Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    សហគមន៍កសិកម្មចំនួន១៧ ទទួលបានការគាំទ្រពីគម្រោងពិពិធកម្មកសិកម្មកម្ពុជា(CASDP)សរុបជាទឹកប្រាក់ជិត៩លានដុល្លារ

    BY Naren January 29, 2026
    សហគមន៍កសិកម្មចំនួន១៧ ទទួលបានការគាំទ្រពីគម្រោងពិពិធកម្មកសិកម្មកម្ពុជា(CASDP)សរុបជាទឹកប្រាក់ជិត៩លានដុល្លារ

    គិតរហូតមកដល់ពេលនេះសហគមន៍កសិកម្មចំនួន១៧ ទទួលបានការគាំទ្រពីគម្រោងពិពិធកម្មកសិកម្មកម្ពុជា(CASDP)សរុបជាទឹកប្រាក់ជិត៩លានដុល្លារ ក្នុងនោះ ២,៧លានដុល្លារជាជំនួយឥតសំណង និងប្រមាណ៦លានដុល្លារទៀតជាកម្ចីដើមទុនការប្រាក់ទាប។នេះបើតាមការឱ្យដឹងពីសំណាក់ ឯកឧត្តម ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ។

        ឯកឧត្តម ឃឹម ហ្វីណង់ បានឱ្យដឹងនៅថ្ងៃទី២៩ ខែ មករា ឆ្នាំ ២០២៦ថាក្នុងចំណោមសហគមន៍ទាំង១៧នេះគឺមាន១១សហគមន៍ហើយ គឺជាសហគមន៍កសិកម្មទំនើប ក្នុងនោះខេត្តសៀមរាបមានរហូតដល់ទៅ៦សហគមន៍ ដែលជាចំនួនច្រើនជាងគេក្នុងចំណោមខេត្តទាំង៨ដែលទទួលបានអត្ថប្រយោជន៍ពីគម្រោងនៅក្នុងវគ្គនេះ។

          បើតាមមន្រ្តី អ្នកនាំពាក្យក្រសួងកសិកម្មបានឱ្យដឹងដែរថាសហគមន៍ទាំងនេះគឺជាក្រុមចុងក្រោយដែលទទួលបានការអនុម័តគាំទ្រការវិនិយោគ មុននឹងគម្រោងដែលដឹកនាំដោយក្រសួងកសិកម្មនិងគាំទ្រហិរញ្ញប្បទានដោយធនាគារពិភពលោកមួយនេះត្រូវបានបិទបញ្ចប់ជាផ្លូវការនៅក្នុងអំឡុងពេល៦ខែទៀត។ ដោយហេតុផលនេះហើយទើបក្រុមការងារសម្រេចរៀបចំពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាតែម្តងនៅក្រសួងកសិកម្ម ដើម្បីចំណេញពេលវេលា និងបង្កើនល្បឿនអនុវត្តផែនការវិនិយោគនៅតាមសហគមន៍នីមួយៗឱ្យបានទាន់ពេលនិងត្រឹមត្រូវទៅតាមនីតិវិធីតម្រូវ។

    គួរបញ្ជាក់ថាពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណងបំពេញបន្ថែមទុនវិនិយោគ រវាងគម្រោងពិពិធកម្មកសិកម្មកម្ពុជា និង សហគមន៍កសិកម្មត្រូវបានរៀបចំឡើងកាលពីថ្ងៃទី ២៨ ខែ មករា ឆ្នាំ ២០២៦កន្លងមក៕

    Share This Post: