Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋមន្ត្រីក្រសួងកសិកម្ម ណែនាំមន្ត្រីជំនាញចុះស្រាវជ្រាវជាបន្ទាន់ ក្រោយមានករណីថា មានឈ្មួញប្រមូលទិញស្រូវផ្ដាច់មុខតាមខេត្ត

    BY Nisaiy KP November 2, 2025
    រដ្ឋមន្ត្រីក្រសួងកសិកម្ម ណែនាំមន្ត្រីជំនាញចុះស្រាវជ្រាវជាបន្ទាន់ ក្រោយមានករណីថា មានឈ្មួញប្រមូលទិញស្រូវផ្ដាច់មុខតាមខេត្ត

    (ភ្នំពេញ)៖ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៥ បានណែនាំដល់មន្ត្រីក្រោមចំណុះក្រសួង សហការគ្នាត្រួតពិនិត្យ និងស៊ើបអង្កេត ក្រោយមានករណីថា មានឈ្មួញកណ្ដាលប្រមូលទិញស្រូវផ្ដាច់មុខនៅតាមខេត្ត។

    សូមជម្រាបថា កាលពីម្សិលមិញនេះ មានករណីបង្ហោះចែកចាយលើបណ្ដាញសង្គម ពាក់ព័ន្ធនឹងសំឡេងរបស់បុរសម្នាក់ បានលើកឡើងថាមានឈ្មួញកណ្ដាលកាងតាមតំបន់ ប្រមូលទិញស្រូវនៅតាមបណ្ដាខេត្តនានា ដែលជាហេតុនាំឱ្យតម្លៃស្រូវធ្លាក់ចុះខ្លាំង ដ្បិតតម្លៃអាស្រ័យលើមាត់ឈ្មួញ។

    ភ្លាមៗក្រោយមានការលេចធ្លាយព័ត៌មាននេះ, រដ្ឋមន្ត្រីក្រសួងកសិកម្ម បានណែនាំដល់ប្រធានមន្ទីរកសិកម្មខេត្តទាំងអស់ សហការជាមួយប្រធាននាយកដ្ឋានដំណាំស្រូវ ចុះត្រួតពិនិត្យពីករណីនេះ ដើម្បីទទួលខុសត្រូវចំពោះមុខច្បាប់ ក្រោមការសម្របសម្រួលរបស់តំណាងអយ្យការ។

    បន្ថែមពីនេះ លោករដ្ឋមន្ត្រី បានណែនាំមន្ត្រីក្រោមចំណុះយកចិត្តទុកដាក់ខ្ពស់ក្នុងកិច្ចការងារសម្របសម្រួលជាមួយឈ្មួញដែលអាចទិញក្នុងតម្លៃខ្ពស់ ប៉ុន្តែពិបាកក្នុងការចូលដល់ទីតាំង និងសម្របសម្រួលចំពោះការដឹកជញ្ជូនរបស់ប្រជាកសិករពីស្រែមកកាន់ទីតាំងសមស្របណាមួយ៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

    Share This Post: