្រកបដោយការគោរពដឹងគុណ។

ដើម្បីប្រារព្ធខួបលើកទី ១៧ របស់ខ្លួន សម្រាប់រាល់គណនីថ្មីដែលបានបើក ធនាគារនឹងបរិច្ចាគ ២០០ រៀលដល់ “មូលនិធិទ្រទ្រង់ជនភៀសសឹក”។ មូលនិធិនេះជួយដល់គ្រួសារជនភៀសសឹក កងទ័ព ដែល ក្លាហានការពារអធិបតេយ្យភាពកម្ពុជា និងក្រុមគ្រួសារនៃវីរបុរសដែលបានបាត់បង់ជីវិត៕



