ក្រសួងឧស្សាហកម្ម, រដ្ឋាករទឹកក្រុងភ្នំពេញ និងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ចុះកិច្ចព្រមព្រៀងអនុវត្តការងារក្រោមជំនួយរបស់សហភាពអឺរ៉ុប គម្រោងផ្គត់ផ្គង់ទឹកស្អាតបាក់ខែងជំហានទី ៣
(ភ្នំពេញ)៖ កិច្ចព្រមព្រៀងដែលបានចុះហត្ថលេខារវាងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (MISTI) រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (PPWSA) និងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ សម្រាប់ការអនុវត្តជំនួយឥតសំណងរបស់សហភាពអឺរ៉ុប នៃគម្រោងផ្គត់ផ្គង់ទឹកស្អាតបាក់ខែង។ គម្រោងនេះគឺជាគំនិតផ្តួចផ្តើមដ៏ធំបំផុតមួយក្នុងប្រវត្តិសាស្ត្រនៃការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតរបស់កម្ពុជា។

កិច្ចព្រមព្រៀងនេះបង្កើតក្របខណ្ឌកិច្ចសហប្រតិបត្តិការ ក្នុងចំណោមភ្នាក់ងារអនុវត្តទាំងបី កាលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៥ថ្មីៗនេះ ដោយមានគោលបំណងរួមគ្នាក្នុងការផ្តល់សេវាទឹកប្រកបដោយគុណភាព បរិយាបន្ន និរន្តរភាព និងប្រសិទ្ធភាពដល់ប្រជាពលរដ្ឋ។ គម្រោងផ្គត់ផ្គង់ទឹកស្អាតបាក់ខែងដំណាក់កាលទី៣នេះ គឺជាផ្នែកមួយនៃថវិកាសរុប ១០,៩លានអឺរ៉ូ ដែលជាជំនួយផ្តល់ដោយសហភាពអឺរ៉ុប (EU) ដល់រាជរដ្ឋាភិបាលកម្ពុជាក្រោមកិច្ចព្រមព្រៀងផ្តល់ហិរញ្ញប្បទានឥតសំណងដែលបានចុះហត្ថលេខានៅថ្ងៃទី១៨ ខែធ្នូឆ្នាំ២០២៤ រវាងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (MEF)។
ពិធីចុះហត្ថលេខានេះមានការចូលរួមពីលោក ហូរ ប៊ុណ្ណារិទ្ធ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, លោកឡុង ណារ៉ូ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកអគ្គនាយក PPWSA, លោកសាស្ត្រាចារ្យបណ្ឌិត ប៉ូ គឹមថ នាយក ITC លោក Laurent RASPAUD នាយករង AFD ប្រចាំកម្ពុជា លោក Bryan FORNARI ប្រធានកិច្ចសហប្រតិបត្តិការ EUD និងមានសាក្សីដោយតំណាងមកពីក្រសួងអប់រំ យុវជន និងកីឡា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងប្អូនៗនិស្សិត។
លោកសាស្ត្រាចារ្យបណ្ឌិត ប៉ូ គឹមថូ បានថ្លែងថា៖ «វាជាកិត្តិយសសម្រាប់ ITC ដែលបានធ្វើជាម្ចាស់ផ្ទះសម្រាប់ព្រឹត្តិការណ៍នេះ។ តាមរយៈភាពជាដៃគូយូរអង្វែងរបស់យើងជាមួយប្រទេសបារាំង និងសហភាពអឺរ៉ុប និស្សិតជាច្រើនមានឱកាសដើម្បីបំពេញក្តីសុបិនរបស់ពួកគេក្នុងការបន្តការសិក្សាថ្នាក់ឧត្តមសិក្សានៅអឺរ៉ុប។ យើងជឿជាក់យ៉ាងមុតមាំថា នៅពេលពួកគេត្រឡប់មកវិញ ពួកគេនឹងប្រើប្រាស់ជំនាញ និងចំណេះដឹងដ៏មានតម្លៃក្នុងការជំរុញសេវាកម្មទឹកប្រកបដោយនិរន្តរភាពនៅកម្ពុជា»។
លោក ឡុង ណារ៉ូ ក៏បានបានបញ្ញាក់ថា៖ «មជ្ឈមណ្ឌលជាតិបណ្តុះបណ្តាលដែលនឹងត្រូវបង្កើតឡើងនេះ មិនត្រឹមតែជួយបណ្តុះបណ្តាលបុគ្គលិកសម្រាប់ PPWSA ប៉ុណ្ណោះទេ តែថែមទាំងផ្តល់ឱកាសដល់ពួកគេក្នុងការកសាងសមត្ថភាព និងលើកកម្ពស់ជំនាញប្រព័ន្ធទឹកផ្សេងទៀតនៅទូទាំងប្រទេសកម្ពុជា។ ការចំណាយលើការអនុវត្តគឺជាលក្ខខណ្ឌមួយ ប៉ុន្តែប្រភពនៃយន្តការដើម្បីធានានិរន្តរភាពនៃការដំណើរការមជ្ឈមណ្ឌលជាតិបណ្តុះបណ្តាលនេះ គឺជាចំណុចសំខាន់មួយដែលត្រូវយកមកពិចារណា»។
