អ្នកបាត់បង់ជីវិតដោយសារគ្រោះទឹកជំនន់នៅវៀតណាម កើនដល់៤១នាក់ ខណៈភ្លៀងធ្លាក់ខ្លាំង ត្រូវបានព្យាករថានឹងបន្តទៀត
(ហាណូយ)៖ រដ្ឋាភិបាលវៀតណាម ក្នុងរបាយការណ៍ថ្មីចុងក្រោយ បាននិយាយថា ចំនួនមនុស្សស្លាប់ អំឡុងការវាយប្រហារនៃភ្លៀងធ្លាក់ខ្លាំង ទឹកជំនន់ និងបំណាក់ដី នៅភាគកណ្តាលប្រទេស គិតចាប់តាំងពីចុងសប្តាហ៍មុនមក បានបន្តកើនដល់៤១នាក់ ហើយបណ្តាលឱ្យក្រុងនិងភូមិជាច្រើនរងការជន់លិច។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥។

រយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ កម្រិតភ្លៀងធ្លាក់បានកើនលើស១៥០០មីលីម៉ែត្រ នៅផ្នែកមួយចំនួននៃភាគកណ្តាលវៀតណាម។ ក្រៅពីផ្តាច់ជីវិតមនុស្ស ទឹកជំនន់និងគ្រោះបំណាក់ដី បានបណ្តាលឱ្យមនុស្ស៥នាក់បាត់ខ្លួន ជន់លិចផ្ទះសម្បែងជាង ៥២ ០០០ខ្នង រួមជាមួយផ្ទៃដីដំណាំជាង១៥ ០០០ហិកតា។
គួរបញ្ជាក់ថា នាថ្ងៃសុក្រនេះ ទីភ្នាក់ងារជាតិឧតុនិយមវៀតណាម បានព្រមានថា តំបន់ភាគកណ្តាល នឹងនៅទទួលរងការជន់លិច និងគ្រោះរអិលបាក់ដីថែមទៀត ខណៈការធ្លាក់ភ្លៀងខ្លាំង ត្រូវបានព្យាករថា នឹងនៅតែបន្ត៕ ផ្ដល់សិទ្ធិដោយ៖ Fresh News



