អាកាសយានដ្ឋានអន្តរជាតិតេជោ មានការផ្ដល់រង្វាន់ ដល់អ្នកមកលេងកម្សាន្ត ឬការធ្វើដំណើរ អាចឈ្នះបានផ្ទះ និងរថយន្ដ
(កណ្តាល)៖ រយៈពេលជិតពីរខែ ចាប់តាំងពីការបើកដំណើរការជាផ្លូវការនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ អាកាសយានដ្ឋានអន្តរជាតិតេជោ (TIA) កំពុងចាប់ផ្តើមជាមួយនឹងយុទ្ធនាការចាប់រង្វាន់លើកដំបូងរបស់ខ្លួន ដែលប្រែក្លាយរាល់ការមកទស្សនាលេងកម្សាន្ត ឬការធ្វើដំណើរនៅអាកាសយានដ្ឋានជាឱកាសឈ្នះរង្វាន់ធំ។

ចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥ ដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ ២០២៦ សម្រាប់រាល់ការចំណាយចាប់ពី៣០ដុល្លារអាមេរិកឡើងទៅ លើការញ៉ាំអាហារនៅភោជនីយដ្ឋាន និងទិញទំនិញតាមបណ្តាហាង លោកអ្នកនឹងទទួលបានឆ្នោតផ្សងសំណាងចំនួន ១ សន្លឹក ដែលរង្វាន់ទាំងនោះរួមមាន ផ្ទះ រថយន្ត ការស្នាក់នៅសណ្ឋាគារ និងរង្វាន់ជាច្រើនផ្សេងទៀត។
ការចាប់រង្វាន់នឹងធ្វើឡើងចំនួន២លើក- លើកទីមួយក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ (ខែមេសា ឆ្នាំ២០២៦) និងវគ្គផ្តាច់ព្រ័ត្រនៅថ្ងៃខួបលើកទីមួយរបស់អាកាសយានដ្ឋានអន្តរជាតិតេជោ (ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦)។ ព្រឹត្តិការណ៍ទាំងពីរនឹងត្រូវបានបើកឲ្យចូលរួមសម្រាប់ទាំងអ្នកទស្សនា និងអ្នកធ្វើដំណើរ ជាមួយនឹងអ្នកឈ្នះនឹងត្រូវបានប្រកាសតាមរយៈការផ្សព្វផ្សាយផ្លូវការរបស់អាកាសយានដ្ឋាន។
ចាប់តាំងពីបើកដំណើរការមក អាកាសយានដ្ឋានអន្តរជាតិតេជោ បានឃើញចំនួនអ្នកដំណើរកើនឡើង និងការពង្រីកការតភ្ជាប់ក្រុមហ៊ុនអាកាសចរណ៍ ដែលបញ្ជាក់ពីតួនាទីរបស់ខ្លួនជាច្រកទ្វារអន្តរជាតិដ៏សំខាន់របស់ប្រទេសកម្ពុជា។ កម្មវិធីនេះសូមចូលរួមអបអរសាទរ ស្របគ្នាទៅនឹងការសម្តែងនូវការកោតសរសើរចំពោះអ្នកដំណើរ ហាងទំនិញ និងដៃគូចំពោះការគាំទ្ររបស់លោកអ្នក។
សូមជម្រាបផងដែរថា អាកាសយានដ្ឋានអន្តរជាតិតេជោ មានផ្ទៃដីដ៏ល្វឹងល្វើយជាង ២ ៦០០ហិកតា ជាប្រភេទព្រលានយន្តហោះខ្នាតធំ ប្រភេទ 4F ដែលអាចស្រូបយក និងទទួលបានការហោះហើរ ពីឆ្ងាយឆ្លងទ្វីប ដែលអាចឲ្យប្រភេទយន្តហោះធុនយក្ស រហូតដល់ Airbus A380-800 និង យន្តហោះ Boeing 747-800 ចុះចតបាន។
បើយោងតាមការវាយតម្លៃ របស់អាកាសចរណ៍ស៊ីវិល ព្រលានហោះយន្ដអន្ដរជាតិតេជោនេះ បានជាប់ចំណាត់ថ្នាក់លេខ៩ ក្នុងពិភពលោក ក្នុងចំណោមព្រលានយន្តហោះប្រភេទ 4F។ ជាមួយគ្នានេះ ព្រលានយន្តហោះនេះ បានក្លាយជាស្ថាបត្យកម្មដ៏មានឥទ្ធិពល ក្នុងចំណោមស្ថាបត្យកម្មចំនួន១១ លើពិភពលោកផងដែរ៕ ផ្ដល់សិទ្ធិដោយ៖ Freshnews





