Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងអប់រំ នឹងរៀបចំកម្មវិធីបង្រៀនជាលក្ខណៈផ្សាយបន្តផ្ទាល់ ដើម្បីបំប៉នសមត្ថភាពសិស្សលើមុខវិជ្ជាវិទ្យាសាស្រ្ត សម្រាប់ត្រៀមប្រឡងចូលសាកលវិទ្យាល័យ

    BY Nisaiy KP September 28, 2025
    ក្រសួងអប់រំ នឹងរៀបចំកម្មវិធីបង្រៀនជាលក្ខណៈផ្សាយបន្តផ្ទាល់ ដើម្បីបំប៉នសមត្ថភាពសិស្សលើមុខវិជ្ជាវិទ្យាសាស្រ្ត សម្រាប់ត្រៀមប្រឡងចូលសាកលវិទ្យាល័យ

    (ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា តាមរយៈមជ្ឈមណ្ឌលសម្រាប់ការអប់រំឌីជីថល និងការអប់រំពីចម្ងាយ (CDDE) នឹងរៀបចំកម្មវិធីបង្រៀនជាលក្ខណៈផ្សាយបន្តផ្ទាល់ (LIVE) ចាប់ពីថ្ងៃទី២៩ ខែញ្ញា ឆ្នាំ២០២៥ខាងមុខនេះតទៅ ដោយឥតគិតថ្លៃ លើមុខវិជ្ជាចំនួន៤ រួមមាន៖ រូបវិទ្យា គីមីវិទ្យា ជីវវិទ្យា និងគណិតវិទ្យា សម្រាប់សិស្សានុសិស្សដែលមានបំណងប្រឡងចូលរៀននៅកម្រិតឧត្តមសិក្សា។

    ថ្លែងប្រាប់បណ្តាញព័ត៌មាន នាថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥នេះ លោកបណ្ឌិត សាន វឌ្ឍនា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា គោលដៅនៃកម្មវិធីបង្រៀននេះ គឺដើម្បីជាជំនួយដល់ការបំប៉នសមត្ថភាពដល់សិស្សានុសិស្សដែលប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងផ្តល់ឱកាសប្រកបដោយសមធម៌សម្រាប់បេក្ខជនដែលមានបំណងប្រឡងចូលរៀននៅគ្រឹះស្ថានឧត្តមសិក្សា។

    ជារៀងរាល់ឆ្នាំមានបេក្ខជនប្រមាណ ៤ ០០០នាក់ បានដាក់ពាក្យប្រឡងចូលរៀននៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ហើយជិត ៤០០០នាក់ទៀត ក៏ត្រូវដាក់ពាក្យប្រឡងចូលរៀននៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។ ក្រៅពីនេះដេប៉ាតឺម៉ង់គណិតវិទ្យា រូបវិទ្យា គីមីវិទ្យា និងជីវវិទ្យា ក៏សុទ្ធសឹងតែជាកម្មវិធីសិក្សាថ្នាក់ឧត្តមសិក្សាដែលមានបេក្ខជន ដាក់ពាក្យប្រឡងចូលរៀនច្រើន។ អាស្រ័យហេតុនេះហើយទើបក្រសួងអប់រំ យុវជន និងកីឡា តាមរយៈមជ្ឈមណ្ឌលសម្រាប់ការអប់រំឌីជីថល និងការអប់រំពីចម្ងាយ នឹងរៀបចំកម្មវិធីបង្រៀនជាលក្ខណៈផ្សាយបន្តផ្ទាល់ចាប់ពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ខាងមុខនេះតទៅ ដើម្បីបង្ហាញពីគន្លឹះដោះស្រាយសំណួរ និងលំហាត់ ដែលបង្រៀនដោយសាស្រ្តាចារ្យដ៏ល្បីៗ និងមានបទពិសោធន៍ខ្ពស់។

    លោកបណ្ឌិត សាន វឌ្ឍនា បានបញ្ជាក់ថា កម្មវិធីបង្រៀនតាមប្រព័ន្ធសមកាលកម្ម ឬការបង្រៀនដោយការផ្សាយបន្តផ្ទាល់ (Live Teaching) នឹងមានជារៀងរាល់ថ្ងៃច័ន្ទដល់ថ្ងៃសុក្រ លើមុខវិជ្ជាដូចខាងក្រោម៖
    ១៖ មុខវិជ្ជារូបវិទ្យា បង្រៀនដោយលោកសាស្ត្រាចារ្យ ហង់ ស៊ីម ម៉ោង ១៦៖០០ – ១៧៖០០
    ២៖ មុខវិជ្ជាគីមីវិទ្យា បង្រៀនដោយលោកសាស្ត្រាចារ្យ ជ័យ ថាវី ម៉ោង ១៧៖០០ – ១៨៖០០
    ៣៖ មុខវិជ្ជាជីវវិទ្យា បង្រៀនដោយលោកសាស្ត្រាចារ្យ ធូ ភន ម៉ោង ១៨៖០០ – ១៩៖០០
    ៤៖ មុខវិជ្ជាគណិតវិទ្យា បង្រៀនដោយលោកសាស្ត្រាចារ្យ នាង បូ ម៉ោង ១៩៖០០ – ២០៖០០

    សិស្សានុសិស្សគ្រប់រូបអាចចូលរៀនក្នុងកម្មវិធីនេះដោយឥតគិតថ្លៃ ដោយចូលទស្សនាការបង្រៀនដោយការផ្សាយបន្តផ្ទាល់តាម https://live-teaching.duraseksa.gov.kh (https://live-teaching.duraseksa.gov.kh/) ឬស្កេនលើ QR Code។ ក្នុងអំឡុងពេលនៃការរៀនសិស្សដែលមានចម្ងល់អាចសាកសួរដោយផ្ទាល់ទៅកាន់សាស្រ្តាចារ្យ ហើយចម្ងល់ទាំងនោះនឹងទទួលបានការស្រាយបំភ្លឺតបជូនទៅកាន់សិស្សានុសិស្សវិញ។ ក្រៅពីការបង្រៀនដោយការផ្សាយបន្តផ្ទាល់ពីសំណាក់សាស្រ្តាចារ្យទាំង ៤រូប មជ្ឈមណ្ឌលសម្រាប់ការអប់រំឌីជីថល និងការអប់រំពីចម្ងាយក៏នឹងអញ្ជើញនិស្សិតឆ្នាំទី១នៃសាកលវិទ្យាល័យ ដែលទើបប្រឡងចូលរៀនដោយជោគជ័យកាលពីឆ្នាំមុន មកចែករំលែកបទពិសោធន៍ស្តីពីការប្រឡង និងការត្រៀមខ្លួនដើម្បីប្រឡងឱ្យបានជោគជ័យ។

    ក្រសួងអប់រំ យុវជន និងកីឡា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅគោរពជូនលោកសាស្រ្តាចារ្យគ្រប់រូប ចំពោះការចំណាយពេលវេលាបង្រៀន ដោយកម្លាំងកាយ និងកម្លាំងចិត្ត ដើម្បីជាប្រយោជន៍សម្រាប់សិស្សានុសិស្សកម្ពុជា៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

    Share This Post: