ក្រុមគ្រួសារអាជ្ញាធរអគ្គិសនីកម្ពុជា រួមទាំងមន្ត្រីរាជការ ព្រះសង្ឃ និងប្រជាពលរដ្ឋស្រុកភ្នំក្រវាញ រៀបចំពិធីដាល់អំបុក និងវេចខ្ចប់ស្បៀងអាហារជូនវីរកងទ័ព កងនគរបាល និងពលរដ្ឋភៀសសឹក ក្នុងស្មារតីខ្មែរតែ១ ខ្មែររួបរួម ខ្មែរខ្លាំង
(ពោធិ៍សាត់)៖ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងលោក យឹម វិសិដ្ឋ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានស្រុកភ្នំក្រវាញ នា ថ្ងៃ ទី២០ ខែធ្នូ ឆ្នាំ ២០២៥ នេះ នៅកីឡដ្ឋានស្រុកភ្នំក្រវាញ បានដឹកនាំក្រុមគ្រួសារអាជ្ញាធរអគ្គិសនីកម្ពុជា រួមទាំងមន្ត្រីរាជការ ព្រះសង្ឃ និងប្រជាពលរដ្ឋស្រុកភ្នំក្រវាញ រៀបចំពិធីដាល់អំបុក និងវេចខ្ចប់ស្បៀងអាហារជូនវីរកងទ័ព កងនគរបាល និងពលរដ្ឋភៀសសឹក ក្នុង ស្មារតី ស្នេហា ជាតិ មាតុភូមិ ខ្មែរតែ១ ខ្មែររួបរួម ខ្មែរខ្លាំង និង ដើម្បី ផ្ដល់ កម្លាំងចិត្ត បង្ហាញ ពី ការ ដឹងគុណ យ៉ាង ជ្រាលជ្រៅ ចំពោះ វីរ កងទ័ព ទាំងអស់ ដែល បាន លះបង់ កម្លាំងកាយ ចិត្ត ការពារ បូរណភាព ទឹកដី នៅ តាម ខ្សែបន្ទាត់ ព្រំដែន ( កម្ពុជា – ថៃ )។

លោក យឹម វិសិដ្ឋ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានស្រុកភ្នំក្រវាញ បានថ្លែងឱ្យដឹងថា ឆ្លើយតបតាមអនុសាសន៍ របស់សម្តេចតេជោ ហ៊ុន សែន នាយ ឧត្តមសេនីយ៍ ផុត លេខ ផ្កាយ មាស ៥ និង ជា ប្រធាន ព្រឹទ្ធសភា ដែលមានទិសស្លោក « អំបុក ស្រូវ ថ្មី វាយ សត្រូវ ឈ្លានពាន » និងដោយបានការចង្អុលបង្ហាញពី លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ លោកបានដឹកនាំចលនាក្រុមគ្រួសារអាជ្ញាធរអគ្គិសនីកម្ពុជា រួមទាំងមន្ត្រីរាជការ ព្រះសង្ឃ និងប្រជាពលរដ្ឋស្រុកភ្នំក្រវាញ ដោយបានការចូលរួមពីក្រុមអតីតសិស្សវិទ្យាល័យទួលទំពូង បានរួមគ្នាដាល់អំបុក និងវេចខ្ចប់ស្បៀងអាហារជូនវីរកងទ័ព កងនគរបាល ដែលកំពុងការពារបូរណភាពទឹកដី និងពលរដ្ឋភៀសសឹក ដែលរងផលប៉ះពាល់ដោយសារសង្គ្រាមឈ្លានពាន ។
លោកបន្តថា ការ រៀបចំ ព្រឹត្តិការណ៍ ដាល់អំបុក នេះ មិនមែនត្រឹមតែជួយ ជា ស្បៀង ដល់ វីរ កងទ័ព នៅ ជួរ មុខ និងពលរដ្ឋភៀសសឹក ប៉ុណ្ណោះទេ គោលបំណងធំចម្បង គឺ ដើម្បី បង្ហាញ ពី ស្មារតីការរួបរួមសាមគ្គីភាព ឯកភាពជាតិ ស្នេហា ជាតិ មាតុភូមិ ខ្មែរជួយខ្មែរ ខ្មែរតែ១ ខ្មែររួបរួម ទើបខ្មែរខ្លាំង។
លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ដល់លោក យឹម វិសិដ្ឋ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានស្រុកភ្នំក្រវាញ ដែលបានដឹកនាំចលនា មន្ត្រីរាជការ ព្រះសង្ឃ និងប្រជាពលរដ្ឋស្រុកភ្នំក្រវាញ ធ្វើពិធីដាល់អំបុកនេះឡើង បង្ហាញអំពីកម្លាំងសាមគ្គីដ៏រឹងមាំនៅជួរក្រោយ ក្នុងការគាំទ្រយុទ្ធជនជួរមុខដ៏អង់អាចក្លាហានរបស់កម្ពុជា ពីសត្រូវថៃឈ្លានពាន។
លោកបានគូសបញ្ជាក់ថា គិតមកដល់ពេលនេះ ស្ថានភាពតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ ជាពិសេសនៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ប្រទេសកម្ពុជា ពុំទាន់មានភាពធូរស្រាលនៅឡើយ។ លោកបានជម្រុញដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ឱ្យបន្តបង្កើនការយកចិត្តទុកដាក់ត្រៀមបង្ការជាប់ជាប្រចាំ មិនត្រូវធ្វេសប្រហែសនោះឡើយ ហើយគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នឹងជួយដោះស្រាយជាស្បៀងអាហារ ដើម្បីជួយសម្រួលដល់ជីវភាពគ្រួសារវីរកងទ័ពជួរមុខជាប្រចាំ។
ក្នុងឱកាសនោះ លោក ខូយ រីដា បានអំពាវនាវឱ្យប្រជាជនកម្ពុជា និងសប្បុរសជនទាំងអស់ ត្រូវរួបរួមសាមគ្គីគ្នាក្នុងស្មារតីខ្មែរតែមួយ និងគាំទ្រលើកទឹកចិត្តដល់វីរៈកងទ័ពកម្ពុជា ដែលកំពុងប្រយុទ្ធទាមទារសន្តិភាព និងសេរីភាពពីការឈ្លានពានរបស់ថៃ ក្រោមការដឹកនាំប្រកបដោយយុទ្ធសាស្រ្ត របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។
គួរជម្រាបជូនថា គ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ របស់ក្រុមគ្រួសារអាជ្ញាធរអគ្គិសនីកម្ពុជា រួមទាំងមន្ត្រីរាជការ ព្រះសង្ឃ និងប្រជាពលរដ្ឋស្រុកភ្នំក្រវាញ ដែលត្រៀមប្រគល់ជូនវីរកងទ័ព កងនគរបាល និងពលរដ្ឋភៀសសឹក រួមមាន៖ ឈុតអំបុល(អំបុក+សាច់ផាត់+ហាយប៊ី) ៣,០៧០កញ្ចប់, បាយកំប៉ុង៤១កេស ស្មើនឹង២,០៥០កំប៉ុង, នំ៩០០ ចំនួន៥០កេស ស្មើនឹង២,០០០នំ, ស្ករផែន២២៥គីឡូក្រាម ស្មើនឹង២,២៥០ផែន និងក្រម៉ា១៤០ក្រម៉ា៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

















































