រដ្ឋមន្ត្រី ហួត ហាក់ ស្នេីក្រុមហ៊ុនអាកាសចរណ៍ជប៉ុន Japan Airlines (JAL) ភ្ជាប់ជើងហោះហើរត្រង់ជប៉ុន-កម្ពុជា
(ជប៉ុន)៖ ក្នុងដំណើរទស្សនកិច្ចការងារចូលរួមពិព័រណ៍ទេសចរណ៍ជប៉ុន ២០២៥ និងកិច្ចប្រជុំតុមូលថ្នាក់រដ្ឋមន្ត្រីទេសចរណ៍ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងគណៈប្រតិភូជាន់ខ្ពស់ និងវិស័យឯកជន បានជួបពិភាក្សាការងារជាមួយតំណាងក្រុមហ៊ុនអាកាសចរណ៍ជប៉ុន Japan Airlines (JAL) នាថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ នៅពន្លាទេសចរណ៍របស់ក្រសួងទេសចរណ៍កម្ពុជា។

រដ្ឋមន្ត្រី ហួត ហាក់ បានថ្លែងអំណរគុណ កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការចូលរួមដ៏សំខាន់ក្នុងវិស័យទេសចរណ៍កម្ពុជា របស់ក្រុមហ៊ុនអាកាសចរណ៍ជប៉ុនដ៏ធំមួយនេះដែលបានហោះហើរចំនួន ២២០គោលដៅនៅប្រទេស ចំនួន៣៥ ជុំវិញពិភពលោករហូតមក តាមរយៈការជួយផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា និងការដឹកជញ្ជូនអ្នកដំណើរ និងភ្ញៀវទេសចរទាំងជប៉ុន និងអន្តរជាតិមកកាន់រាជធានីភ្នំពេញ និងខេត្តសៀមរាបក្នុងចំនួនគួរឱ្យមោទនៈ ក្រោមទម្រង់ Codeshares ជាមួយក្រុមហ៊ុនអាកាសចរណ៍ដៃគូរបស់ខ្លួន។
រដ្ឋមន្រ្តី ហួត ហាក់ ក៏បានស្នើឱ្យក្រុមហ៊ុនអាកាសចរណ៍ពិនិត្យលទ្ធភាពហោះហើរផ្ទាល់ និងត្រង់មកកម្ពុជាតែម្តង ដោយផ្អែកលើសក្តានុពលទេសចរណ៍កម្ពុជា កត្តាសុខសន្តិភាព សុខសុវត្ថិភាពទេសចរណ៍ ចំនួនអ្នកធ្វើដំណើរ និងភ្ញៀវទេសចរអន្តរជាតិដែលកើនឡើងជាបន្តបន្ទាប់ ព្រមទាំងវត្តមានអាកាសយានដ្ឋានអន្តរជាតិតេជោកម្រិត 4F ដែលពិតជាជួយបង្កើនចំនួនអ្នកដំណើរ និងភ្ញៀវទេសចរអន្តរជាតិទៅមករវាងប្រទេសទាំងពីរឱ្យកាន់តែច្រើនឡើង៕ ផ្ដល់សិទ្ធិដោយ៖ Freshnews









