កម្ពុជា-សិង្ហបុរី បន្តជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី
យោងតាម ក្រសួងព័ត៍មាន នាថ្ងៃទី ២៩ ខែមករា ឆ្នាំ ២០២៦ នេះបានឱ្យដឹងថា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម Vivian Balakrishnan រដ្ឋមន្ត្រីការបរទេសសិង្ហបុរី នាថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦នេះ បានជួបពិភាក្សាគ្នាដើម្បីផ្លាស់ប្តូរយោបល់លើការពង្រឹងទំនាក់ទំនងទ្វេភាគី និងបញ្ហាតំបន់-អន្តរជាតិដែលជាផលប្រយោជន៍រួម។ កិច្ចប្រជុំនេះ បានធ្វើឡើងនៅកោះសេប៊ូ។

ក្នុងជំនួបនេះរដ្ឋមន្ត្រីការបរទេសទាំងពីរបានកត់សម្គាល់ដោយការពេញចិត្តយ៉ាងខ្លាំងចំពោះកិច្ចសហប្រតិបត្តិការដែលមានស្រាប់លើគ្រប់វិស័យ និងបន្តស្វែងរកកាលានុវត្តភាពថ្មីៗដើម្បីពង្រីកទំនាក់ទំនងទ្វេភាគីឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត។
បន្ថែមពីនេះ ភាគីទាំងពីរក៏បានពិភាក្សាអំពីការងារត្រៀមរៀបចំដំណើរទស្សនកិច្ចរបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ទៅកាន់ប្រទេសសិង្ហបុរី ដែលគ្រោងនឹងប្រព្រឹត្តទៅក្នុងត្រីមាសទី១ នៃឆ្នាំ២០២៦នេះ៕