រីឯលោក ហួល ប៊ុណ្ណារិទ្ធ ក៏បានគូសបញ្ជាក់ដែរថា៖ «ថ្ងៃនេះជាជំហានដ៏សំខាន់មួយទៀតឆ្ពោះទៅមុខក្នុងការប្តេជ្ញាចិត្តរួមគ្នារបស់យើងក្នុងការធានាការផ្គត់ផ្គង់ទឹកស្អាត សុវត្ថិភាព និងនិរន្តរភាពសម្រាប់ប្រជាជនរបស់យើង។ កិច្ចព្រមព្រៀងដែលយើងកំពុងចុះហត្ថលេខានៅថ្ងៃនេះឆ្លុះបញ្ចាំងពីភាពជាដៃគូដ៏រឹងមាំរវាងរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍។ វាបង្ហាញពីការយកចិត្តទុកដាក់រួមរបស់យើងក្នុងការកែលម្អវិស័យផ្គត់ផ្គង់ទឹកតាមរយៈការសហការប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព»។
តាមរយៈជំនួយនេះ នៅចុងឆ្នាំ២០៣១ ប្រជាជនដែលខ្វះខាតទឹកចំនួន ១០,០០០គ្រួសារ បន្ថែមទៀតនឹងទទួលបាននូវការផ្គត់ផ្គង់ទឹកប្រកបដោយសុវត្ថិភាព និងតម្លៃសមរម្យ។ ទន្ទឹមនឹងនោះមជ្ឈមណ្ឌលបណ្តុះបណ្តាលជាតិមួយនឹងត្រូវបានសាងសង់ឡើង ដើម្បីគាំទ្រដល់សមត្ថភាពរបស់ប្រតិបត្តិករទឹកនៅកម្ពុជា។ មន្ត្រីរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញនឹងទទួលបានអត្ថប្រយោជន៍ពីការបណ្តុះបណ្តាលបច្ចេកទេស ខណៈដែលយ៉ាងហោចណាស់អាហារូបករណ៍ចំនួន៣០ នឹងត្រូវផ្តល់ដល់មន្ត្រីរដ្ឋាភិបាល និងនិស្សិតដើម្បីបន្តការសិក្សាថ្នាក់ឧត្តមសិក្សាទាំងបីកម្រិត៖ កម្រិតបរិញ្ញាបត្រ កម្រិតបរិញ្ញាបត្រជាន់ខ្ពស់ និងកម្រិតបណ្ឌិត លើមុខជំនាញទាក់ទងនឹងទឹកនៅសាកលវិទ្យាល័យអឺរ៉ុប ដែលនឹងរួមចំណែកដ៏សំខាន់ដល់វិជ្ជាជីវៈរបស់ប្រតិបត្តិករទឹកនាពេលអនាគត។ ជាមួយគ្នានេះ កំណែទម្រង់វិស័យទឹក និងកិច្ចពិភាក្សាគោលនយោបាយនឹងដើរតួជាឧបករណ៍សំខាន់មួយដើម្បីគាំទ្រអ្នកធ្វើសេចក្តីសម្រេចចិត្តក្នុងការរៀបចំយុទ្ធសាស្ត្រដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី៦ (CSDG-6) របស់កម្ពុជាស្តីពីទឹកស្អាត និងអនាម័យ និងដើម្បីបង្កើតបរិយាកាសអំណោយផលសម្រាប់ការវិនិយោគ និងការប្រើប្រាស់វិស័យ។
លោក Laurent RASPAUD នាយករងប្រចាំប្រទេសកម្ពុជារបស់ AFD ក៏បាននិយាយផងដែរថា៖ «ការផ្តល់ហិរញ្ញប្បទានសម្រាប់វិនិយោគ ជារឿងដែលមានភាពស្មុគស្មាញរួចហើយ ខណៈការអភិវឌ្ឍសមត្ថភាព កាន់តែជាបញ្ហាប្រឈមទ្វេដង។ ក្នុងន័យនេះសហភាពអឺរ៉ុប ក្នុងរយៈពេលចុងក្រោយនេះ មានតួនាទីសំខាន់ និងចាំបាច់យ៉ាងខ្លាំងក្នុងរឿងនេះ»។

បើយោងតាមលោក Bryan FORNARI ប្រធានកិច្ចសហប្រតិបត្តិការ EUD៖ «សហភាពអឺរ៉ុបមានមោទនភាពក្នុងការវិនិយោគលើយុវជន ដែលជាមូលដ្ឋានដ៏សំខាន់សម្រាប់អនាគតវិស័យទឹកស្អាតនៅកម្ពុជា។ ការបណ្តុះបណ្តាលនេះនឹងជួយឱ្យយវិស្វករ អ្នកស្រាវជ្រាវ និងអ្នកកំណត់គោលនយោបាយទទួលបានចំណេះដឹងថ្មីពីក្រៅប្រទេស ហើយនឹងនាំមកវិញនូវជំនាញបច្ចេកទេសខ្ពស់ដើម្បីបង្កើនសមត្ថភាពស្ថាប័នជាតិ និងផ្តល់ដំណោះស្រាយប្រកបដោយទេពកោសល្យច្នៃប្រឌិតសម្រាប់តម្រូវការរបស់កម្ពុជា»។
គួរកត់សម្គាល់ថា បារាំង និងសហភាពអឺរ៉ុប ជាដៃគូដ៏មានសារ:សំខាន់របស់កម្ពុជាក្នុងការគាំទ្រឱ្យមានការទទួលបានទឹកស្អាតដ៏ទូលំទូលាយប្រកបដោយសមធម៌សម្រាប់ទាំងអស់គ្នា ស្របគ្នានឹងការលើកកម្ពស់ការគ្រប់គ្រងប្រកបដោយនិរន្តរភាពនៃធនធានទឹក ស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព៕ ផ្ដល់សិទ្ធិដោយ៖ Freshnews






