ក្រសួងកសិកម្ម បញ្ជាក់ថា គ្មានសត្វផ្សោតស្លាប់នោះទេនៅកម្ពុជា ក្នុងឆ្នាំ២០២៥នេះ
(ភ្នំពេញ)៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឱ្យដឹងថា នៅក្នុងរយៈពេល១ឆ្នាំចុងក្រោយនេះ កម្ពុជាបានទទួលជោគជ័យគួរជាទីមោទនៈនៅក្នុងកិច្ចការពារ និងអភិរក្សសត្វផ្សោត ទន្លេមេគង្គ។

គិតចាប់ពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ករណីសត្វផ្សោតស្លាប់ នៅកម្ពុជាពុំមានកើតឡើងឡើយ។ នេះជាលើកទី១នៅក្នុងប្រវត្តិសាស្ត្រកម្ពុជា ដែលពុំមានសត្វផ្សោតស្លាប់ក្នុងរយៈពេល ១ឆ្នាំពេញ គិតចាប់ពីការចាប់ផ្តើមតាមដាន និងកត់ត្រាដំបូងនៅឆ្នាំ២០០២មកទល់បច្ចុប្បន្ន។
ដោយឡែក គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២៥នេះទៀតសោត កម្ពុជាបានទទួលស្វាគមន៍កូនផ្សោតកើតថ្មីចំនួន ៧ក្បាល ដែលធ្វើឱ្យចំនួនសត្វផ្សោតសរុបនៅកម្ពុជានាពេលបច្ចុប្បន្នកើនឡើងដល់ ១១១ក្បាល។
លទ្ធផលដ៏ត្រចះត្រចង់នេះ អាចសម្រេចបានតាមរយៈការខិតខំប្រឹងប្រែងក្នុងការគ្រប់គ្រង ថែរក្សា ការពារ និងអភិរក្សសត្វផ្សោតទន្លេមេគង្គរបស់យើង ប្រកបដោយប្រសិទ្ធភាពខ្ពស់។ សមិទ្ធផលដ៏វិសេសវិសាលនេះ មានការ យកចិត្តទុកដាក់ខ្ពស់ពីរាជរដ្ឋាភិបាល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមានរដ្ឋបាលជលផលជា សេនាធិការ រដ្ឋបាលថ្នាក់ក្រោមជាតិ សមត្ថកិច្ចពាក់ព័ន្ធ អង្គការ WWF សហគមន៍នេសាទ ជាពិសេសឆ្នាំទន្លេដែលបាន លះបង់កម្លាំងកាយនិងកម្លាំងចិត្តក្នុងការការពារនិងអភិរក្សសត្វផ្សោតទន្លេមេគង្គ ប្រកបដោយការទទួលខុសត្រូវខ្ពស់។ ក្រៅពីនេះក៏មានផងដែរ ការចូលរួមយ៉ាងសកម្មពីប្រជានេសាទក្នុងតំបន់ ដែលតែងតែសហការផ្តល់ព័ត៌មាននានា ពាក់ព័ន្ធនឹងសត្វផ្សោត និងការធ្វើនេសាទខុសច្បាប់។
សូមជម្រាបផងដែរថា មុនឆ្នាំ២០២៣ សត្វផ្សោតនៅទន្លេមេគង្គក្នុងខេត្តក្រចេះ និងខេត្តស្ទឹងត្រែង បានរងការគំរាមកំហែងខ្លាំង ព្រោះការនេសាទល្មើសច្បាប់នានា ជាពិសេសការប្រើឧបករណ៍ឆក់។ ពេលអញ្ជើញបើកការដ្ឋានសាងសង់ស្ពានឆ្លងទន្លេនៅខេត្តក្រចេះនាឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឱ្យមានវិធានការជាក់លាក់មួយ ដើម្បីការពារសត្វផ្សោត។ ក្រោយការអំពាវនាវនោះ អាជ្ញាធរពាក់ព័ន្ធទាំងថ្នាក់ជាតិ និងក្រោមជាតិ បានដាក់ចេញវិធានការបន្ទាន់ និងជាក់លាក់។ ក្រោយវិធានការនោះ ស្ថានភាពសត្វផ្សោតក៏មានភាពល្អប្រសើរឡើងវិញ ពោលគឺស្លាប់តិច និងកើតច្រើន។
ជាថ្មីម្ដងទៀត ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសអ្នកនេសាទ សូមផ្តល់ ព័ត៌មានដល់សមត្ថកិច្ច នៅពេលប្រទះឃើញការធ្វើនេសាទខុសច្បាប់ក្នុងកន្លែងអភិរក្សនិងការពារសត្វផ្សោតទន្លេមេគង្គ តាមរយៈលេខទូរស័ព្ទ៖ ០៩៩ ៧៩១ ៩១៩/០៩៧ ៦៦៦ ៤៩៩៩ / ០១១ ៣៥៥ ៨៨៣ / ០៨៨ ៨៣៥៥ ៨៨៣ / ០១២ ៨៩៧ ៩៤៣៕ ផ្ដល់សិទ្ធិដោយ៖ Freshnews



