ព័ត៌មានជាតិ December 14, 2025

លោក ហេង រតនា៖ មេដឹកនាំគ្មានសភាសៀម មិនស្តាប់តាមស្មារតីអំពាវនាវឱ្យមានសន្តិភាពរបស់អន្តរជាតិណាឡើយ​ សូម្បីប្រធានាធិបតី​ ដូណាល់ ត្រាំ, ពិភពលោកយល់ច្បាស់ ពីទង្វើឈ្លានពានកម្ពុជា

Nisaiy KP

(ភ្នំពេញ)៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥នេះ បានលើកឡើងថា មេដឹកនាំគ្មានសភាសៀម មិនបានស្តាប់តាមស្មារតីអំពាវនាវឱ្យមានសន្តិភាពរបស់អន្តរជាតិណាឡើយ​ដូចជា UN, ASEAN ដោយរួមទាំងការអំពាវនាវ និងការលះបង់ចូលរួមរបស់លោក ប្រធានាធិបតី​ Donald J. Trump ផ្ទាល់ផងដែរ ទង្វើនេះបានបង្ហាញឱ្យពិភពលោកអាចយល់ដឹងបានគ្រប់គ្រាន់ហើយ​ ពីអំពើសៀមឈ្លានពានមកលើកម្ពុជា។

លោក ហេង រតនា បានសរសេរដូច្នេះថា៖ «ក្នុងនាមប្រជាពលរដ្ឋខ្មែរមួយរូប ខ្ញុំសូមសំដែងនូវអំណរគុណ ឯកឧត្តមប្រធានាធិបតី Donald J. Trump ដែលបានខិតខំលះបង់ និងជំរុញឱ្យមានការគោរពដល់ស្មារតីសន្តិភាពដែលមានស្រាប់។

ជាមួយនេះឯកឧត្តម​ប្រធានាធបតី​ ក៏បានបញ្ជាក់ការពិតខ្លីពីបញ្ហាគ្រោះថ្នាក់មីនរបស់ទាហានសៀមនានាកន្លងមកជា «ឧបទ្ទេវហេតុ»» ប៉ុន្តែពួកមេដឹកនាំចោរឈ្លានពានសៀម ​ឆ្លើយតបវិញថា​ មិនអាចទទួលបានឡើយ ហើយអ្វីដែលពួកចោរឈ្លានពាន បែរជាអាចទទួលបាន​ «ចំពោះការសម្លាប់ជនកម្ពុជាមិនរើសមុខ រួមមានទារក​ ក្មេងៗ​ ប្រជាជន​ និងអាចារ្យ​វត្ត​ជាដើម» សម្រាប់ប្រជាជនកម្ពុជានរណាៗក៏បានយល់ដឹងច្បាស់ថា​ បញ្ហាផ្ទុះគ្រាប់មីនគ្រាន់តែជាយុទ្ធសាស្ត្រ និងឧបាយកលប្រើកម្លាំងធ្វើសង្គ្រាមឈ្លានពាន ​និងកាន់កាប់បូរណភាពទឹកកម្ពុជាទាំងកំរោល​ និងសំដែងក្លែងខ្លួនជាតួអង្គជាអ្នកគោរពច្បាប់អន្តរជាតិល្អគ្មានពីរប៉ុណ្ណោះ។

យើងទាំងអស់គ្នា​ មិនពិបាកយល់ទេ​ ប្រសិនជាចោរឈ្លានពានពិតជាអ្នកគោរពច្បាប់អន្តរជាតិយ៉ាងល្អពិតប្រាកដមែន​នោះ​ ហេតុអីពួកគេបំពានអនុសញ្ញាអន្តរជាតិជាច្រើន​ ដូចជាអនុសញ្ញាការហាមឃាត់ប្រើប្រាស់អាវុធគីមី​ អនុសញ្ញាការហាមឃាត់ប្រើប្រាស់គ្រាប់បែកចង្កោម​ សន្ធិសញ្ញា/អនុសញ្ញាស្តីពីការកំណត់ព្រំដែនកម្ពុជា-សៀម​ និងអនុសញ្ញាអន្តរជាតិ ស្តីពីសិទ្ធិមនុស្ស​ ការការពារជនស៉ីវិលពេលមានសង្គ្រាម ជាដើម។ល។

ហើយថ្មីៗចុងក្រោយនេះ​ មេដឹកនាំគ្មានសភាសៀម​នេះ​ មិនស្តាប់តាមស្មារតីអំពាវនាវឱ្យមានសន្តិភាពរបស់អន្តរជាតិណាឡើយ​ដូចជា UN, ASEAN ដោយរួមទាំងការអំពាវនាវ និងការលះបង់ចូលរួមរបស់ ឯកឧត្តម ប្រធានាធិបតី​ Donald J. Trump ផ្ទាល់ផងដែរ។ ទន្ទឹងនឹងនេះ​ ពួកគេបានទាមទារឱ្យកម្ពុជាដាក់អាវុធ​ ដកកម្លាំងប្រយុទ្ធ​ និងសុំចរចារជាមួយសៀមផ្ទាល់​ ដែលវិញ្ញាសារសាមញ្ញៗបែបនេះ មនុស្សម្នាលើពិភពលោកនេះ​ អាចយល់ដឹងបានគ្រប់គ្រាន់ហើយ​ ពីអស់លោកមេដឹកនាំសៀមឈ្លានពាននេះ»៕ ផ្ដល់សិទ្ធិដោយ៖ Freshnews