ព័ត៌មានជាតិ January 18, 2026

កម្ពុជាប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម

Nisaiy KP

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ជាថ្មីថា កម្ពុជាប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។

ការបញ្ជាក់ជំហរនេះត្រូវបាន ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ធ្វើឡើងក្នុងឱកាសធ្វើសេចក្ដីថ្លែងការណ៍ ស្ដីពី «បច្ចុប្បន្នភាពស្ដីពីការវិវត្តន៍ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ» នាព្រឹកថ្ងៃអាទិត្យ ១៥រោច ខែបុស្ស ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី ដោយបានបញ្ជាក់បន្ថែមថា កម្ពុជាមិនទទួលស្គាល់នូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយ។

សូមរម្លឹកជូនថា នៅយប់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មានមួយសម្តែងនូវការប្រឆាំងជំទាស់យ៉ាងខ្លាំងរបស់កម្ពុជាចំពោះសកម្មភាពរបស់កងកម្លាំងប្រដាប់អាវុធថៃ ដែលធ្វើឱ្យមានការកែប្រែនូវបរិយាកាសសន្តិសុខនៅក្នុងឬជុំវិញតំបន់ជនស៊ីវិល ពង្រឹងការគ្រប់គ្រងយោធា ឬបង្កើតស្ថានភាពថ្មីនៅលើទីតាំងជាក់ស្តែង ដែលជាមូលហេតុធ្វើឱ្យខូចដល់កិច្ចខិតខំប្រឹងប្រែងកាត់បន្ថយភាពតានតឹង និងរារាំងដល់ការវិលត្រឡប់របស់ជនស៊ីវិលទៅកាន់ផ្ទះសម្បែង និងទ្រព្យសម្បត្តិរបស់ពួកគេដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ។

ការណ៍នេះរួមបញ្ចូលទាំងការរាយបន្លាលួសនៅក្នុងតំបន់ច្រកទ្វារអន្តរជាតិថ្មដា ក្នុងខេត្តពោធិ៍សាត់ នៃប្រទេសកម្ពុជា កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦។ សកម្មភាពបែបនេះបង្កនូវក្តីបារម្ភយ៉ាងខ្លាំងចំពោះអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា ហើយពុំសមស្របទៅនឹងវិធានការកាត់បន្ថយភាពតានតឹង ដែលមានចែងក្នុងចំណុចទី១ នៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។

ជារឿងមានសារៈសំខាន់ដែលត្រូវគូសបញ្ជាក់ថា សេចក្តីប្រកាសរួម ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ត្រូវបានព្រមព្រៀងគ្នាថា ជាក្របខ័ណ្ឌគ្រប់ជ្រុងជ្រោយ និងគាំទ្រគ្នាទៅវិញទៅមក ដោយមានគោលបំណងចម្បងបន្ធូរបន្ថយស្ថានការណ៍ គាំពារ និងស្តារប្រក្រតីភាពនៃការរស់នៅរបស់ជនស៊ីវិល ព្រមទាំងការដោះស្រាយជម្លោះដោយសន្តិវិធី ហើយមិនមែនដើម្បីពង្រឹងវត្តមានយោធាឡើយ។

នៅក្នុងបរិបទនេះ កម្ពុជាអំពាវនាវឱ្យប្រទេសថៃអនុវត្តឱ្យបានពេញលេញ និងស្មោះត្រង់នូវគ្រប់ប្រការទាំងអស់នៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធនានា។ កម្ពុជាបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់ ព្រមទាំងប្រកាន់ខ្ជាប់នូវគោលការណ៍ថា ព្រំដែនមិនត្រូវបានកែប្រែដោយប្រើកម្លាំងនោះឡើយ៕ 

ប្រភព៖ ក្រសួងព័ត៌មាន